រាជធានីភ្នំពេញ ៖ វីរុសកូវីដ-១៩ បានរីករាលដាលឥតឈប់ឈរដែលធ្វើឱ្យពិភពលោកទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលក្នុងនោះប្រទេសកម្ពុជា ក៏រងនូវផលប៉េះពាល់ នេះផងដែរ ហើយថែមទាំងមានអ្នកឆ្លងវីរុសដ៏កាចសាហាវនេះជាង១០០ករណីដែល តម្រូវឱ្យបិទសាលារៀនរដ្ឋ និងឯកជនមួយរយៈ បិទខារ៉ាអូខេ ក្លឹបកម្សាន្ត រោងកុន និងបៀរ ហ្កាឌិន ព្រមទាំងកាស៊ីណូទូទាំងប្រទេសផងដែរ ដើម្បីបង្ការការឆ្លង ។
នៅក្នុងពេលសម្រាកវិស្សមកាលតូចនេះ គ្រឹះស្ថានអប់រំឯកជនទាំងអស់បាននិងកំពុងប្រឹង ប្រែងបន្តការបង្រៀនពីចម្ងាយជូនសិស្ស-និស្សិតទាំងអស់ទៅតាមលទ្ធភាពដែលខ្លួនមាន ។ គ្រឹះស្ថានអប់រំស្ទើរទាំងអស់ ជាពិសេសគ្រឹះស្ថានដែលទទួលថ្លៃសិក្សាប្រចាំខែ និងត្រីមា សកំពុងជួបបញ្ហាប្រឈមជាច្រើនលើការបើកប្រាក់ឈ្នួលជូនបុគ្គលិក គ្រូបង្រៀន ថ្លៃឈ្នួលអគារ និងកាតព្វកិច្ចចំណាយផ្សេងៗទៀត ។
កាលពីពេលថ្មីៗមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យមានការយោគយល់គ្នារវាងម្ចាស់អគារ និងទីតាំង លើថ្លៃជួល ដែលបានជួលឱ្យអ្នករកស៊ីមួយចំនួន ដោយសម្តេចបានមានប្រសាសន៍ថា នៅក្នុងពេលនេះ គឺបានសេចក្តីថា ហាងនឹងត្រូវបិទទ្វារ រហូតគ្មានអ្នកណាជួលទៅថ្ងៃក្រោយ ប៉ុន្តែប្រសិនជាអនុគ្រោះឱ្យគ្នា ១ខែ ២ខែ ឬបញ្ចុះថ្លៃប៉ុណ្ណេះភាគរយ ឬ ៥០ភាគរយ ៦០ភាគរយ ឬ ៧០ ភាគរយ គឺយើងអាចរក្សាអតិថិជនឱ្យជួលត្រឡប់មកវិញ នៅពេលដែលសភាពការណ៍បានរើបម្រាស់ត្រឡប់មកវិញ ។
ជាមួយគ្នានេះដែរ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបាន អំពាវនាវឱ្យមានការយោគយល់ពីម្ចាស់អគារ និងបានអន្តរាគមន៍គោលនយោបាយជា ច្រើនដល់ធុរជនកម្ពុជា និងសូមអរគុណដល់ក្រសួងសុខាភិបាលដែលបាននិងកំពុងដឹក នាំការងារប្រយុទ្ធប្រឆាំងការរាលដាលនៃជំងឺកូវីដ ១៩ ព្រមទាំងសូមអរគុណដល់ក្រសួង អប់រំដែលបានផ្តួចផ្តើមដំណើរការ ការគាំទ្ររៀនពីចម្ងាយជូនសិស្សចំណេះទូទៅខ្មែរ ។
ដើម្បីនិរន្តភាពសាលារៀន ក៏ដូចជាស្ថេរភាពការងារបុគ្គលិក គ្រូបង្រៀនតាមគ្រឹះស្ថានអប់ រំឯកជន លោក ប៉ិច បូឡែន បានសូមឱ្យស្ថាប័នពាក់ព័ន្ធមេត្តាពិចារណាដល់វិស័យអប់រំ ឯកជនដែលកំពុងផ្តល់ការងាររាប់ម៉ឺននាក់ និងផ្តល់ការសិក្សាដល់សិស្ស-និស្សិតរាប់សែន នាក់ ជាវិស័យអទិភាពមួយផង និងសូមពិចារណាផ្តល់ជូនយន្តការពិសេសមួយចំនួន ដូច ខាងក្រោមជូនគ្រឹះស្ថានអប់រំឯកជន ៖
១- ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ឥណទានបន្ថែមដោយការបត់បែន និងយល់ យោគមួយ ។
២- ការលើកលែងការបង់ប្រាក់របបបេឡាសន្តិសុខសង្គម រហូតដល់ស្ថានភាពប្រសើរជា ថ្មី ។
៣- ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ២០% នៃប្រាក់ខែអប្បបរមា ១៩០ ដុល្លារដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនដែលអាចនឹងទទួលរងផលប៉ះពាល់ពីការកាត់បន្ថយបៀវត្ស ការព្យួការងារ ឬការផ្អាកសកម្មភាពអាជីវកម្ម ។
៤- ការពន្យារពេលការរៀបចំសៀវភៅការងារបុគ្គលិកបរទេសក្នុងអំឡុងពេលនេះ ។
៥- ផ្តល់ជូនកញ្ចប់ថវិកាសមរម្យណាមួយសម្រាប់គ្រឺះស្ថានអប់រំដែលរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ ១៩ សម្រាប់ដំណើការគ្រឹះស្ថានឡើងវិញ ។
៦- សូមម្ចាស់អគារទាំងអស់ដាក់ចិត្តយោគយល់ និងស្វែករកដំណោះស្រាយឈ្នះឈ្នះ មួយជាមួយម្ចាស់អាជីវកម្មក្នុងអំឡុងពេលនេះ ។
លោក ប៉ិច បូឡែន បានឱ្យដឹងថា «ខ្ញុំជឿថា យើងទាំងអស់គ្នា, រដ្ឋាភិបាល, ប្រជាជន, វិស័យរដ្ឋ និងឯកជន, សិស្សានុសិស្ស, មាតាបិតា, អ្នកអាណាព្យបាល និងគ្រឹះស្ថានអប់រំ យើងទាំងអស់គ្នាជាប្រជាជនខ្មែរពិតជាអាចយកជ័យជម្នះក្នុងការទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ នេះ ហើយនឹងអាចបន្តការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចប្រទេស យើងឱ្យរីកចម្រើនបន្តដូចចិត្តយើងចង់បានទាំងអស់គ្នា» ។
សូមបញ្ជាក់ផងដែរថា សហព័ន្ធសេវាអប់រំនៃកម្ពុជា បានចូលរួមជាមួយសម្តេចនាយក រដ្ឋមន្ត្រីក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ដោយបានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារ ហើយ Westline Education Group ក៏បានចូលរួមឧបត្ថម្ភចំនួន ១ម៉ឺន ដុល្លារផងដែរ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ