រាជធានីភ្នំពេញ ៖ មួយប្រាវចុងក្រោយនេះ តារាចម្រៀង នឿន នាគស៊ីណាត្រា ហាក់ប្រែប្រួលការងារច្រើន ពិសេសក្រោយពេលមកពីប្រទេសចិន។ លោកបានបង្ហាញមុខគូស្នេហ៍ ដោយនារីដ៏ស្រស់សោភារូបនោះក៏ជាតារាសិល្បៈម្នាក់ មានទេពកោសល្យ និងសម្តែងប៉ិនប្រសព្វ។ ថែមទាំងលេចឭថា ទាំង២អ្នកនឹងដឹកដៃគ្នាចូលរោងការឆាបៗខាងមុខ។

នឿន នាគស៊ីណាត្រា បានឲ្យដឹងថា ចេញទៅច្រៀងនៅចិនលើកដំបូងក្នុងឱកាសឆ្លងឆ្នាំសកល ២០១៩ ចូល ២០២០ នេះ លោកជោគជ័យហួសការរំពឹងទុក ដោយមានការទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនចិន ដែលជាម្ចាស់ផ្ទះ និងអ្នកសិល្បៈមកពីបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ហើយសហការគ្នាបានល្អណាស់។ ចំពោះការងារក្នុងស្រុកវិញឃើញថា មានសន្ទុះការងារប្លែកជាងមុនច្រើន ដោយសារបងប្អូនគាត់ពេញចិត្ត និងស្រឡាញ់រាប់អាន។

ចំណែកទាក់ទិននឹងស្នេហាវិញ លោកបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយកញ្ញាស៊ីម សេរីរ័ត្នមុនី ជាតារាសម្តែង និងជាពិធីការិនីម្នាក់ ហើយមានការងារនៅខាងក្រៅខ្លះ។ ដោយសារតែពួកយើងមានចំណុចល្អ ដូចជាអត្តចរិក បុគ្គលិកលក្ខណៈផ្សេងៗទៀតសមតាមចិត្តដូចគ្នា ទើបធ្វើឱ្យកម្រងស្នេហាយើងទៅមុខរឹងមាំ។

លើសពីនេះ គម្រោងរៀបការពិតជាមាន តែសុំលាក់សិន ចំពោះពេលវេលាកំណត់ចាំចេញប្រាកដជាផ្លូវការ ទើបប្រកាស។ ចំណែកដំណើរមង្គលការអាចនឹងគ្រោងអញ្ជើញតារាចូលរួមច្រើន ព្រោះលោកក៏បានបោះជំហានក្នុងសិល្បៈច្រើនឆ្នាំរួចមកហើយ។ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ