រាជធានីភ្នំពេញ ៖ មេសហជីពមួយរូបបានសម្តែងក្តីបារម្ភថា ការប្រកាសបិទរោងចក្រ ឬព្យួរការងារ បណ្តោះអាសន្នមួយចំនួនពីនិយោជក និងរាជរដ្ឋាភិបាលជារឿងគួរឲ្យព្រួបារម្ភ ពិសេសនោះកម្មករនិយោជិតតែម្តងដែលជួបបញ្ហា ។
លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ថាការប្រកាសបិទរោងចក្រ និងព្យួរការងាររបស់កម្ពុជាបណ្តោះអាសន្ននេះ បញ្ហាដែលជួបភ្លាមៗនៅពេលរោងចក្រព្យួរអត់ការងារធ្វើ យើងឃើញមានហេតុផលលំបាកបី ទី១- និយោជកជួបនឹងបញ្ហាចង្វាក់ផលិតកម្ម ។ ទី២-កម្មការនិយោជិត និងបាត់បង់ប្រាក់ចំណូលប្រចាំខែ ដោយសារអត់ការងារធ្វើ ព្រោះថា នៅក្នុងផ្លូវច្បាប់នីតិវិធីការព្យួរការងារគេ គ្រាន់តែឲ្យនិយោគផ្តល់ប្រាក់ខែ តែការស្នាក់នៅដល់កម្មករ ។
ដូច្នេះប្រាក់ផ្តល់ថ្លែស្នាក់នៅនេះតិចតូច ហើយបញ្ហានេះនឹងជះឥទ្ធិពលដល់កម្មករ ចំពោះការចំណាយរាល់ថ្ងៃ និងពិសេសនោះ គឺបំណុលធនាគា ។ និងទី៣- ជាឱកាសដល់អ្នកនិយោគដែលមានល្បិចកិច្ចខិលខូច ដោយឆ្លៀតឱកាសបិទទ្វាររោងចក្រ ដោយរត់ចោលមិនធ្វើការទូរទាត់សំណងដល់កម្មករ ។ ទោះបីសម្តែងក្តីបារម្ភលើបញ្ហានេះយ៉ាងណាក្តី លោក ប៉ាវ ស៊ីណា ក៏បានឲ្យដឹងថា រហូតមកដល់ពេលនេះមិនទាន់មានការជជែកពិភាក្សាគ្នាលើការដោះស្រាយជូនកម្មករនៅពេលបិទរោងចក្រ ឬព្យួរការងារកម្មករនៅពេលខាងមុខនោះទេ ។
លោកប៉ាវ ស៊ីណា ក៏បានគូសបញ្ជាក់ថា ៖«រឿងបិទរោងចក្រ ឬព្យួការងារនេះ ខ្ញុំគិតថា មិនមែនជារឿងតូចនោះទេ គឺប៉ះពាល់ធំ ហើយព្រួយបារម្ភព្រោះថា មុនពេលវិរុសកើតឡើង ឬការព្យួរ EBA ក៏មានការព្យួរការងារដែរ ដោយក្នុងមួយឆ្នាំមានប្រមាណពី១០ទៅ៣០រោងចក្រតាមរដូវកាល ។ ប៉ុន្តែរឿងនេះមិនមែនរឿងរស៊ើបទេ តែថ្មីនេះជារឿងរស៊ើប ព្រោះមានការប្រកាសផ្ទួនៗគ្នាពីតំណាងសមាគមរោងចក្រកាត់ដេរ និងតំណាងរាជរដ្ឋាភិបាលផង គឺជាទំហំប៉ះពាល់មួយមិនធម្មតា តែមិនដឹងកម្រិតណាទេ» ។
លោកបានគូសបញ្ជាក់ថា ៖«ក្រសួងត្រូវយកចិត្តទុកដាក់ ដោយស្នើទៅនិយោជកត្រូវផ្តល់លទ្ធភាពយ៉ាងណាមួយក្នុងកំឡុងពេលរោងចក្រព្យួការងារ ដោយទទួលបានប្រាក់ក្នុងកម្រិតណាមួយសម្រាប់ដោះស្រាយជូនជីវភាពកម្មករ ឲ្យបានសមរម្យ» ។ បើតាមលោក ប៉ាវ ស៊ីណាបានឲ្យដឹងថា នៅតាមរោងចក្រដែលសហជីពលោកធ្វើការនោះបានឲ្យដឹងថា មកដល់ពេលនេះមានរោងចក្រចំនួន៥បានប្រកាសថាបានប្រឈមមុខក្នុងការខ្វះវត្ថុធាតុដើម ហើយនឹងរងការបិទទ្វារ ឬព្យួរការងារកម្មករ ក្នុងនោះមានកម្មករ ប្រមាណ៧០០០នាក់ ។
ទោះបីជាមេសហជីពបានសម្តែងក្តីបារម្ភយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ត្រូវបានសារព័ត៌មានស្រង់សំដីផ្សាយថា ក្រសួងបានរៀបចំនូវយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់សម្រាប់ការដោះស្រាយបញ្ហានានា ជាពិសេសក្នុងករណីដែលអាចផ្អាកដំណើរការបណ្ដោះអាសន្នរបស់រោងចក្រមួយចំនួនដែល អាចកើតឡើងក្នុងកំឡុងខែមីនា ខាងមុខដោយសារកង្វះវត្ថុធាតុដើមមកពីប្រទេសចិន ស្របពេលដែលមានការផ្អាកដំណើរការរោងចក្រនៅចិនដោយសារការផ្ទុះឡើងនូវវីរុសកូរ៉ូណា ៕
ចែករំលែកព័តមាននេះ