ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីលួចកាច់សោម៉ូតូរបស់និស្សិតម្នាក់នៅផ្ទះជួល រួចនាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តចាត់ការបន្ត ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី២៩ ខែមករានេះ ស្ថិតនៅក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា នៅចន្លោះ ម៉ោង០២និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែមករានេះ ស្ថិតនៅចំណុចក្នុងបរិវេណផ្ទះជួលបន្ទប់ក្នុងភូមិតាវៀន សង្កាត់សាលា កំរើក ក្រុង-ខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណចំនួន០២ នាក់ ភេទប្រុស បានចូលធ្វើសកម្មភាពលួចកាច់សោក.ម៉ូតូមួយគ្រឿងម៉ាក ហ្ស៊ូមឺរអិច ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ធំ ១M- ៣២៨១ លេខតួ+លេខម៉ាស៊ីន ៥១០៣៤៨១ របស់ជនរងគ្រោះឈ្មោះ ឈុយ ឆេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ទីតាំងកន្លែងកើតហេតុខាងលើ ។
លោកបន្តថា ក្នុងខណៈពេលដែលជនរងគ្រោះខាងលើបានចតម៉ូតូនេះទុកនៅមុខបន្ទប់ជួល ហើយចាក់សោ.កម៉ូតូ រួចចូលទៅដេកក្នុងបន្ទប់បាត់ ស្រាប់តែភ្លឺឡើងបាត់ម៉ូតូក៏ទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកបានបន្ថែមទៀតថា បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចយើងក៏បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ព្រមទាំងបានឆែកកាមេរ៉ាសុវត្ថិភាពក៏កំណត់ផ្លាកលេខម៉ូតូ និងភិនភាគជនសង្ស័យដែលជិះធ្វើសកម្មភាពបានសម្រេច ។ លុះព្រឹកឡើងនៅថ្ងៃទី២៩ខែមករា ឆ្នាំ២០២០ ទើបកម្លាំងការិយាល័យជំនាញចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងក៏បានធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញាជនសង្ស័យដែលយើងកំណត់បានពីមុខកាមេរ៉ា សុវត្ថិភាព ហើយកម្លាំងយើងបានឈានដល់ធ្វើការឃាត់ខ្លួនបានម្នាក់ ក្នុងចំណោម២នាក់ រួចយកមកសួរនាំភ្លាមៗផងដែរ ។
លោកបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះមាន ឈ្មោះ សម សិទ្ធ ហៅជុំ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (កាច់សោ.កម៉ូតូ) ។ ក្រោយពីឃាត់ខ្លួនបានកម្លាំងយើងធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យរកឃើញម៉ូតូ និងខោអាវ ដែលជនសង្ស័យស្លៀកពាក់ធ្វើសកម្មភាពដែលយើងកំណត់បានតាមមុខកាមេរ៉ាសុវត្ថិភាពយកមកធ្វើការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ក្នុងថ្ងៃកើតហេតុម៉ូតូរបស់ខ្លួនត្រូវបានក្មួយថ្លៃឈ្មោះ ញ៉ា អាយុប្រហែលជាង២០ឆ្នាំ នៅភូមិជុំគ្នា (គេចខ្លួន) ខ្ចីជិះរហូតដល់ម៉ោង០២និង០០រំលងអធ្រាត្រ ទើបឈ្មោះ ញ៉ា យកម៉ូតូមកឱ្យខ្លួនវិញជាមួយនឹងបក្ខពួករបស់គេម្នាក់ទៀត ។ ចំណែកខោអាវដែលសមត្ថកិច្ចធ្វើការដកហូត គឺពិតជាខោអាវរបស់ខ្លួនពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍តាមនីតិវិធី និងបន្តការស៊ើបអង្កេតរកបក្សពួកបន្ថែមទៀតផងដែរ ៕
ចែករំលែកព័តមាននេះ