រាជធានីភ្នំពេញ ៖ ក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងទទួលនូវបញ្ហាប្រឈមមួយចំនួនដោយសារតែការថមថយនៃវិស័យទេសចរណ៍ និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងនោះ កម្ពុជាបានពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត ជាមួយបណ្ដាប្រទេសជិតខាង និងប្រទេសជាដៃគូរ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កម្ពុជាបានជួបជាមួយធុរជនថៃប្រមាណ៤០០នាក់មកពីក្រុមហ៊ុនធំៗ ដើម្បីបង្ហាញពីសក្ដានុពលនិងឱកាសនៃការធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា ។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង់ ៧,១% ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយ ការកើនឡើងនៃចំណូលជាមធ្យមរបស់ប្រជាជនកម្ពុជាក៏ដូចជា កំណើនដ៏ឆាប់រហ័សនៃការវិនិយោគដោយផ្ទាល់ពីបរទេស ក្នុងនោះរួមមានការវិនិយោគដោយក្រុមហ៊ុនថៃផងដែរ ។
លោកបន្តថា ដើម្បីពង្រីកកំណើន និងទាក់ទាញការវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន រួមមានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលសង្កត់ធ្ងន់លើការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច វិនិយោគ និងអភិវឌ្ឍន៍ក៏ដូចជា ពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការជំរុញសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសគាំទ្រដល់ទីផ្សារដែលមានស្រាប់ ហើយក្នុងពេលតែមួយបង្កើតទីផ្សារថ្មី ពង្រឹងមូលដ្ឋាននាំចេញតាមរយៈការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ជាប្រភពនៃកំណើនដោយចីរភាព ដោយកាត់បន្ថយការពឹងផ្អែកលើការផ្ដល់នូវភាពអនុគ្រោះពន្ធគយជាឯកតោភាគី ។
លោកថា ៖« តាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាលក៏មានគោលដៅជាស្រេចក្នុងការប្រែក្លាយឧស្សាហកម្មកម្ពុជាពីការពឹកផ្អែកលើពលកម្មគ្មានជំនាញ មកជាឧស្សាហកម្មដែលមានជំនាញខ្ពស់នៅឆ្នាំ២០២៥ ។ ចំពោះក្រសួងពាណិជ្ជកម្មផ្ទាល់ ក៏មានយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែលសង្កត់ធ្ងន់លើការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកប្រយោជន៍ពីប្រភពនៃកំណើនថ្មីរួមទាំងបដិវត្តឧស្សាហកម្មទី៤ ជាដើម » ។
លោកប៉ាន សូរស័ក្តិ បានស្នើនិងអំពាវនាវឲ្យធុរជនថៃពិនិត្យ និងមកធ្វើវិនិយោគឲ្យបានកាន់តែច្រើនឡើងនៅប្រទេសកម្ពុជា ។ សម្រាប់គោលដៅវិនិយោគនៅកម្ពុជា វិស័យមានសក្ដានុពលរួមមានកសិ-ឧស្សាហកម្ម កែច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យមួយចំនួនទៀត ដែលក្រុមហ៊ុនថៃមានបទពិសោធន៍ និងជំនាញខ្ពស់ ។
ជុំរិន ឡាក់សៈណាក់ វិហ្ស៊ីត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កន្លងមកបានបញ្ជាក់ថា ភាគីថៃនឹងជំរុញអោយវិនិយោគិនមកពីថៃ មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត និងជំរុញអោយមានការចរាចរទំនិញរវាងកម្ពុជា និងថៃបន្ថេមទៀត ដើម្បីសម្រេចនូវគោលដៅរបស់ប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ