ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អាច​រស់នៅ​ទៀត​បាន​ទេ​​ ត្រូវ​តែ​ចេញ​ជា​បន្ទាន់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជាង​៧​ខែ​ហើយ ដែល​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​ដាក់​កំណត់​ឱ្យ​ម្ចាស់ផ្ទះ​ចំនួន​១២​គ្រួសារ ដែល​កំពុង​រស់នៅ​ផ្ទះល្វែង​នៅ​ចំណុច​ផ្សារឆ្នាំង ចាកចេញ​ជា​បន្ទាន់ ព្រោះតែ​សំណង់ផ្ទះ​លែ្វ​ង​នេះ ដែល​បាន​សាងសង់​ក្នុង​សម័យ​អាណានិគម​បារាំង…

ខេត្តកំពង់ឆ្នាំង ៖ គិត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជាង​៧​ខែ​ហើយ ដែល​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​ដាក់​កំណត់​ឱ្យ​ម្ចាស់ផ្ទះ​ចំនួន​១២​គ្រួសារ ដែល​កំពុង​រស់នៅ​ផ្ទះល្វែង​នៅ​ចំណុច​ផ្សារឆ្នាំង ចាកចេញ​ជា​បន្ទាន់ ព្រោះតែ​សំណង់ផ្ទះ​លែ្វ​ង​នេះ ដែល​បាន​សាងសង់​ក្នុង​សម័យ​អាណានិគម​បារាំង មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ថ្ងៃ​ណាមួយ​ជាយថាហេតុ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ អ្នក​រស់នៅ​ទាំង​១២​គ្រួសារ​នៅ​មិន​ទាន​ចាកចេញ​អស់​នៅឡើយ​ទេ ។

ទោះ​យ៉ាងនេះ​ក្តី អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ក៏​មិនដឹង​ធ្វើ​យ៉ាងណា​ដែរ ព្រោះតែ​ពួក​គាត់​អះអាង​ថា​ជា​កម្ម
សិទ្ធិ​របស់​គាត់ ព្រោះតែ​ពួក​គាត់​គ្មាន​លទ្ធភាព​ធ្វើ​ថ្មី​បាន ។ សូម​រំឭក​ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​សំណង់​អគារ​ចំនួន​១៣​ល្វែង ចាប់ពី​អគារ​លេខ​B134 ដល់​B147 ដែល​មាន​ប្រជាពលរដ្ឋ​១២​គ្រួសារ​កំពុង​រស់នៅ​បាន​បញ្ជាក់​ថា តាម​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​ធ្វើការ​សិក្សា​លើ​អគារ​ខាងលើ​នេះ អាច​នឹង​បាក់​ស្រុត រលំ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ព្រោះតែ​អគារ​នេះ​មាន​អាយុកាល​ប្រមាណ​ជិត​១០០​ឆ្នាំទៅ​ហើយ ហើយ​មាន​សភាព​ពុក​ផុយ​ដោយ​កន្លែង​ទៀត​ផង ។

ហេតុនេះ​ហើយ​បងប្អូន​ដែល​កំពុង​តែ​ស្នាក់​នៅ ត្រូវ​ចាកចេញ​ដោយ​មិន​ត្រូវ​ដេក​មិន​ត្រូវ​ចូល​ជ្រក ឬ​សម្រាក​ឡើយ និង​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​លក់ដូរ​ចាប់ពី​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៩​តទៅ ។ ក៏​ប៉ុន្តែ​តាំងពី​ពេល​ដាក់​ឱសានវាទ​នោះ មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៧​ខែ​មក​ហើយ ប្រជាពលរដ្ឋ​ទាំងនោះ​នៅ​មិន​ទាន់​ចាកចេញ​នៅឡើយ​ទេ ។

អភិបាលក្រុង​កំពង់ឆ្នាំង​លោក យិ​ន សា​វ៉េ​ន កាលពី​រសៀល​ថ្ងៃ​ទៅ​២៨ មក​រា ឆ្នាំ​២០២០ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង បាន​ជូនដំណឹង​ដល់​អ្នក​រស់នៅ​លើ​ផ្ទះល្វែង​ដែល​មាន​អាយុកាល​ដ៏​ចំណាស់​នេះ​រួច​ហើយ ប៉ុន្តែ​បើ​អ្នក​រស់នៅ​មិន​ព្រម​ចេញ លោក​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ បើ​មាន​គ្រោះថ្នាក់​សូមកុំ​បន្ទោស​អាជ្ញាធរ ព្រោះ​អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ពួក​គាត់​រួច​ហើយ ។

ទោះ​យ៉ាងនេះ​ក្តី តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​នៅ​តែ​អំពាវនាវ​ជា​ថ្មី ដល់​ម្ចាស់ផ្ទះ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​អគារ​ខាងលើ​នេះ សូម​មេត្តា​ចាកចេញ រក​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន ហើយ​សហការ​គ្នា​វាយ​អគារ​ចាស់​នេះ ចេញ​ហើយ​ធ្វើ​អគារ​ថ្មី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ចុះ ព្រោះ​ក្នុង​ចំណោម​ផ្ទះ​ទាំង​១៣​ល្វែង មាន​មួយ​ភាគ​ជា​អគារ​របស់​រដ្ឋ ដែល​អាជ្ញាធរ​ខេត្ត​ទើប​សុំ​កាត់​ចេញពី​បញ្ជីសារពើភ័ណ្ឌ​រួច​ហើយ​ដែរ ដើម្បី​ប្រគល់​ជូន​អ្នក​ដែល​បាន​កាន់កាប់​តាំងពី​ដើម​មក ។

គួរ​រំលឹក​ដែរ​ថា អគារ​ផ្ទះល្វែង​១៣​ល្វែង​ខាងលើ​នេះ គឺ​កសាង​សម័យ​អាណានិគមនិយម​បារាំង​ក្នុង​ឆ្នាំ​១៩៣១ មក​ដល់​ពេល​នេះ​មាន​អាយុកាល​៨៩​ឆ្នាំ​ហើយ​កំពុង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ជា​ខ្លាំង ។ អ្វី​ដែល​ជា​ប្រការ​គួរ​ឱ្យ​ព្រួយបារម្ភ​នេះ ប្រសិនបើ​អគារ​ទាំងនេះ​បាក់​រលំ​នោះ ពិត​ណាស់​ថា​នឹង​ក្លាយជា​មហា​សោក​នាដកម្ម​មួយ​ដោយ​ចៀស​មិន​ផុត ។ បងប្អូន​ប្រជាពលរដ្ឋ​គប្បី​ធ្វើការ​ដោះស្រាយ​ដល់​បញ្ហា​នេះ​ហើយ មិន​អាច​ផ្សងព្រេង​រស់នៅ​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់ពេលវេលា​បាន​នោះ​ទេ ។ ការ​ធ្វើ​លំនៅ​ឋាន​ប្រវាស់​ជា​មួយ​ធនាគារ​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ មិន​គួរ​ទាល់​តំរិះ​ទាល់គំនិត​រហូត​អគារ​ដ៏​ចំណាស់​នេះ​បាក់​សង្កត់ ទើប​ស្តាយក្រោយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ