ខេត្តកំពង់ចាម ៖ «ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពនោះបានទាក់ទាញអ្នកវិនិយោគទុនពីបរទេសបង្កើតរោងចក្រនៅកម្ពុជាដោយបានបង្កើតការងារឲ្យប្រជាពលរដ្ឋ បានធ្វើការរហូតដល់រាប់ម៉ឺននាក់» ។ នេះជាប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ថ្លែងនៅក្នុងមីទ្ទីងរំលឹកខួបលើកទី៤១នៃទិវាជ័យជម្នះ៧ មករា ១៩៧៩-៧ មករា ២០២០ នៅទីវាលមុខសាលាខេត្តនាព្រឹកថ្ងៃទី៧ មករា ដោយមានប្រជាពលរដ្ឋសិស្សានុសិស្ស មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមប្រមាណជាង៧ពាន់នាក់។
លោកអ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងឲ្យដឹងថា ចាប់ពីពេលប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍មកដល់ថ្ងៃនេះមានរយៈពេល៤១ឆ្នាំហើយ ។ យើងបានពុះពារជំនះរាល់ឧបសគ្គនិងការលំបាកយ៉ាងច្រើនឥតគណនាឆ្លងកាត់បណ្ដាដំណាក់កាលប្រវត្តិសាស្ត្រដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែងជំនះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីសង្គ្រាមបំផ្លិចបំផ្លាញ និងរបបប៉ុល ពត ខិតខំស្ដារកសាងនិងអភិវឌ្ឍន៍មាតុភូមិចេញពីគំនរផេះផង់ និងពុះពារស្វែងរកសន្តិភាពនិងការផ្សះផ្សារជាតិ។
លោកអភិបាលខេត្តថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាការពារដាច់ខាតនូវឯករាជ្យអធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ហើយការប៉ុនប៉ងណាដែលធ្វើអោយកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យនិងនីតិរដ្ឋដោយដាក់បង្ខំឲ្យកម្ពុជាមិនអាចអនុវត្ត សូម្បីតែច្បាប់ជាតិរបស់ខ្លួននោះគឺពុំទទួលយកបានឡើយ ។ ការពិតជាក់ស្ដែងបានបង្ហាញហើយថាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា កំពុងត្រូវបានគោរពថែរក្សានិងលើកកម្ពស់ឥតឈប់ឈរនៅក្នុងផលប្រយោជន៍ របស់ជាតិនិងប្រជាជនកម្ពុជា ។ ដូច្នេះពុំមានមូលហេតុត្រឹមត្រូវណាមួយដែលមជ្ឈដ្ឋានខាងក្រៅខ្លះបានលើកឡើងដដែលៗ អំពីការស្ដារឡើងវិញនៅលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះទេ។
លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាមមានប្រសាសន៍ឲ្យដឹងថា ៤១ឆ្នាំបានកន្លងផុតទៅហើយព្រឹត្តិការណ៍នេះនៅតែមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា ហើយជ័យជម្នះ ៧ មករា ១៩៧៩ បានមកដោយសារឥស្សរជនជាច្រើនរូបរួមនឹងកងទ័ពស្ម័គ្រចិត្តវៀតណាមផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះបានអភិវឌ្ឍនៅតាមព្រំដែនជាប់ប្រទេសទាំងបី ក្នុងនោះមានថៃ វៀតណាម និងឡាវ ដែលមានព្រំប្រទល់ជាមួយនិងកម្ពុជាត្រូវបានធ្វើការអភិវឌ្ឍឲ្យមានការរីកចម្រើន។ មិនតែប៉ុណ្ណោះកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅរក្សាសន្តិភាពនៅឯបរទេសផងដែរ ។ សព្វថ្ងៃនេះកម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់ឈរលើមាគា៌មួយត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមនិងមិនអនុញ្ញាតឲ្យបក្សណាបុគ្គលណាមួយមកបំផ្លាញសុខសន្តិភាពនៅកម្ពុជា បានជាដាច់ខាត និងបានប្ដេជ្ញាចិត្តមិនឱ្យមានការវិលត្រឡប់មក វិញនៃរបបប្រល័យពូជសាសន៍ប៉ុល ពត នៅលើទឹកដីកម្ពុជាជាលើកទី២បានឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ