ឆ្នាំ២០២០ តន្ត្រីទេសចរណ៍ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ រចនាឆាកស្អាតកប់ខ្លាំងតែម្តង !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធី និងទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចាប់ផ្តើមដំណើរកម្សាន្តតន្ត្រីទេសចរណ៍ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ឆ្នាំ២០២០ នេះហើយ ដោយចាប់ផ្តើមពីខេត្តបាត់ដំបង ស្រុកបវេល ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ខាងមុខនេះ នៅបរិវេណបុរីវាលស្រែ ១០០ ចាប់ពីម៉ោង ៦ល្ងាចតទៅ ។
លោកក៏បានបង្ហាញគំរូរចនាបថឆាកតន្ត្រីដ៏ស្រស់ស្អាតខ្លាំងតុបតែងដោយភ្លើង ពណ៌ខៀវ លាយក្រហមបន្តិច រំលេចជាមួយទ្រង់ទ្រាយក្រឡាបាល់ទាត់ដែលមើលទៅហាក់បីដូចជាការប្រគំតន្ត្រីនៅលើទីធ្លាបាល់ទាត់មួយដោយមានចំណងជើងឈ្មោះកម្មវិធីប្រគំតន្ត្រីខាងលើថា WURKZ CITY TOUR CONCERT ហើយការរចនាឆាកនេះនឹងត្រូវរៀបចំឡើងសម្រាប់ការប្រគំតន្ត្រីទេសចរណ៍នេះតែម្តង ។

តន្ត្រីទេសចរណ៍នេះនឹងមានការចូលរួមសម្តែងពីតារាដែលជាគណៈកម្មការកម្មវិធី X-Factor Cambodia និងបេក្ខជនកំពូលៗមានដូចជា៖ ឱក សុគន្ធកញ្ញា, ខេមរៈ សេរីមន្ត, សុខ សីឡាលីន, ណុប បាយរិទ្ធិ, សំ សុវណ្ណារ៉ាក់, ចាន់ កូម៉ែន, ចាន់ សុបញ្ញា និង កែវ ចន្ទដាលីន រួមជាមួយ តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាយើងដូចជា លោក ឆន សុវណ្ណរាជ, ហ្សូណូ Step, អ្នកនាង ពេជ្រ សោភា, រ៉េត ស៊ូហ្សាណា, នី រតនា, លាង សុផាឡែន, កែវ សុបញ្ញា និង តារាចម្រៀងផ្សេងៗទៀតផងដែរ ។
លោក ម៉ៃឃើល សុវណ្ណ ក៏បានអញ្ជើញសាធារណជនពីបណ្តាខេត្តក្រុងនានាសូមចូលរួមទស្សនាដោយសេរី និងផ្ទាល់ឱ្យបានច្រើនកុះករ ។ កម្មវិធីនេះក៏មានផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស ផងដែរ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ