ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​ផ្សព្វផ្សាយអំពី​តម្លៃ​ទឹក​ថ្មី​ដល់​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ សីហា កន្លង​មក បាន​ចុះ​ផ្សព្វផ្សាយ​អំពី​តម្លៃ​ទឹក​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កុ​ល​ក្រស្នារ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ សីហា កន្លង​មក បាន​ចុះ​ផ្សព្វផ្សាយ​អំពី​តម្លៃ​ទឹក​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កុ​ល​ក្រស្នារ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នា​ឱកាស​នោះ ក៏​មានការ​ត​បណ្តាញទឹក​ស្អាត​ដល់​ប្រជា​ពល​ដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​ផង​ដែរ ។

លោកស្រី ងិ​ន ច​ន្ទ្រា អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ទទួល​បន្ទុក​ការងារ​អាជីវកម្ម បាន​ឲ្យ​ដឹង​ថា ការ​ផលិត​ទឹក​ស្អាត​របស់​អគ្គនាយកដ្ឋាន គឺ​មានគុណ​ភាព​អាច​ពិសា​ផ្ទាល់​ពី​ក្បាល​រ៉ូ​ប៊ី​ណេ ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ហើយ​មាន​តម្លៃ​ទាប​ជាង​ថ្លៃដើម​ផលិត​ទៅ​តាម​ការ​ប្រើប្រាស់​ជាក់ស្តែង ។

លោកស្រី​បន្ត​ថា តម្លៃ​ទឹក​ស្អាត​ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដាក់​ឲ្យ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៧​នោះ គឺ​តម្លៃប្រែប្រួល​ទៅ​តាម​បរិមាណ​ប្រើប្រាស់ ក្នុង​នោះ​បើ​បរិមាណ​ប្រើប្រាស់​មិន​លើស​ពី​៣​ម៉ែត្រ​គីប​ក្នុង​១​ខែ គឺ​មាន​តម្លៃ​៤០០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ បើ​បរិមាណ​ប្រើប្រាស់​មិន​លើស​ពី​៧​ម៉ែត្រ​គីប​ក្នុង​១​ខែ គឺ​មាន​តម្លៃ​៥០០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ បរិមាណ​ប្រើប្រាស់​មិន​លើស​ពី​១៥​ម៉ែត្រ​គីប គឺ​មាន​តម្លៃ​៧៧០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ បរិមាណ​មិន​លើស​ពី​៥០​ម៉ែត្រ​គីប គឺ​តម្លៃ​១.០១០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ បើ​លើស​ពី​៥០​ម៉ែត្រ​គីប គឺ​មាន​តម្លៃ​១.២៧០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។

លោកស្រី​បន្ថែម​ថា ចំពោះ​ស្ថាប័នរដ្ឋ និង​តំណាង​ចែកចាយ គឺ​គ្រប់​បរិមាណ​ប្រើប្រាស់​ទាំងអស់​មាន​តម្លៃ​១.០៣០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ ដោយឡែក ទីតាំង​អាជីវកម្ម សេវាកម្ម ឧស្សាហកម្ម អង្គភាព​ស្វយ័ត និង​អ្នកលក់​បន្ត គឺ​មាន​តម្លៃ​តាម​បរិមាណ​ប្រើប្រាស់​ដូច​ជា បើ​ប្រើប្រាស់​មិន​លើស​ពី​១០០​ម៉ែត្រ​គីប មាន​តម្លៃ​៩៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ បើ​ប្រើប្រាស់​ពី​១០១​ដល់​២០០​ម៉ែត្រ​គីប មាន​តម្លៃ​១.១៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។ បើ​ប្រើប្រាស់​ពី​២០១​ដល់​៥០០​ម៉ែត្រ​គីប មាន​តម្លៃ​១.៣៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប​។ ចំណែក​ការ​ប្រើប្រាស់​លើស​ពី​៥០០​ម៉ែត្រ​គីប​ឡើង​ទៅ គឺ​មាន​តម្លៃ​១.៤៥០​រៀល​ក្នុង​១​ម៉ែត្រ​គីប ។

លោកស្រី​ក៏​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ច្បាស់លាស់​អំពី​តម្លៃប្រើប្រាស់​ទឹក​ដូច​ករណី​ខាងលើ និង​កុំ​ឲ្យ​ភ័ន្ត​ច្រឡំ​អំពី​តម្លៃ​ទឹក​ថា កើនឡើង ។ ដូច្នេះ មាន​ន័យ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​កាត់​បន្ថយ​ការ​លំបាក និង​ភាព​ក្រីក្រ​របស់់​ប្រជាពលរដ្ឋ ៕