រាជធានីភ្នំពេញ ៖ រោងកម្មករសំណង់របស់ការដ្ឋានសំណង់បុរីអ័រគីដេ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយបន្ទប់កម្មករចំនួន១៤០បន្ទប់ត្រូវបានបំផ្លាញទាំងអស់ស្រុង។
ហេតុការណ៍អគ្គីភ័យខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់បុរីអូគីអេ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមនគរបាលមូលដ្ឋានបានអោយដឹងថា រោងកម្មករដែលត្រូវភ្លើងឆេះនេះមានទំហំទទឹង១៩ម៉ែត្រគុណនឹងបណ្តោយ៤០ម៉ែត្រ ធ្វើអំពីដែកប្រក់សង្ក័សីមាន២ជាន់ សរុបចំនួន១៤០បន្ទប់។
តាមព័ត៌មានអោយដឹងថា មុនពេលកើតហេតុ ស្រាប់តែភ្លើងបានឆាបឆេះចេញពីរោងកម្មករយ៉ាងសន្ធោសន្ធៅ និងមានផ្សែងហុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ភ្លាមៗនោះ នគរបាលនិងអាជ្ញាធរក៏បានចុះទៅដល់កន្លែងកើតហេតុ ហៅរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍ដែរ តែដោយសារភ្លើងឆេះពេញបន្ទុក ធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យពុំអាចបាញ់ទឹកទប់ស្កាត់បាន បណ្តាលអោយរោងកម្មករទាំងមូលត្រូវភ្លើងឆេះរងការខូចខាតទាំងអស់ស្រុង ។
តាមនគរបាលអោយដឹងថា បន្ទាប់ពីអគ្គីភ័យខាងលើកើតឡើង ក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន OCIC ចំនួន៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃដដែល។
តាមនគរបាលបានអោយដឹងថា មូលហេតុដែលកើតមានអគ្គីភ័យខាងលើនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយភ្លើងឆេះរាលដាលដល់រោង និងបន្ទប់កម្មករអស់ទាំងស្រុង ប៉ុន្តែពុំបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ