ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​កន្លែង​តាំងពិព័រណ៍​ត្អូញ​​ត្អែរ​រថា ពិតជា​ស្ងាត់​មនុស្ស (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​បានឱ្យ​ដឹង​ថា ការ​ចាប់​បើកដាក់​តាំងពិព័រណ៍ ជួល​តូប​ឱ្យ​អាជីវករ​លក់ដូរ​សម្ភារ ម្ហូបអាហារ និង​របស់របរ​ផ្សេង​ៗ​នៅ​ថ្ងៃ​ដំបូង គឺ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​បានឱ្យ​ដឹង​ថា ការ​ចាប់​បើកដាក់​តាំងពិព័រណ៍ ជួល​តូប​ឱ្យ​អាជីវករ​លក់ដូរ​សម្ភារ ម្ហូបអាហារ និង​របស់របរ​ផ្សេង​ៗ​នៅ​ថ្ងៃ​ដំបូង គឺ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ចាប់ផ្តើម​ដំណើរការ​ហើយ ស្ថិត​នៅ​ក្នុង​បរិវេណ​សួន​កុមារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

តែ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ភាគតិច​ចូល​ទៅ​ទិញ​របស់របរ​ទាំងនោះ រីឯ​អ្នក​លក់ដូរ​ខ្លះ និយាយ​​ត្អូញត្អែរ​ថា ពិតជា​ស្ងាត់​មនុស្ស មិនដឹង​ជា​គេ​ទៅ​ណា​អស់នោះ​ទេ ដោយ​លក់ដាច់​មួយ​ៗ ក៏​មាន​តូប​ខ្លះ​លក់​ស្ទើរតែ​អត់​ដាច់​សោះ ស្រប​ពេល​ដែល​វីរុស Covid-19 កំពុង​វាយលុក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​មានការ​ខ្លាចរអារ ពី​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។ ចំពោះ​អតិថិជន​ដែល​ចូល​ទៅ​កន្លែង​តាំងពិព័រណ៍ អ្នកខ្លះ​ពាក់​ម៉ាស​ការពារ​ឆ្លង​ជំងឺ ចំណែក​មនុស្ស​ភាគច្រើន គឺ​អត់​មានការ​ពាក់​ម៉ាស​ការពារ​អ្វី​នោះ​ទេ គឺ​នាំ​គ្នា​ដើរ​លេង​យ៉ាង​សប្បាយ​។

បើ​តាម​ប្រភព​ន​ពី​អាជីវករ​ម្នាក់​ឈ្មោះ រស្មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មក​ពី​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា លោក​ស៊ីឈ្នួល​លក់ដូរ​ទំនិញ​ឱ្យ​ថៅកែ​ម្នាក់​ដោយ​ក្នុង​១​យប់ គេ​ឱ្យ​កម្រៃ​៤០០០០​រៀល ហើយ​ការ​លក់ដូរ​នេះ មានកូន​កាបូប​តូច និង​កាបូប​ធំ សម្រាប់​មនុស្ស ប្រុស​ស្រី និង​លក់​ខ្សែ​ក្រ​វ៉ា​ត់​ជាដើម ។ ហើយ​ការ​លក់ដូរ​យប់​ដំបូង​នេះ អត់​សូវ​ដាច់​នោះ​ទេ លក់​បាន​ប្រហែលជា​១០​ភាគរយ​ប៉ុណ្ណោះ ពោល​គឺ​មិនសូវ​ឃើញ​មាន​អតិថិជន​មក​ទិញ ដោយ​ស្ងាត់​ជាង​រាល់ដង ។ ប៉ុន្តែ​បើ​តាម​លោក​គិត​ឃើញ​ថា ប្រហែលជា​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត អាច​នឹង​មាន​ភ្ញៀវ​ច្រើន​ចូល​មក​ទិញ​ទំនិញ​ទាំងនេះ​យក​ទៅ​ប្រើប្រាស់ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ សីហា អាយុ​២១​ឆ្នាំ មក​ពី​ខេត្តបាត់ដំបង​ដែរ បានឱ្យ​ដឹង​ថា លោក​ស៊ី​ឈ្នួល​លក់​សម្លៀក​បំពាក់​ឱ្យ​គេ ដោយ​១​យប់​ទទួល​បាន​កម្រៃ​ជាង​២០០០០​រៀល ។ ចំពោះ​ការ​លក់ដូរ​ដាច់ ឬ​មិន​ដាច់​ខាង​លោក​មិនដឹង​នោះ​ទេ ហើយ​ខាត ឬ​ចំណេញ គឺ​ថៅកែ​ជា​អ្នក​ទទួល​រ៉ាប់រង ។ លោក​បន្ត​ទៀត​ថា ចំពោះ​ការ​លក់ដូរ​នៅ​យប់​ថ្ងៃ​ដំបូង ហាក់ដូចជា​មានការ​ស្ងាត់​អតិថិ​ជន​បន្តិច ពោល​គឺ​មិនសូវ​មាន​ច្រើន ដូច​ការ​លក់​ក្នុង​ពិធី​តាំងពិព័រណ៍ ដូច​សព្វ​ដងនោះ​ទេ ។

បើ​តាម​សម្តី​ស្ត្រី​ឈ្មោះ ចិន អាយុ​៣៥​ឆ្នាំ មក​ពី​ខេត្តបាត់ដំបង ជា​អ្នកស៊ីឈ្នួល​លក់​ផ្លែ​កៅ ឡាក់​ឱ្យ​ថៅកែ​ខ្មែរ​ម្នាក់​បានឱ្យ​ដឹង​ថា ការ​លក់ដូរ​នៅ​យប់​ថ្ងៃ​ដំបូង​នេះ មានការ​ដាច់​កាក់កប​គួរសម​ដែរ ដោយ​ក្នុង​១​យប់​អាច​លក់​បាន​ចាប់ពី​១០​ទៅ​២០​គីឡូក្រាម ។ គាត់​បន្ត​ទៀត​ថា ១​គីឡូក្រាម​អាច​លក់​បាន​ថ្លៃ​ចាប់ពី​៣០០០០​រៀល​ទៅ​៣៥០០០​រៀល ព្រោះ​ផ្លែ​ឈើ​ប្រភេទ​នេះ នាំ​ចូល​មក​ពី​ជប៉ុន សម្រាប់​បំប៉ន​អវយវ​:​ផ្នែក​ខាងក្នុង ដូច​ជា​ក្រពះ ពោះវៀន ជួ​យស​ន្សុ​ត​ចរន្តឈាម ជួយ​សម្រួល​របួស​គ្រាំ​ក្នុង និង​ជួយ​សម្រួល​ក្នុង​ការ​បន្ទោ​របង់​លាមក​ជាដើម ។

ចំណែក​បុរស​ម្នាក់​ឈ្មោះ ហេង ជា​មេការ​ជួល​តូប​តាំងពិព័រណ៍​ខាងលើ បានឱ្យ​ដឹង​ថា ការ​តាំង​ពិព័រណ៍​នា​ពេល​នេះ មាន​ត្រឹមតែ​ចំនួន​៤២​តូប​ប៉ុណ្ណោះ ដោយ​ថៅកែ​ជួល​គេ​តូប​១ ក្នុង​តម្លៃ​៣០០​ដុល្លារ សរុប​ទាំងអស់​ចំនួន​១២៦០០​ដុល្លារ ដោយ​ធ្វើការ​លក់ដូរ​ក្នុង​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​២១ ខែមីនា ឆ្នាំ​២០២០ ទើប​បិទ​ការ​តាំងពិព័រណ៍ ។

លោក​បន្ត​ទៀត​ថា ការ​លក់ដូរ​នេះ មើលទៅ​ប្រហែលជា​មិន​រួចខ្លួន​ទេ ព្រោះ​នៅ​ថ្ងៃ​ដំបូង សង្កេត​ឃើញ​អត់​សូវ​មាន​អតិថិជន​ចូល​មក​ទិញ​ច្រើន​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ខាង​លោក​នឹង​រង់ចាំ​មើល​ថ្ងៃ​បន្តបន្ទាប់​ទៀត ក្រែង​មាន​អតិថិជន​ចូល​មក​ទិញ​ច្រើន បើ​លក់ដាច់​អាច​នឹង​ចំណេញ​ខ្លះ​ៗ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ