ខាត់ សុ​ឃី​ម លើក​ពី​ផលវិបាកនៃ​ក្រុម​តន្ត្រីសម័យ


រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បង្ហាញ​ភាព​ឈឺចាប់​ចំពោះ​ការ​វាយដំ​ទៅ​លើ​អ្នក​ច្រៀង អ្នកភ្លេង និង​ឧបករណ៍​តន្ត្រី នៅ​ពេល​ដែល​ពួក​គេ​សម្ដែង​ក្នុង​កម្មវិធី ផ្សេង​ៗ ។

អ្នក​នាង​ខាត់ សុ​ឃី​ម កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ ២០២០​និយាយ​ថា នាង​ពិតជា​ឈឺចាប់​នៅ​ពេល​ដែល​គេ​មើលងាយ​អ្នកសិល្បៈ តាម​រយៈ​សកម្មភាព​មិន​សមរម្យ ដោយ​អាង​ខ្លួន​មាន​លុយ​អាច​ជួល និង​ចង់​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត ដោយ​មិន​គិត​ពី​ផល​លំបាក និង​ឧបសគ្គ​នានា​ដែល​ក្រុម​វង់​តន្ត្រី​បាន​ជួប​ប្រទះ​។ មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ឧស្សាហ៍​ឃើញ​ភ្ញៀវ​វ៉ៃ​អ្នកចម្រៀង និង​ឧបករណ៍​ភ្លេង និង​មើលងាយ​អ្នកសិល្បៈ ដែល​សកម្មភាព​ទាំងនេះ​នាង​ពិតជា​ឈឺចាប់ ខណៈ​ពេល​ដែល​នាង​ក៏​ជា​អ្នកសិល្បៈ និង​មាន​វង់​តន្ត្រី​សម្រាប់​ជួល​ម្នាក់​ដែរ ។

នាង​ថា «​អ្នក​ច្រៀង​និង​លេងភ្លេង​ត្រូវ​គេ​វ៉ៃ ដោយសារ​ភ្ញៀវ​ខ្លះ ម្ចាស់​កម្មវិធី​ខ្លះ គាត់​កុម្ម៉ង់​បទ​នេះ បទ​នោះ​អត់​បាន ហើយ​សុំ​ថែម​ម៉ោង​មិន​បាន ដោយ​មិន​យល់​ពី​គ្នា​អ្នកលេង ព្រោះ​ពេល​ខ្លះ​គ្នា​ត្រូវ​ប្រញាប់​លេង​ចេញពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត ដោយ​ជា​ឧទាហរណ៍​ដោយសារ​បញ្ហា​នេះ​កន្លង​មក​មាន​វង់​តន្ត្រី​មួយ​បាន​ក្រឡាប់​រថយន្ត​ស្លាប់​អស់​ប៉ុន្មាន​នាក់ ដោយសារ​ការ​អត់ងងុយ​នេះ»​។

ខាត់ សុ​ឃី​ម ថា សម្រាប់​នាង​ជា​អ្នកសិល្បៈ​គឺ​ពិតជា​យល់​នូវ​អារម្មណ៍​មួយ​នេះ ហើយ​មួយ​វិញទៀត​តាម​រយៈ​បទ​ពិសោធន៍​ដែល​ធ្លាប់​បាន​ចេញ​ទៅ​សម្តែង​ជា​បន្តបន្ទាប់​ឃើញ​ថា បច្ចុប្បន្ន​វង់​តន្ត្រី​ខ្មែរ​ហាក់​មិនសូវ​បាន​លេង​យូរ​ដូច​វង់​តន្ត្រីសម័យ​នោះ​ឡើយ ។ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ម្ចាស់​កម្មវិធី​តែងតែ​កុម្ម៉ង់​ឲ្យ​មាន​វង់​តន្ត្រីសម័យ​លេង​កំដរ​ភ្ញៀវ​ញ៉ាំ​អាហារ​ពេល​ព្រឹក ដោយ​បំបាត់​ភ្លេងខ្មែរ ដែល​បញ្ហា​នេះ​ខ្ញុំ​មិន​យល់ អ៊ីចឹង​បើ​អាច​ចៀស​បាន​គួរតែ​ចៀស​ទៅ ហើយ​បើ​យើង​សំណូមពរ​តែឯង​គឺ​ទៅ​មិន​រួច »​។

បើ​តាម​អ្នក​នាង​ខាត់ សុ​ឃី​ម ប្រសិនបើ​មានឱកាស នៅ​ក្នុង​ពិធី​ជួបជុំ​អ្នកសិល្បៈ និង​សម្តេច​តេ​ជោ​នោះ នាង​នឹង​ឡើង​និយាយ​រឿង​នេះ ក៏​ដូច​ជា​សំណូមពរ និង​កង្វល់​ជូន​ដល់​សម្តេច​ដើម្បី​ឲ្យ​សម្តេច​បាន​យល់​ជ្រួតជ្រាប ហើយ​កុំ​ឲ្យ​មានរឿង​នេះ​កើត​ឡើងជា​បន្ត​ទៀត ។

មហាជន​លើក​ឡើង​ថា​បញ្ហា​ខ្លះ​កើតឡើង​ពី​ក្រុម​តន្ត្រី​ដែរ ដោយ​មិន​គោរព​តាម​អ្វី​ដែល​បាន​ព្រម​ព្រៀង​គ្នា និង​កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូច​ជា​ប្រញាប់ប្រញាល់​បិទ​មុន​ម៉ោង ដើម្បី​ទៅ​កន្លែង​ផ្សេង​ជាដើម ។ ខ្លះមក​ពី​ការ​ក្រអឺតក្រទម​មិន​បំពេញ​តាម​សំណូមពរ​ភ្ញៀវ ឬ​ម្ចាស់​កម្មវិធី ចំពោះ​រឿង​បន្តិចបន្តួច​ដែល​អាច​ធ្វើ​បាន តែ​មិន​ព្រម​ធ្វើ ។

ទាក់​ទ​តិ​ន​អ្វី​ដែល​ខាត់ សុ​ឃី​ម លើក​ឡើង​នោះ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​បុរស​ជា​ភ្ញៀវ​ម្នាក់​បាន​វ៉ៃ​ទាំង​អ្នកភ្លេង​បណ្តាល​ឲ្យ​រង​របួស​២​នាក់ ទាំង​ឧបករណ៍​តន្ត្រី​បណ្តាល​ឲ្យ​ខូចខាត​ខកខាន​រាំ​ទាំងអស់​គ្នា ដោយសារ​ស្រវឹងស្រា ហើយ​ស្នើ​សុំ​ច្រៀង​មិន​បាន​ដូច​បំណង​របស់​ខ្លួន ។

ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​២២ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​កម្មវិធី​មង្គលការ​មួយ​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ។

ដោយឡែក​កាលពី​អំឡុង​ឆ្នាំ​២០០៧ ក៏​មានរឿង​ស្រ​ដៀង​គ្នា​នេះ​កើតឡើង​ផង​ដែរ នៅ​រាជធានី​ភ្នំពេញ ដោយនៅ​ក្នុង​កម្មវិធី​មង្គលការ​មួយ នៅ​ពេល​ជិត​ចប់​កម្មវិធី​ការ​រាំ​កម្សាន្ត​ស្រាប់តែ​មានការ​ឈ្លោះប្រកែក​គ្នា រហូត​បង្ក​ហិង្សា ធ្វើ​ឱ្យ​តន្ត្រីករ​២​នាក់​រង​របួស ព្រមទាំង​មិន​ព្រមឱ្យ​ប្រាក់​ថ្លៃ​អក​កា​ដង់ ដោយសារ​តែ​ម្ចាស់​ដើមការ​កុំម៉ង់​ឱ្យ​ច្រៀង​បទ​«​រាំ​អ៊ីចេះ​» ទៅ​ចេញ​បទ «​បុណ្យ​ភូមិ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ