រាជធានីភ្នំពេញ ៖ បើទោះបីជាកម្ពុជាពុំរកឃើញនូវករណីវិជ្ជមាន ឬករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ពីរថ្ងៃជាប់ៗគ្នា ខណៈការព្យាបាលជាសះស្បើយបានកើនឡើងរហូតដល់៥០នាក់គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នេះក៏ថ្នាក់ដឹកនាំក្រសួងនៅបន្តណែនាំប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ននិងថែរក្សាអនាម័យឲ្យបានខ្ពស់ ។
នៅពេលសាកសួរថានេះជាជោគជ័យដ៏ប្រសើរមួយរបស់ក្រសួងសុខាភិបាលដែលបានខិតខំព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ បានជាសះស្បើយជាងពាក់កណ្តាលនៃអ្នកផ្ទុក ក៏ដូចជាការគ្មាននូវការឆ្លងថ្មីនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថា «យើងមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ត្រូវប្រយ័ត្ន ខ្ពស់ណាស់ក្នុងដំណាក់កាលនេះ ព្រោះទេីបតែពីរថ្ងៃមិនមានករណីថ្មី តាមបច្ចេកទេសគ្រាន់តែជាការបង្ហាញនូវប្រសិទ្ធិភាពអន្តរាគមន៌របស់យើងជាបណ្តើរៗ តែប៉ុណ្ណោះ តែស្ថានភាពនៅផុសស្រួយណាស់»។
លោកជំទាវបានថ្លែងបន្តថា «ទោះជាយ៉ាងណា យើងត្រូវធ្វើឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការចូលរួមពីបុគ្គលម្នាក់ៗនៅតែជាកូនសោរគន្លឹះនៃការវាយបកទៅលើការចម្លងវីរុសកូវីដ១៩ សំដៅទៅរកភាពជោគជ័ពិតប្រាកដបាន។ បើយើងភ្លេចខ្លួន សត្រូវនេះនឹងវាយលុកមកយើងវិញ ក្នុងរយ:ពេលដ៏ខ្លីបំផុត។ ពេលខ្លះ មានការស្ងប់ស្ងាត់បន្តិច តែក៏អាចមានការរាតត្បាតជាបន្តទៀតដែរ ដែលគេហៅថា second wave។ ដូច្នេះ ត្រូវបោះជំហានសកម្មទប់ស្កាត់ជាបន្តទៀត ទើបអាចសង្កត់សត្រូវវីរុសកូវីដ១៩នេះបាន»៕
ចែករំលែកព័តមាននេះ