ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្កើន​ការ​ខ្ចីប្រាក់​បរទេស​បន្ថែម​រុញ​ឱ្យ​បំ​ណុ​ល​កើន​ដល់​ជាង​៨​ពាន់​លាន​ដុល្លារអា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស​មាន​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បន្ត​បង្កើន​ការ​ខ្ចី​បន្ថែម​ប្រមាណ​១.៤០០​លាន​SDR (​ទ្រព្យ​បំរុង​អន្តរជាតិ​) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេដ្ឋកិច្ចជាតិ ជា​ហេតុ​ធ្វើ​ឱ្យ​បំណុល​របស់​កម្ពុជា​កើន​ហូត​ដល់​ជាង​៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​កមក​ដល់​ឆ្នាំ​២០២០​នេះ​។ ​ ក្រោយ​បញ្ចប់​វេទិការ​សាធារណៈ​ស្តី​ពី​ការ​គ្រប់គ្រង​ម៉ា​ក្រូ​សេ​ដ​ដ្ឋ​កិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​២០២០​កាលពី​ថ្ងៃ​ទី​៣០ ខែមករា…

រាជធានី​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស​មាន​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បន្ត​បង្កើន​ការ​ខ្ចី​បន្ថែម​ប្រមាណ​១.៤០០​លាន​SDR (​ទ្រព្យ​បំរុង​អន្តរជាតិ​) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេដ្ឋកិច្ចជាតិ ជា​ហេតុ​ធ្វើ​ឱ្យ​បំណុល​របស់​កម្ពុជា​កើន​ហូត​ដល់​ជាង​៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​កមក​ដល់​ឆ្នាំ​២០២០​នេះ​។

ក្រោយ​បញ្ចប់​វេទិការ​សាធារណៈ​ស្តី​ពី​ការ​គ្រប់គ្រង​ម៉ា​ក្រូ​សេ​ដ​ដ្ឋ​កិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​២០២០​កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​កម្ពុជា​បង្កើន​ការ​ខ្ចីប្រាក់​ពី​បរទេស​បន្ថែម​ដោយសារ​សេដ្ឋកិច្ចជាតិ​កើនឡើង​ហើយ​ប្រាក់​ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ក៏​មានការ​កើនឡើង​ដូច្នេះ​វា​មិន​មាន​ជា​បញ្ហា​ចោទ​ជា​ហានិភ័យ​នោះ​ទេ​។

​លោក វ​ង្សី វិស្សុត បាន​មាន​ប្រសាសន៍​ថា «​កំណើន​នេះ​មក​ពី​យើង​បង្កើន​ការ​ខ្ចី​កាលពី​ឆ្នាំទៅ​គឺ​យើង​បង្កើន​ការ​ខ្ចី​ដល់​១.៤០០​លាន​SDR ។​បើ​មើល​តួលេខ​វា​ឡើង​ដោយសារ​តែ​សេដ្ឋកិច្ច​របស់​យើង​វា​ឡើង ចំណូល​របស់​យើង​ក៏​កើនឡើង​ខ្លាំង​ដែរ ដូច្នេះ​វា​មិន​ចោទ​ជា​បញ្ហា​ជា​ហានិភ័យ​អ្វី​ទាំងអស់​។​នៅ​ក្នុង​ការ​ខ្ចីប្រាក់​ពី​បរទេស​នេះ​គឺ​ចិន​មាន​ចំណែក​ធំ​ជាងគេ​ប្រហែល​ជាង​៤៧%» ។ លោក​បាន​បញ្ជាក់​ថា «​កម្ចី​នៅ​ក្នុង​តួលេខ​ឆ្នាំ​២០២០​នេះ​យើង​ខ្ចី​ពី​ប្រទេស​ទ្វេភាគី​មាន​ប្រមាណ​២​ភាគ​៣ និង​១​ភាគ​៣​ខ្ចី​ពី​ស្ថាប័ន​អន្តរជាតិ​ពហុ
ភាគី​»​។

ការ​កំណត់​ពិ​ដាន​នៃ​ការ​ខ្ចី​សម្រាប់​ឆ្នាំ​២០២០ បើ​តាម​លោក ហាវ រតនៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គិតគូរ​និង​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​សំខាន់​ៗ​មួយ​ចំនួន ៖ ១)-​កំណើន​តម្រូវការ​ទុន​វិនិយោគ​ដ៏​កំ​ហុ​ក​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​សាធារណៈ ទាំង​ទំហំ បរិមាណ និង​គុណភាព​សម្រាប់​ជំរុញ​ការ​ហក់​ឡើង​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ដំណាក់កាល​ថ្មី​និង​ក្នុង​បរិបទ​នៃ​ភាព​មិន​ច្បាស់លាស់​, ២)-​គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​នៅ​ក្នុង​ឆ្នាំ​២០២០ គឺជា​គម្រោង​វិនិយោគសាធារណៈ​ក្នុង​វិស័យ​អាទិភាព​, ៣)-​ឥណទាន​ដែល​គ្រោង​ខ្ចី​សុទ្ធសឹងតែ​មាន​កម្រិត​សម្បទាន​ខ្ពស់​, ៤)-​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន​និង​ក្នុង​រយៈពេល​មធ្យម និង​វែង​នៅ​តែ​មាន​ចីរភាព​និង​មាន​ហានិភ័យ​កម្រិត​ទាប និង​៥)-​ការ​បន្ត​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​និង​ការ​អនុវត្តគម្រោង​។

​លោក​បាន​គូសបញ្ជាក់​ថា «​ជា​រួម​ក្នុង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​រាជរ​ដ្ឋា​ភិបាល​ប្រកាន់​ខ្ចប់​នូវ​គោលការណ៍​គន្លឹះ​ចំនួន​៥ ៖ ១)-​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប​ដែល​ស្ថានភាព​ថវិកា​និង​សេដ្ឋកិច្ច​អា​ទ្រាំទ្រ​បាន ,២)-​ខ្ចី​តែ​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់​, ៣)-​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​ឬ​ផលិតភាព​ផលិតកម្ម​, ៤)-​ប្រើប្រាស់​ឥណទាន​ប្រកបដោយ​តម្លា​ភា​ប គណនេយ្យ​ភាព​, ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់​បំផុត និង ៥)-​ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដែល​ត្រូវ​មាន​ស្តង់ដា និង​គុណភាព​ខ្ពស់​ស្រប​តាម​គោលការណ៍​នៃ​ការ​គ្រប់​គ្រង់​ការ​វិនិយោគសាធារណៈ ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ជាតិ​នៅ​ក្នុង​ដំណាក់កាល​ថ្មី ពិសេស​ធានា​បាន​នូវ​ចីរភាព​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​»​។

​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩(​ប៉ាន់ស្មាន​)​មាន​ប្រមាណ​៧.៦០៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​នោះ​ខ្ចី​ពី​ចិន​៤៧,៧%,​ជប៉ុន​៥,៤%,​សាធារណៈ​កូរ៉េ​៥,១%,​ទ្វេភាគី​ផ្សេង​ទៀត​២៧,៩%,
ពហុភាគី​៥,៨% និង​បំណុល​មរតក​ដែល​កំពុង​ចរចា​ដោះស្រាយ​៨,២%​។

បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស​នៅ​ក្នុង​រយៈ​ជិត​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​កម្ពុជា​ត្រូវការ​ខ្ចីប្រាក់​ពី​ខាងក្រៅ​កើន​ឡើងជា​បន្តបន្ទាប់​។​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៤​មាន​៥.២៧៩​លាន​ដុល្លារ​អា​មេ​រិ​ក​,​ឆ្នាំ​២០១៥​មាន​៥.៦៤៨​លាន​ដុល្លារ​អា​មេ​រិ​ក​,​ឆ្នាំ​២០១៦​មាន​៥.៨៦០​លាន​ដុល្លារ​អា​មេ​រិ​ក​,​ឆ្នាំ​២០១៧​មាន​៦.៦៦៩​លាន​ដុល្លារ​អា​មេ​រិ​ក​,​ឆ្នាំ​២០១៨​មាន​៧.០២១​លាន​ដុល្លារ​អា​មេ​រិ​ក​,​ឆ្នាំ​២០១៩​មាន​៧.៦០៦​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ឆ្នាំ​២០២០​គ្រោង​៨.៨៩៨​លាន​ដុល្លារ​អា​មេ​រិ​ក​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ