ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លួច​ដុត​ព្រៃ និង​ភ្លើង​ឆេះ​ព្រៃ​កើន​រហូត​ដល់​ជាង​១០​កន្លែង​នៅ​ខេត្ត​ប៉ៃលិន​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​បរិស្ថាន​ខេត្ត​ក៏​ដូច​ជា មន្ត្រី​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ (MJP) មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ព្រៃឈើ ខណ​:​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​លួច​ដុត​ព្រៃ​រាន​យក​ដី​ដាំ​ដំណាំ​ចម្ការ និង​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ខ្លួនឯង​ជាដើម ពិតជា​ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​មានការ​ឈឺក្បាល​វិលមុខ…

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​បរិស្ថាន​ខេត្ត​ក៏​ដូច​ជា មន្ត្រី​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ (MJP) មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ព្រៃឈើ ខណ​:​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​លួច​ដុត​ព្រៃ​រាន​យក​ដី​ដាំ​ដំណាំ​ចម្ការ និង​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ខ្លួនឯង​ជាដើម ពិតជា​ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​មានការ​ឈឺក្បាល​វិលមុខ និង​ខិតខំ​ចុះ​ល្បាត ព្រមទាំង​នាំ​គ្នា​ពន្លត់​យ៉ាង​សស្រាក់សស្រាំ ហើយ​រហូត​មក​ដល់​ពេល​នេះ មានការ​ឆេះ​ព្រៃ​ចំនួន​ជាង​១០​កន្លែង​ក៏​ត្រូវ​បាន​ជួយ​ពន្លត់​ទាន់​ពេលវេលា​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ចុង​ខែមករា និង​នៅ​ដើមខែ​កុម្ភៈ​នេះ ស្ថិត​នៅ​ចំណុច​អូរ​ស្លេវ​៥​កន្លែង ក្នុង​ក្រៅពី​នេះ គឺ​ឆេះ​នៅ​ក្នុងភូមិ​ដីក្រហម ភូមិ​អូរ​ប្រើស ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ដើមឆ្នាំ​២០២០​នេះ ករណី​ប្រជាពលរដ្ឋ​លួច​ដុត​ព្រៃ​រាន​យក​ដី និង​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​អភិរក្ស​មានការ​កើនឡើង​រហូត​ដល់​ជាង​១០​កន្លែង ដោយ​កន្លែង​ខ្លះ​ត្រូវ​បាន​គេ​លួច​ដុត​ព្រៃ ហើយ​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ទាន់​ពេលវេលា កន្លែង​ខ្លះ​ទៀត​ត្រូវ​កម្លាំង​បរិស្ថាន និង​មន្ត្រី​អភិរក្ស​សត្វព្រៃ (MJP) ចុះ​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា កន្លែង​ដែល​ភ្លើង​ឆេះ​ច្រើន​ជាងគេ គឺ​នៅ​ចំណុចដើម​គគី​ប្រហោង​ចំណុច​អូរ​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខណៈ​នៅ​តំបន់​នេះ​មាន​អ្នក​លួច​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ចម្ការ​ក៏​មាន​កាន់តែ​ច្រើន​ឡើង ។ លោក​បញ្ជាក់​ទៀត​ថា ពេល​ខ្លះ​ត្រូវ​គេ​លួច​ដុត​ថ្ងៃ ខណៈ​ស្ងាត់​មនុស្ស ហើយ​ក៏​មាន​គេ​លួច​ដុត​ពេល​យប់​បន្ទាប់​ពី​មន្ត្រី​របស់​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ តែ​ទោះបីជា​យ៉ាងណា​ឱ្យ​តែ​ខាង​លោក​ដឹង​ដំណឹង​ថា មាន​ករណី​ភ្លើង​ឆេះ​ព្រៃ គឺ​លោក​តែងតែ​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ទៅ​ជួយ​ពន្លត់ ដើម្បី​រក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់​តិច​តូច​ទាំងនោះ​ឱ្យ​នៅ​គង់វង្ស​បន្ត​ទៀត ។

លោក​ក៏​មាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា សូមកុំ​បន្ត​នាំ​គ្នា​លួច​កាប់ និង​ដុត​ព្រៃ​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន​ទៀត​ព្រោះ​វា​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​ដល់​សត្វ​ដែល​រស់នៅ​ក្នុង​ព្រៃ​ផង​ដែរ ។ ម្យ៉ាងវិញទៀត​បើ​អស់​ព្រៃឈើ​នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ​ខ្លាំង​ធ្វើ​ឱ្យ​បាត់​លំនឹង​អាកាសធាតុ​ជួនកាល​ក្លាយទៅជា​ខ្យល់ព្យុះ​ជាដើម ។

ដូច្នេះ​បើ​យើង​បំផ្លាញ​ធម្មជាតិ​នៅ​ពេល​ក្រោយ ធម្មជាតិ​នឹង​ធ្វើបាប​តបស្នង​មក​យើង​វិញ​ជាក់​ជា​មិន​ខាន ។ បើសិនជា​ពលរដ្ឋ​ចង់ឱ្យ​មាន​ភ្លៀង​ច្រើន ឬ​អាកាសធាតុ​មាន​លំនឹង​ត្រូវ​តែ​ខិតខំ​នាំ​គ្នា​បន្ត​ដាំ​កូន​ឈើ​នៅ​ជុំវិញ​ផ្ទះ​នៅ​តាម​ចម្ការ និង​ក្បែរ​ៗ​ដងផ្លូវ​តាម​ទី​សារ​ធា​ណ​ឱ្យ​ច្រើន ព្រោះ​រុក្ខជាតិ​ទាំងនោះ​អាច​ទាក់ទាញ​ទឹកភ្លៀង និង​មាន​លំនឹង​អាកាសធាតុ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ