ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិនិង​វត្តនេះ ទាក់ទង​រឿង​នាង​ត្រចើល ដោះ​ក្រាល​កូន​តា​ដុ​ង យាយ​ជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល មាន​ភូមិ​មួយ​ឈ្មោះ​«​ភូមិ​ដំបូក​មាន​លក្ខណ៍​» និង​វត្ត​មួយ​ឈ្មោះ​«​វត្ត​លក្ខណា​រាម ហៅ​វត្ត​ដំបូក​មាន​លក្ខណ៍​» ។ ឈ្មោះ​ភូមិ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល មាន​ភូមិ​មួយ​ឈ្មោះ​«​ភូមិ​ដំបូក​មាន​លក្ខណ៍​» និង​វត្ត​មួយ​ឈ្មោះ​«​វត្ត​លក្ខណា​រាម ហៅ​វត្ត​ដំបូក​មាន​លក្ខណ៍​» ។ ឈ្មោះ​ភូមិ និង​វត្ត​នេះ ទាក់ទិន​នឹង​រឿង​«​តា​ដុ​ង យាយ​ជ័យ​» ។

រឿង​តា​ដុ​ង យាយ​ជ័យ ឬ​ប្រវត្តិ​ក្រុង​ឧដុង្គ និទាន​ពី​នាង​ត្រចើល​ដោះ​ក្រាល ជា​កូនស្រី​របស់​តា​ដុ​ង យាយ​ជ័យ រត់គេច​ខ្លួន​ចេញពី​ការ​ដេញ​តាម​ប្រលោម​សុំ​ស្នេហ៍​ពី​ព្រះរាជា ដែល​គង់នៅ​រាជធានី​លង្វែក ខណៈ​ដែល​ព្រះ​អង្គ​ចេញ​ក្រសាល​ព្រៃ បាន​ជួប​នាង​កំពុង​ធ្វើ​ដំណើរ​ម្នាក់ឯង​តាម​ផ្លូវ​ក្នុង​ព្រៃ​មួយ ។ ដោយ​ឃើញ​នាង​មាន​រូបឆោម​លោម​ពណ៌​ស្រស់​ស្អាត​ដូ​វ​ទេពធីតា ព្រះរាជា​ក៏​បាន​ដេញ​តាម​នាង​តាំងពី​តំបន់​ព្រៃ​ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​សព្វថ្ងៃ រហូត​ដល់​ចំណុច​វត្ត​លក្ខណា​រាម ហៅ​វត្ត​ដំបូក​មាន​លក្ខណ៍ ស្ថិត​នៅ​ក្នុងភូមិ​ដំបូក​មាន​លក្ខណ៍ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល​នេះ ។

នាង​ត្រចើល​ដោះ​ក្រាល បាន​រត់​រហូត​អស់កម្លាំង និង​បាន​ទៅ​ដល់​ដំបូក​១​នៅ​ក្នុង​ព្រៃ ដោយ​រត់​តទៅ​ទៀត​លែង​រួច នាង​ក៏​អធិដ្ឋាន រួច​បាន​រត់​ចូល​ពួន​ក្នុង​ដំបូក​នោះ ហើយ​ក៏​លាក់ខ្លួន​បាត់ ។ រីឯ​ព្រះរាជា​រក​ពុំ​ឃើញ​ឡើយ ទើប​មនុស្ស​ជំនាន់​នោះ​បាន​បង្កើត​វត្ត និង​ភូមិ​នៅ​ចំណុច​ដំបូក​នោះ ហើយ​ដាក់​ឈ្មោះ​ថា «​ដំបូក​មាន​ល​ក្ខ័​ណ​» រហូត​មក ។

ិនតែប៉ុណ្ណោះ​ក្រៅពី​ភូមិ និង​វត្ត​ខាងលើ ក្រោយ​ៗ​មក​ក៏​មានការ​កសាង​សាលារៀន​មួយ​ដាក់​ឈ្មោះ​ថា «​សាលា​បឋម​សិក្សា​វត្ត​ដំបូក​មាន​លក្ខណ៍​» ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង​ជាប់​របង​វត្ត និង​ស្ថិត​នៅ​ខាងកើត​ភូមិ​ខាងលើ​នេះ​។ ជាង​នេះ​ទៀត​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ វីរជន​ស្នេហា​ជាតិ​ដ៏​ល្បីល្បាញ​១​រូប​គឺ «​លោក​អារ្យ​ហែម ចៀវ​» ក៏​ជា​អតីត​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ព្រមទាំង​បាន​ធ្លាប់​គង់នៅ​ពេល​ដែល​លោក​បួស​ជា​សង្ឃ និង​បាន​កសាង​សមិទ្ធផល​សម្រាប់​វត្ត​មួយ​នេះ​ដែរ ព្រោះ​លោក​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​មួយ ស្ថិត​ជិត​វត្ត​នេះ​តែ​ម្ដង ។

យោង​តាម​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​៥ បាន​តំណាល​ថា សម័យ​ថ្ងៃមួយ​ព្រះរាជា​ដែល​គង់​សំចត​នៅ​ព្រៃ​បន្ទាយលង្វែក ព្រះ​អង្គ​ឡើង​គង់​លើ​អស្សពាហ៍​យាង​ចូល​ព្រៃ​ដោយ​មាន​សេនា​៤​នាក់ ដង្ហែ​ព្រះ​អង្គ​ទៅ​ផង ។ លុះ​ចូល​ដល់​ក្នុង​ព្រៃ​ជ្រៅ ស្រាប់តែ​ប្រទះ​ឃើញ​នាង​ត្រចើល​ដោះ​ក្រាល (​កូនស្រី​របស់​តា​ដុ​ង យាយ​ជ័យ )​បាន​ដើរ​ត្រាច់​តែ​ម្នាក់ឯង​ទៅ​លេង​ផ្ទះ​នាង​ទែន ដែល​ជា​ម្ដាយមីង​នៅ​ឯ​ខេត្តតាកែវ ។ ត្រង់​ព្រៃ​ដែល​ស្ដេច​ប្រទះ​នាង​នោះ អ្នកស្រុក​គេ​ហៅ​ថា ព្រៃ​ប្រទះ​នាង ដែល​ក្រោយមក​គេ​ហៅ​ក្លា​យមក​ថា ប្រទះ​ឡា​ង​ទៅ​វិញ ហើយ​ទីនោះ​សព្វថ្ងៃ​គឺ «​ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​» ។

ព្រះ​អង្គ​បាន​ទត​ឃើញ​នាង​មាន​រូបឆោម​លោង​ម​ពណ៌​ល្អ​ដូច​នាង​ទេពធីតា ទ្រង់​ក៏​លោត​ចុះ​ពី​លី​ខ្នង​សេះ យាង​ស​ម្ដៅ​ទៅ​រក​នាង ទ្រង់​លួងលោម​នាង​ដោយ​សេចក្ដី​ស្នេហា ។ ពេល​នោះ​នាង​ត្រចើល​ដោះ​ក្រាល មាន​សេចក្ដី​ភិតភ័យ​ណាស់ នាង​មិន​មាន​អ្វី​ឆ្លើយ​តប​ទៅ​ព្រះរាជា​វិញ​ទេ នាង​បែរជា​រត់​ត្រឡប់​មក​ក្រោយ​វិញ ។​ចំណែក​ព្រះរាជា និង​សេនា​៤​នាក់ ក៏​រត់​ដេញ​តាម​នាង ។ ដោយ​កម្លាំង​នាង​ជា​ស្រី​រត់​មិនសូវ​លឿន ហើយ​ដោយ​ព្រះរាជា​ដេញ​ប្រកិត​ជិត​ណាស់​មក​ផង នាង​បានឃើញ​ដំបូក​១ នៅ​ក្នុង​ព្រៃ​ពីមុខ​នាង ក៏​លើកដៃ​បួង​សួង​ថា «​បើ​ខ្លួន​នាង​ពិតជា​គូ​នឹង​ចៅ​ប្រមាញ់​វិងស៊ុង សូម​ឲ្យ​ចូល​ទៅ​ពួន​លាក់ខ្លួន​នៅ​ដំបូក​នេះ​ឲ្យ​បាត់​»​។

បួងសួង​ហើយ​នាង​រត់​ចូល​ទៅ​ពួន​លាក់ខ្លួន​នៅ​ដំបូក​នោះ ។ ព្រះរាជា និង​សេនា​៤​នាក់ ក៏​ទត​មើល​ពី​ចម្ងាយ​មក​ឃើញ​នាង​រត់​ចូល​ទៅ​ក្នុង​ដំបូក​នោះ​ដែរ តែ​លុះ​មក​ដល់​បែរជា​រក​នាង​ពុំ​ឃើញ​ទៅ​វិញ បានជា​ពាក្យ​ហៅ​ទីនោះ​ថា «​ដំបូក​មាន​លក្ខណ៍​»​។ កន្លែង​នេះ​ក្រោយមក អ្នកស្រុក​បាន​សាង​វត្ត ហៅ​វត្ត​ដំបូក​មាន​លក្ខណ៍ នៅ​ក្នុង​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល តែ​តាម​ពាក្យចាស់​ៗ​ជាន់​ដើម ទី​ត្រង់នេះ​គេ​ហៅ​ថា «​ត្រពោក​មាន​ល​ក្ខ័​ណ​» ។

ពេល​នោះ​ព្រះរាជា​ទ្រង់​ឆ្ងល់​នឹង​ដំណើរ​ដែល​នាង​រត់​មក​ពួន​បាត់​ខ្លួន​នៅ​ដំបូក​នោះ ក៏​ទ្រង់​ពិគ្រោះ​ជាមួយ​សេនា សេនា​៤​នាក់​ទូល​តប​វិញ​ថា «​ស្ត្រី​ដែល​មាន​រូបល្អ​អម្បាញ់មិញ​នេះ បានជា​រត់​មក​ពួន​បាត់​នៅ​ដំបូក​ដែល​ជា​កន្លែង​មិន​គួរ​ឲ្យ​នឹង​លាក់ខ្លួន​បាត់​យ៉ាង​ដូច្នេះ ដោយ​ព្រះ​អង្គ​ដេញចាប់​បង្ខំចិត្ត​នាង ប្រហែលជា​មាន​ទេវតា​ជួយ​យកអាសា​នាង​ជា​មិន​ខាន​» ហើយ​សេនា​ទូល​ថែម​ទៀត​ថា «​បើ​ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​នឹង​រូប​នាង សូម​ព្រះ​អង្គ​ចូល​ទៅ​ស្ដីដណ្ដឹង​នាង​ដល់​ឪពុក​ម្ដាយ​នាង​តាម​ប្រពៃណី​វិញ​» ។ ព្រះរាជា​ទ្រង់មាន​ព្រះ​បន្ទូល​ថា «​ចុះ​ធ្វើ​ម្ដេច​នឹង​បាន​ស្គាល់​ទីកន្លែង​ឪពុក​ម្ដាយ​នាង ?​» ។ សេនា​ក្រាប​បង្គំ​ទូល​ថា «​បើ​នាង​នោះ​ពិតជា​មនុស្សលោក​មែន ទូលព្រះបង្គំ​សួរ​រក​ទីកន្លែង​ឪពុក​ម្ដាយ​នាង​ថ្វាយ​ព្រះ​អង្គ នឹង​បាន​សម្រេច​តាម​ព្រះរាជ​បំណង​ជា​មិន​ខាន​»​។

ព្រះរាជា​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​សេនា​ទាំង​៤ នាក់​សព្វគ្រប់​ហើយ ទ្រង់​យាង​ចូល​ព្រះ​ពន្លា​វិញ​ទៅ ។ ចំណែកឯ​នាង​ត្រចើល​ដោះ​ក្រាល ក៏​បាន​រួចខ្លួន និង​បានរ​ត់ទៅ​ផ្ទះ​យក​រឿងរ៉ាវ​ដែល​កើត​មាន​ប្រាប់​ដល់​តា​ដុ​ង យាយ​ជ័យ ដែល​ជា​ឪពុក​ម្ដាយ​សព្វគ្រប់​ប្រការ ព្រមទាំង​ប្រាប់​ពី​ទំហំ​នៃ​សេចក្ដី​ស្នេហា​របស់​នាង​ចំពោះ​ចៅ​ប្រមាញ់​វិញ​ស៊ុ​ង ដែល​ជា​កូន​ព្រាន​វិ​ង ដល់​ឪពុក​ម្ដាយ​នាង​ផង​ដែរ ។ (​នៅ​មាន​ត​)

អត្ថបទសរសេរ ដោយ