កូរ៉េខាងត្បូង ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់កូរ៉េខាងត្បូង (KCDC) បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ១៦៨ករណី កាលពីថ្ងៃសុក្រដែលក្នុងនោះមាន ១០ករណីត្រូវបាននាំចូលពីខាងក្រៅ។
លោក Kwon Joon-wook អនុប្រធាន KCDC បានថ្លែងក្នុងសន្និសីទខ្លីមួយថា ចំនួននេះធ្វើឱ្យចំនួនឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២១,០១០ករណី។ មានអ្នកជំងឺចំនួន ១៥៩នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬ គ្រោះថ្នាក់នៅឡើយ។
ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ ក្នុងប្រទេសមានចំនួន ៣៣៣នាក់។ រហូតមកដល់ពេលនេះមានករណីដែលត្រូវបានបញ្ជាក់ចំនួន ១,១៥៦ករណី ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងព្រះវិហារសារ៉ាងជឺអ៊ីលរបស់ក្រុងសេអ៊ូល ហើយ ៥១០ករណីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងសេអ៊ូលកាលពីថ្ងៃទី១៥ ខែសីហា។
លោក Kwon បានបន្ថែមទៀតថា វិធានការរឹតត្បិតការឃ្លាតឆ្ងាយពីសង្គមក្នុងកម្រិតទី៣ ដែលជាកំរិតកម្រិតជាតិខ្ពស់បំផុត ត្រូវតែជាជម្រើសចុងក្រោយ ហើយជម្រុញឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្នដូចជាជៀសវាងការប្រមូលផ្តុំគ្នាច្រើនជាដើម៕
ចែករំលែកព័តមាននេះ