ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កើន​ឡើងជា​បន្តបន្ទាប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ថិរភាព​នយោបាយ​និង​សន្តិភាព កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​ស្ថិរភាព​សង្គម​រយៈពេល​វែង គឺជា​កត្តា​សំខាន់​បំផុត​ដែល​វិនិយោគិន​ជប៉ុន​សម្លឹង​មើល មុន​នឹង​បោះទុន​វិនិយោគ​លើ​ប្រទេស​ណាមួយ ។ ដោយសារ​ប្រទេស​កម្ពុជា​មាន​កត្តា​ទាំង​៣​ខាងលើ​នេះ បាន​ជំរុញ​ឲ្យ​ជប៉ុន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​កំណើន​ជា​បន្ដបន្ទាប់…

ខេត្តបន្ទាយមានជ័យ ៖ ស្ថិរភាព​នយោបាយ​និង​សន្តិភាព កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​ស្ថិរភាព​សង្គម​រយៈពេល​វែង គឺជា​កត្តា​សំខាន់​បំផុត​ដែល​វិនិយោគិន​ជប៉ុន​សម្លឹង​មើល មុន​នឹង​បោះទុន​វិនិយោគ​លើ​ប្រទេស​ណាមួយ ។ ដោយសារ​ប្រទេស​កម្ពុជា​មាន​កត្តា​ទាំង​៣​ខាងលើ​នេះ បាន​ជំរុញ​ឲ្យ​ជប៉ុន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​កំណើន​ជា​បន្ដបន្ទាប់ ។

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​៨ ធ្នូ កន្លង​មក រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​កម្ពុជា បាន​លើក​ឡើង​ថា បច្ចុប្បន្ន កម្ពុជា​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​១១៥ ក្នុង​នោះ​ជាង​១០​ជា​ក្រុមហ៊ុនកាត់ដេរ​សម្លៀក​បំពាក់ គ្រឿង​អេ​ឡិច​ត្រូ​និក និង​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត និង​ម៉ូតូ ។

លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​កម្ពុជា​រូប​នេះ បាន​ថ្លែង​ថា ៖« ក្នុង​ចំណោម​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​វិនិយោគ​ចំនួន​១១៥​នោះ ភាគច្រើន​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ។ ដោយឡែក នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​៨​កន្លែង​, រាជធានី​ភ្នំពេញ​មាន​ប្រមាណ​៣០​កន្លែង​, ក្រុង​បា​វិត ខេត្តស្វាយរៀង និង​ខេត្ត​ព្រះ​សីហ​នុ កំពុង​ដំណើរការ » ។

លោក​បន្ដ​ថា ៖« ការ​ចាប់​ដំណើរការ​របស់​ក្រុមហ៊ុន Techno Park Poi Pet នា​ពេល​នេះ អាច​ចាត់​ទុក​ថា​ជា​មេដែក និង​ជា​កម្លាំង​ច​លករ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាក់ទាញ និង​ស្រូប​យក​ក្រុមហ៊ុន​វិនិយោគ​ដទៃ​ទៀត​មក​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​កូ ប៉ោយ​ប៉ែ​ត ជា​ពិសេស​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន ដែល​មាន​សកម្មភាព​ក្នុង​វិស័យ​ផលិត​សម្ភារ​បរិ​ក្ខារ អេ​ឡិច​ត្រូ​និក និង​គ្រឿង​បង្គុំ​រថយន្ដ ។ សកម្មភាព​ទាំងនេះ​មិន​ត្រឹមតែ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​វិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​បាន​រួម​ចំណែក​​ផ្ទេរ​នូវ​ចំណេះ ជំនាញ បទ​ពិសោធន៍​ការងារ និង​ជា​ពិសេស​បាន​បង្កើត​នូវ​ការងារ​ជា​ច្រើន​កន្លែង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នា​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​ខាង​មុខ ព្រមទាំង​បាន​ចូលរួម​ចំណែក​ដល់​ការ​អនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ផង​ដែរ » ។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​ឈី មាន​ប្រសាសន៍​ដែរ​ថា ៖« ដោយ​បានការ​គាំទ្រ និង​សហប្រតិបត្តិការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ហើយ​វិនិយោគិន​ជប៉ុន​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ » ។

លោក​ឯកអគ្គរាជទូត ក៏​បាន​ថ្លែង​កោតសរសើរ​ពី​កិច្ច​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​កូ ប៉ោយ​ប៉ែ​ត និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាម​រយៈ​ក្រុមហ៊ុន Techno Park Poi Pet តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ នឹង​បន្ដ​ទាក់ទាញ​វិនិយោគិន​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល ។

លោក​បញ្ជាក់​ថា ៖« ក្នុង​នាម​រដ្ឋាភិបាល​ជប៉ុន លោក​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​កំណើន​បន្ថែម​ទៀត » ។

លោក អ៊ុ រាត្រី អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ៖« ក្រុង​ប៉ោយ​ប៉ែ​ត​បាន​កែប្រែ និង​ឈាន​ឡើង​ផ្នែក​សេដ្ឋកិច្ច ដែល​មាន​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សម្រាប់​នាំ​ទំនិញ​ចេញចូល និង​ភ្ញៀវ​ទេសចរ ហើយ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៤​គឺ តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​, សាន​កូ​, លី​អ៊ុត​នី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត ដែល​មាន​រោងចក្រ​ចំនួន​១៤ កំពុង​ដំណើរការ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៨​កន្លែង ដែល​មាន​កម្មករ​-​កម្មការិនី​ប្រមាណ​៦.៨៦៣​នាក់ និង​កាស៊ីណូ​១០​កន្លែង » ។

សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​កន្លង​មក​ថា ជប៉ុន​បាន​វិនិយោគ​លើ​មូលដ្ឋាន​សំខាន់​ៗ រយៈពេល​វែង​នៅ​កម្ពុជា​រួច​ហើយ ។

បច្ចុប្បន្ន វិនិយោគិន​ជប៉ុន​បាន​វិនិយោគ​សាងសង់​ខុន​ដូ សណ្ឋាគារ អា​ផាត​មិន ការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីលាន​វាយ​កូន​ហ្គោ​ល ក៏​ដូច​ជា​សេវាកម្ម​ហិរញ្ញវត្ថុ​នានា ។ តាម​រយៈ​មូលដ្ឋាន​ទាំងនេះ គឺជា​ភាព​ចាំបាច់​សម្រាប់​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឲ្យ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា នា​ពេល​អនាគត​កាន់តែ​ច្រើន ។

លោក​ថា ៖« ការ​បើក​ជើងហោះហើរ​ត្រង់​របស់​អាកាសចរណ៍ ANA កាលពី​ចុងឆ្នាំ​មុន គឺជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​ជប៉ុន​-​កម្ពុជា ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត » ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​និយាយ​នា​ពេល​កន្លង​មក​ថា កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​ទាក់ទាញ​វិនិយោគិន ហើយ​វិនិ​យោគិន​មុន​នឹង​មក​វិនិយោគ​នៅ​ប្រទេស​ណា ពួក​គេ​មើលទៅ​លើ​កត្តា​ចំនួន​៣ ដូច​ជា ស្ថិរភាព​នយោបាយ​និង​សន្តិភាព កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​ស្ថិរភាព​សង្គម​រយៈពេល​វែង ។ លោក​បន្ត​ថា កម្ពុជា​កំពុង​សម្រេច និង​រក្សា​បាន​នូវ​ស្ថិរភាព​ទាំង​៣​ផ្នែក​នេះ ដែល​ជួយ​ឲ្យ​កម្ពុជា​ក្លាយជា​ទីតាំង​សម្រាប់​វិនិយោគិន​មក​ពី​ជុំវិញ​ពិភពលោក ។

គួរ​កត់​សម្គាល់ថា បច្ចុប្បន្ន គម្រោង​វិនិយោគ​ជប៉ុន​ដែល​បាន​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ចំនួន​១១៥​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​បង្កើត​ការងារ​ប្រមាណ​៣៦.០០០​កន្លែង ។ ដោយឡែក នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣ ដែល​ទទួល​បាន​គោល​ការណ៍​វិនិយោគ​ពី​រាជរដ្ឋាភិបាល និង​មាន​ក្រុមហ៊ុន​វិនិយោគ​សរុប​ចំនួន​១៥ ដោយ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​៣.៥០០​កន្លែង ។

ធនាគារពិភពលោក ក៏​ដូច​ជា​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​មក​លើ​ស្ថានភាព​សេដ្ឋ​កិច្ច​កម្ពុ​ជានា​ពេល​កន្លង​ទៅ គឺជា​ការ​ផ្ដល់​នូវ​ទំនុកចិត្ត​បន្ថែម​ទៀត​ដល់​វិនិយោគិន​បរទេស មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ ។ បច្ចុប្បន្ន វិនិយោគិន​មក​ពី​បណ្ដា​ប្រទេស​ក្រៅ​តំបន់ បាន​កំពុង​ស្វែងរក​ការ​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ដែល​កត្តា​ទាំងនេះ​ហើយ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ផ្ដល់​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ