រាជធានីភ្នំពេញ ៖ មេធាវីរដ្ឋាភិបាលបង្ហាញតាមឯកសារដាក់ជូនតុលាការលោក កឹម សុខា មិនអាចចៀសផុតពីទោសព្រហ្មទណ្ឌនោះទេ ព្រោះឯកសារទាំងនោះហាក់ដូចជាការដាក់បន្ទុកមកលើជនជាប់ចោទខ្លួនទៅវិញទេ ។ ពាក់ព័ន្ធនឹងបញ្ហាឯកសារនេះ លោកគី តិច មេធាវី តំណាងរាជរដ្ឋាភិបាលបានលើកឡើងថា ឯកសារទាំងនោះបានដាក់ដោយក្រុមមេធាវីការពារសិទ្ធិរបស់លោក កឹម សុខា កាលពីថ្ងៃទី២០ ខែមករានេះ ចំនួន៣៥ឃ្លីបវីដេអូ ។
លោកមេធាវី គី តិច បានបញ្ជាក់ថា តែជាការកត់សម្គាល់តុលាការលើកយកឯកសារនេះមកពិភាក្សាដេញដោលលើជនជាប់ចោទ បែរជាក្រុមមេធាវីការពារសិទ្ធិចង់រារាំង ឬរាំងខ្ទប់មិនឲ្យយកមកពិភាក្សាទៅវិញ ។ ព្រោះមេធាវីការពារសិទ្ធិជនជាប់ចោទគិតថា មិនបានដោះបន្ទុកបែរថែមបន្ទុកទៅកូនក្តីខ្លួនទៅវិញ ។ ទោះបីយ៉ាងណាលោកមេធាវីគី តិច បានអះអាងថា អង្គសវនាការបានពិភាក្សាលើវីដេអូវែងដែលបានដាក់ដោយលោក កឹម សុខា ។
លោកមេធាវីបន្តថា កិច្ចពិភាក្សានោះ ចាប់ពីឆ្នាំ១៩៩៣ ដល់ត្រឹមឆ្នាំ២០០៧សិន ។ លោកមេធាវី គី តិច បានបញ្ជាក់ថា មានភស្តុងតាងថ្មីមួយទៀត ដែលទើបបានទទួលក្នុងសំណុំរឿងលោក កឹម សុខា គឺលោកសម រង្ស៊ី បានចេញមុខមកប្រកាសថា គាត់សម រង្ស៊ី ជាមេក្លោងរបស់លោក កឹម សុខា ជាអ្នករៀបចំផែនការ និងរូបថតដាក់តាមបណ្តាញសង្គម និងបទសម្ភាសន៍ជាមួយវិទ្យុបរទេស ។ លោកមេធាវីគី តិច បានលើកឡើងថា ឯកសារទាំងនោះអាចដាក់បន្ទុកលើលោក កឹម សុខា និងលោក សម រង្ស៊ី ខ្លួនឯង ខណៈពេលដែលមេធាវីរដ្ឋាភិបាល និងតំណាងអយ្យការកំពុងស្វែងរក ។
ចំណែក លោក ចាន់ ចេន មេធាវីការពារលោក កឹម សុខា បានលើកឡើងថា ទោះបីជាមានវីដេអូដែលលោក កឹម សុខា បានថ្លែងមែន តែមិនមានចេតនាប្រើហិង្សា ដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះទេ ។ លោកមេធាវីបន្តថា បានតាមដានវីដេអូ និងខ្លឹមសារក្នុងឯកសារមិនបានធ្វើតាមការណែនាំរបស់គេនោះទេ ។ សហមេធាវីលោក កឹម សុខា ម្នាក់ទៀត គឺលោកស្រី មេធាវី ម៉េងសុធារីបានលើកឡើងថា ក្នុងរឿងព្រហ្មទណ្ឌមេធាវីមានសិទ្ធិក្នុងការដាក់ភស្តុតាងជូនតុលាការពិនិត្យមុនពេលចេញសាលក្រមពីសាលាដំបូងរហូតដល់ឧទ្ធរណ៍ និងតុលាការកំពូល ។ មេធាវីមានសិក្សាច្បាស់លាស់ មុនដាក់ជូនតុលាការ ដើម្បីពិនិត្យ ។
គួរបញ្ជាក់ថា តុលាការនឹងបន្តសវនាការសំណុំរឿងលោក កឹម សុខាទៀតនៅសប្តាហ៍ក្រោយ គឺថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ។ ហើយរយៈពេលបួនថ្ងៃកន្លងមកនេះ តុលាការបានត្រឹមពិនិត្យលើឯកសារឃ្លីបវីដេអូ និងសួរជនជាប់ចោទប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ