ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា បដិសេធ​មិន​បាន​ធ្វើ​កញ្ជះ​​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការដល់​ស​ប្តា​ហ៍​ទី​៤​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការដល់​ស​ប្តា​ហ៍​ទី​៤​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែកុម្ភៈ ។ មេធាវី​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​អះអាង​ថា លោកកឹ​ម សុខា បាន​បដិសេធ​ក្នុង​សវនាការ​ថា​លោកមិន​បាន​ធ្វើ​កញ្ជះ​បរទេស​ណា​ទេ ក្នុង​ពេល​មានការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ក្នុង​សវនាការ​នា​ព្រឹក​នោះ ។

លោក ចាន់ ចេ​ន មេធាវី​មួយ​រូប​ក្នុង​ចំណោមមេធាវី​៩​រូបការ​ពារ​សិទ្ធិ​លោក កឹ​ម សុខា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​មុខ​សាលាដំបូង បន្ទាប់​ពី​ចប់​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ​ថា​តាម​ខ្សែ វី​ដេ​អូ​ដែល​បញ្ចាំង​នោះ លោក កឹ​ម សុខា ថា​មិនបាន​ធ្វើ​ជា​ខ្ញុំកញ្ជះ​បរទេស​ណា​ជា​ដាច់ខាត ។ នេះជា​ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា ទៅ​កាន់អង្គ​សវនាការ ក៏​ដូច​ជា​អ្វី​ដែល​លោក កឹ​ម សុខា បានថ្លែង​ក្នុង​វី​ដេ​អូ​ដែល​បាន​ចាក់​បញ្ចាំង​ពេញ​មួយ​ព្រឹក​នោះ គឺ​មិន​បាន​ធ្វើ​ជា​រណប​បរទេស ឬ​កញ្ជះ​បរទេស​ណា​ជា​ដាច់ខាត ។
ចំណែក​មេធាវី​តំណាង​រាជរដ្ឋាភិបាល លោក គី តិច មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ទេ ។

ចូល​ដល់​ស​ប្តា​ហ៍​ទី​៤​នេះ លោក កឹ​ម សុខា បានបង្ហាញ​វត្តមាន​ដោយ​មាន​ពាក់​ម៉ាស​ផង​ដែរ​ចុះ​ពីរថយន្ត​ហើយ​ដើរ​ចូល​អគារ​សាលាដំបូង​ទៅ​កាន់បន្ទប់​សវនាការ​ទី​១ ដើម្បី​បង្ហាញ​ភ័ស្តុតាង​ដោះបន្ទុក ។ ចំណែក​ក្រុម​មេធាវី​តំណាង​រាជរដ្ឋាភិបាល(​ដើមចោទ​) ដឹកនាំ​ដោយ​លោក​មេធាវី គី តិចបាន​ដឹកនាំ​ក្រុម​មេធាវី​ចំនួន​៣​រូប ដើម្បី​ចោទសួរលោក កឹ​ម សុខា និង​បាន​បង្ហាញ​ភ័ស្តុតាង​ជា​ច្រើនក្នុង​ការ​ដាក់បន្ទុក​លើ​លោក កឹ​ម សុខា ។

មានការ​កត់​សម្គាល់ថា នៅ​ក្នុង​សវនាការ​កាលពី​ស​ប្ដា​ហ៍​ទី​៣​កន្លង​មក ភាគី​ពាក់ព័ន្ធ​ក្នុងរឿង​ក្តី​បាន​ជជែក​ដេញដោល​គ្នា​យ៉ាង​តឹង​សរសៃក លើ​បញ្ហា​នៃ​ការ​ទទួលយក​ភ័ស្តុតាង ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ី​វិល ក្នុង​ការ​តាមដាន​កិច្ច​ដំណើរការ​នីតិវិធី​ជំនុំ​ជម្រះក្តី​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ និង​បញ្ហា​ខ្វះ​អង្គហេតុ​យក​មក​បង្ហាញ​ដើម្បី​ចោទប្រកាន់​លោក កឹ​ម សុខា ជុំវិញ​បទ​ស​ន្ទិ​ដ្ឋិ​ភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​នោះ ។

សហ​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា កាលពី​ថ្ងៃ​ទី​៣០ ខែមករា​កន្លង​ទៅ នៅ​តែ​ប្រកាន់​ជំហរ​ថា តុលាការ​នៅ​តែ​មិន​បង្ហាញ​អង្គហេតុ ដែលជាដើម​ចម​នៃ​ការ​ចោទប្រកាន់​លោក កឹ​ម សុខា ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ។ លោកស្រី ម៉េ​ង សុភា​រី សហ​មេធាវី​មួយ​រូប​របស់​លោក កឹ​ម សុខា បាន​ថ្លែង​ថា «​អង្គហេតុ​លុះត្រាតែ​មាន​អំពើ​ពិតប្រាកដ​ថា តើ​គាត់​បាន​ប្រព្រឹ​ត្ត​អ្វីខ្លះ? នៅ​ក្នុង​ឆ្នាំ​ណា ? ត្រូវ​យក​ភ័ស្តុតាង​ទាំងអស់​ហ្នឹង​មក​បង្ហាញ ។ ប៉ុន្តែ​យើង​ឃើញ​ថា ឥឡូវនេះ​ការ​សាកសួរ​ដេញ​ដោល​ហ្នឹង រហូត​ដល់​ឆ្នាំ​២០០៧​បាន​បញ្ចប់​ហើយ ប៉ុន្តែ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តើ​អំពើ​ដែល​គាត់​បាន​ធ្វើ​អ្វីខ្លះ​នៅ​ក្នុង​ឆ្នាំ​នោះ ។

បើ​ចោទ​គាត់​ថា ប្រព្រឹត្ត​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គួរតែ​បង្ហាញ​ថា​នៅ​ឆ្នាំ​នេះ​ជួប​ជាមួយ​បរទេស​ឈ្មោះ​នេះ ឬ​ក៏​រដ្ឋ ឬ​ក៏​ភ្នាក់ងារ​បរទេស​ឈ្មោះ​នេះ វេលា​ម៉ោង​ប៉ុណ្ណេះ នៅ​ថ្ងៃ​ទី​ប៉ុណ្ណេះ ឬ​ក៏​មាន​កិច្ចសន្យា ឬ​មាន​កិច្ចព្រមព្រៀង​គ្នា​ណាមួយ​ក្នុង​ការ​ឃុបឃិត​គ្នា យក​មក​បង្ហាញ​។ ប៉ុន្តែ អត់​មាន​!» ។ចំណែក​មេធាវី​តំណាង​រាជរដ្ឋាភិបាល លោក គី តិច អះអាង​ថា នៅ​មាន​ភ័ស្តុតាង​ដាក់បន្ទុក ដែល​នឹង​បង្ហាញ​នៅ​ក្នុង​សវនាការ​ស​ប្តា​ហ៍​នេះ ឬ​ស​ប្ដា​ហ៍​ខាង​មុខ ។ ក្នុង​សវនាការ​កាលពី​ស​ប្ដា​ហ៍​កន្លង​មកតុលាការ​ទុក​កៅអី​ចំនួន​១០​សម្រាប់​ឲ្យ​អ្នកសារព័ត៌មាន​និង​តំណាង​អង្គការ​សង្គម​ស៊ី​វិល ចូល​ទៅ​តាមដាន​ស្ដាប់​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនា ការ៕​

កែសម្រួលដោយ