រាជធានីភ្នំពេញ ៖ ជាច្រើនសប្តាហ៍មកហើយដែលស្រីស្អាត បេប៊ី បានបាត់វត្តមានពីស្ថានីយទូរទស្សន៍មួយដែលនាងបានកាន់តំណែងឈរជើងក្បែរ១០ឆ្នាំមកហើយ។ មានការលើកឡើងថា បេប៊ី សម្រេចចិត្តបិទទំព័រជាពិធីការិនីហើយ ដោយសារតែនាងមាជម្រើសមួយរុញបង្ខំឱ្យដើរដល់ចំនុចនេះ។

បេប៊ី ដែលមានឈ្មោះ ពិត ជុំ រចនាពេជ្រ បានក្លាយជាបុគ្គលិកសំខាន់មួយក្នុងផ្នែកពិធីការិនីប្រចាំការប្រគំតន្ត្រីធំៗរបស់ធីវីមួយ ដែលមហាជនបានដឹងរឿងមកហើយ។ នាងស្រឡាញ់ការងារនោះណាស់ ឈឺជាហេវហត់អស់កម្លាំងអ្វី ក៏ងើបធ្វើខ្លួនឡើងឆាកទាំងព្រឹកក៏មាន។ ប៉ុន្តែមានការលើកឡើងថា បេប៊ី បានដកខ្លួនលាឈប់ពីការងារនោះ ប្រកបដោយការនឹករលឹក។ នាងបោះបង់ចោលហើយ បន្ទាប់ពីគិតដិតដល់រឿងមួយច្បាស់លាស់។

ប្រភពមួយទៀតនិយាយថា បេប៊ី បាត់ឱកាសថតភាពយន្ត ដើម្បីពង្រឹងផ្មែកពិធីការិនីឱ្យល្អ បើទោះជាមានការហៅថត ក៏នាងលៃលកពេលមិនបាន។
ចំណែករឿងបោះបង់អាជីពនិយាយមេក្រូនេះ ត្រូវបានរូបនាងផ្ទាល់និយាយថា ចង់ចាប់មុខការងារផ្នែកអ្នកចម្រៀងឱ្យរឹងមាំវិញ។ នាងចង់ច្រៀងឱ្យលេចធ្លោ បន្ទាប់ពីបទចម្រៀង នៅក្នុងផលិតកម្មច្រៀងសម្តែង មានការគាំទ្រ។ អ៊ីចឹងហើយ ទើបនាងងាកទៅពង្រឹងការច្រៀង ស្របពេលមានក្រុមរាំ ហើយនាងសម្បូរក្បាច់រាំដែរនោះ ទើបងាយស្រួលប្រជែងទីផ្សារ។ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ