រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងនៅថ្ងៃទី ០៩ ខែមករា ម្សិលមិញនេះថាក្នុងន័យជួយដល់កសិករ សមាគមន៍ និងក្រុមហ៊ុនចិញ្ចឹមមាន់ក្នុងស្រុកជៀសផុតពីហានិភ័យធ្ងន់ធ្ងន់ដែលប៉ះពាល់ថ្លៃដើមនៃដំណើរការចិញ្ចឹមមាន់រស់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាត់វិធានការណ៍កាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេសមកកាន់កម្ពុជា ។
នាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ ២០១៩ មក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានពិនិត្យ ឃើញថា «កសិករ សមាគមន៍ និងក្រុមហ៊ុនចិញ្ចឹមសត្វ នៅកម្ពុជាបានជួបប្រទះ នឹងបញ្ហា ធ្លាក់ចុះតម្លៃមាន់រស់យ៉ាងគំហុក។ ពោលគឺថ្លៃដើមផលិតក្នុងមួយគីឡូក្រាម ត្រូវចំណាយអស់៥០០០រៀល តែចំពោះការលក់ ចេញមាន់រស់មានតម្លៃត្រឹមតែ៤៨០០រៀល ក្នុងមួយគីឡូក្រាម» ។
ប្រភពដដែលបានបន្តទៀតថា ទន្ទឹមនឹងមានគម្រោងកម្មវិធីជាច្រើន តាមរយៈទទួលបានហិរញ្ញប្បទានដៃគូនិងថវិកាជាតិជាបន្តបន្ទាប់ក្នុងការបណ្តុះបណ្តាល សហគមន៍ចិញ្ចឹមបក្សីនៅកម្ពុជា ហើយសមាជិកសហគមន៍មានក្តីសង្ឃឹមថាទទួលបានប្រាក់ចំណូល បានគ្រប់គ្រាន់ ក្នុងការដោះ ស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា ពេលបច្ចុប្បន្ន ។
ប្រភពដដែលបានបញ្ជាក់ថា «ដោយមើលឃើញពីសភាពការណ៍ខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកាត់បន្ថយ ចំនួនក្រុមហ៊ុន និងចំនួនកូតា នាំចូលមាន់រស់ ពីបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាពី១៣ក្រុមហ៊ុន មកត្រឹ មចំនួន៧ក្រុមហ៊ុនវិញ ដែលចំនួននាំចូលពីមុន៤៤០០០ក្បាលក្នុងមួយថ្ងៃ មកត្រឹម ១៧០០០ ក្បាលក្នុងមួយថ្ងៃ»។
ប្រកាសព័ត៌មានរបស់ក្រសួងដែលឆ្លើយតបទៅនឹងការផ្សព្វផ្សាយដោយសារព័ត៌មានមួយចំនួនមិនច្បាស់លាស់ពីវិធានការណ៍របស់ក្រសួង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា លទ្ធផលដែលទទួលបានក្រោយពីការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូល បក្សីពីបរទេសមានជាអាទិ៍៖
១)- តម្លៃមាន់រស់កើនឡើងបាន ល្អប្រសើរពី ៦៩០០ ទៅដល់ ៧៤០០រៀលក្នុងមួយគីឡូក្រាម,
២)- អ្នកចិញ្ចឹមបក្សី ប្រជាជន ក្រុមហ៊ុនចិញ្ចឹមបក្សីនិង សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគាំទ្រ និងកោតសរសើរចំពោះចំណាត់ការរបស់ក្រសួង លើការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតា នាំចូលមាន់រស់ពីបរទេសមកកាន់កម្ពុជា ដើម្បីលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមបក្សី ក្នុងស្រុក គ្រប់រូបភាព «ក្នុងការក្សាតុល្យភាពតម្លៃ មិនប៉ះពាល់ ដល់អ្នកចិញ្ចឹម និងជួយរក្សាកម្លាំងពល កម្មនិងកាត់បន្ថយការចំណាកស្រុក»,
៣)- បង្កើនទីផ្សារជូនអ្នកចិញ្ចឹមបក្សីក្នុងស្រុក,
៤)- គ្រប់គ្រងបានល្អប្រសើរនូវស្ថានភាព នៃការរាល ដាលនៃជម្ងឺឆ្លងបក្សី, ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ បានកំណត់អត្រាកំណើនផលិតផលសាច់កើន ៣% ក្នុងមួយឆ្នាំ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ