ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កំពុង​សម្លឹង​មើល​ទីផ្សារ​កម្លាំង​ពលកម្ម​កម្ពុជា​បន្ថែម​ទៀត​លើ​ជំនាញ​ថែទាំ​អគារ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រទេស​ជប៉ុន​កំពុង​សម្លឹង​មើល​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​កម្លាំង​ពលកម្ម​ខ្មែរ​ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ខណៈ​ប្រទេស​ជា​មិត្ត​របស់​កម្ពុ​ជាមួយ​នេះ មាន​គម្រោង​ត្រូវការ​ជ្រើសរើស​ពលករ​ជំនាញ​ពី​បរទេស​លើ​ផ្នែក​ថែទាំ​សំណង់​អគារ ប្រមាណ ៣​ម៉ឺន​នាក់​នា​ពេល​ខាង​មុខ​នេះ​។ នេះ​បើ​តាម​លោក ហ៊ី​រ៉ូ​ស្ស៊ី ហូ​រី​ហ្គូ​ឈិ​នាយក​គ្រប់គ្រង​សមាគម​ថែទាំ​អគារ​ជប៉ុន…

រាជធានី​ភ្នំពេញ​៖ ប្រទេស​ជប៉ុន​កំពុង​សម្លឹង​មើល​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​កម្លាំង​ពលកម្ម​ខ្មែរ​ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ខណៈ​ប្រទេស​ជា​មិត្ត​របស់​កម្ពុ​ជាមួយ​នេះ មាន​គម្រោង​ត្រូវការ​ជ្រើសរើស​ពលករ​ជំនាញ​ពី​បរទេស​លើ​ផ្នែក​ថែទាំ​សំណង់​អគារ ប្រមាណ ៣​ម៉ឺន​នាក់​នា​ពេល​ខាង​មុខ​នេះ​។ នេះ​បើ​តាម​លោក ហ៊ី​រ៉ូ​ស្ស៊ី ហូ​រី​ហ្គូ​ឈិ​នាយក​គ្រប់គ្រង​សមាគម​ថែទាំ​អគារ​ជប៉ុន ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​គណៈប្រតិភូ​នៃ​មូលនិធិ​គាំទ្រ​ការ​អប់រំ​អន្តរជាតិ​កម្ពុជា និង​សមាគម​ថែទាំ​អគារ​ជប៉ុន ដឹកនាំ​ដោយ​លោក ហ៊ី​រ៉ូ​ស្ស៊ី ហូ​រី​ហ្គូ​ឈិ នាយក​គ្រប់គ្រង​សមាគម​ថែទាំ​អគារ​ជប៉ុន កាលពី​ថ្ងៃ​ទី​២៦​មីនា​នៅ​ទីស្ដីការក្រសួង​ការងារ លោក ហ៊ី​រ៉ូ​ស្ស៊ី ហូ​រី​ហ្គូ​ឈិ មាន​ប្រសាសន៍​ថា ការ​ថែទាំ​អគារ គឺជា​កិច្ចការ​ជំនាញ​ចាំបាច់​មួយ​នៅ​ប្រទេស​ជប៉ុន ក្នុង​នោះ​មាន​ទាំង​ការ​ថែទាំ​អនាម័យ បរិស្ថាន ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព សោភ័ណ​ភាព​សំណង់ និង​កិច្ចការ​សម្អាត​ទាំង​ក្នុង​អគារ និង​បរិវេណ​ជុំវិញ​អគារ ដែល​មានការ​គាំទ្រ និង​ទទួលស្គាល់​ពី​ក្រសួង​សំណង់ និង​រាជរដ្ឋាភិបាល​ជប៉ុន រហូត​ដល់​មានការ​ចេញ​ច្បាប់​ពិសេស​មួយ​សម្រាប់​ប្រទេស​ជប៉ុន​ផង​ដែរ​។ បច្ចុប្បន្ន ទីផ្សារ​ការងារ​នេះ​កំពុង​មាន​តម្រូវការ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​។

លោក​បាន​គូសបញ្ជាក់​ថា «​ប្រទេស​ជប៉ុន​កំពុង​ពើបប្រទះ​នឹង​បញ្ហា​កំណើន​មនុស្ស​ចាស់​កើនឡើង​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ពេញវ័យ​កំពុង​មាន​កំណើន​យឺត​នោះ បាន​ធ្វើ​ឱ្យ​ប្រទេស​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ក្នុង​នោះ​ការងារ​លើ​ជំនាញ​ថែទាំ​អគារ​នេះ​ក៏​អាច​នឹង​ជួប​បញ្ហា​ដូច​គ្នា​។ ដូច្នេះ​ហើយ​បានជា​សមាគម ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស​យក​ទៅ​បំពេញការងារ​ក្នុង​ប្រទេស​ខ្លួន​។ បើ​តាម​ការ​វាយតម្លៃ​របស់​សមាគម ជំនាញ​ថែទាំ​អគារ​នេះ​មាន​តម្រូវការ​ដល់​ទៅ​ប្រមាណ ៩០​ម៉ឺន​នាក់ ក្នុង​នោះ​គេ​ត្រូវការ​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស​ប្រមាណ ៣០.០០០​នាក់​»​។

បើ​តាម​លោក ហ៊ី​រ៉ូ​ស្សី មក​ដល់​ពេល​នេះ សមាគម​ថែទាំ​អគារ​ជប៉ុន​របស់​លោក​មាន​សមាជិក​ប្រមាណ​ជាង ២.៨០០​ក្រុមហ៊ុន និង​មាន​បុ​គ្គិល​ធ្វើការ​ជា​ជនជាតិ​ជប៉ុន និង​ពលករ​មក​ពី​បរទេស​ប្រមាណ ១​លាន​នាក់់​។ កន្លង​ទៅ សមាគម​របស់​លោក​បាន​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ហ្វី​លី​ពី​ន ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​ទៅ​នេះ សមាគម​របស់​លោក​មាន​បំណង​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​កម្ពុជា​វិញ​ម្ដង​។

ក្នុង​ឱកាស​នោះ​ដែរ​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​បាន​ប្រគល់​ការងារ​ទៅ​ឱ្យ​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ការងារ ឱ្យ​សហការ​ជាមួយ​សមាគម​ថែទាំ​អគារ​ជប៉ុន​ឱ្យ​បាន​ជិត​ស្និទ្ធ និង​សហការ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​បញ្ជូន​ពលករ​របស់​កម្ពុជា ដើម្បី​ប្រកាស​ជ្រើសរើស បណ្ដុះបណ្ដាល​ភាសា​ជប៉ុន និង​ជំនាញ ប្រលង​តេស្ត និង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ។

​ចំពោះ​ទីតាំង​សម្រាប់​ការ​ប្រលង​តេស្ត ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ផ្ដល់​ជម្រើស​ចំនួន ២៖ ទី​១)- សមាគម​អាច​យក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ណាមួយ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រៀបចំ​ការ​ប្រឡង​តេស្ត ក្នុង​នោះ​ក្រសួង​មាន​គ្រឹះស្ថាន​ដែល​បណ្ដុះបណ្ដាល​ជំនាញ​លើ​ផ្នែក​សំណង់ អគ្គិសនី រថយន្ត​ចំនួន ៥​កន្លែង​និង​ទី​២)- សមាគម​ថែ​ទាំង​អគារ​ជប៉ុន​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​នៅ​កម្ពុជា ដើម្បី​ដំណើរការ​ការ​ប្រឡង​តេស្ត​សមត្ថភាព​។ ​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា « ចំពោះ​ការងារ​ជាក់ស្ដែង​យ៉ាងណា​នោះ សូម​ឱ្យ​សមាគម​ថែទាំ​អគារ​ជប៉ុន​សហ​ហ​ការ និង​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង និង​ក្រុមហ៊ុន​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​បន្ត​ទៀត ហើយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​ទទួលស្គាល់​ជា​ផ្លូវការ​តាម​ក្រោយ​»​។

​យោង​តាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជិត ១៥.០០០​នាក់ ដែល​ធ្វើ​នៅ​ក្នុង​វិស័យ​កសិកម្ម​, នេសាទ​, សំណង់​, កែ​ច្នៃ​ចំណីអាហារ ,​កាត់ដេរ ថែទាំ​មនុស្ស​ចាស់​, គ្រឿងយន្ត​-​លោហធាតុ និង​វិស័យ​ផ្សេង​ៗ​ទៀត​។ ប៉ុន្តែ​បើ​តាម​ការ​ស្នើ​របស់​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង នៅ​ចំពោះ​មុខ​គណៈប្រតិភូ​ជប៉ុន គឺ​សូម​ឱ្យ​ខាង​ជប៉ុន​បង្កើន​ការ​ទទួល​ពលករ​ពី​កម្ពុជា​ឱ្យ​បាន ១០០.០០០​នាក់ សម្រាប់​រយៈពេល​ខាង​មុខ​បន្ត​ទៀត ពីព្រោះ​កម្ពុជា​មាន​សក្ដានុពល​យ៉ាងច្រើន ដែល​សមាគម ក៏​ដូច​ជា​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​អាច​ជ្រើសរើស​កម្លាំង​ពលកម្ម​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ស្រាប់ និង​ប្រភព​ដែល​ត្រលប់​ពី​ក្រៅប្រទេស​បន្ទាប់​ពី​ពួក​គេ​ចប់​កិច្ចសន្យាការងារ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ