រាជធានីភ្នំពេញ ៖ តើវគ្គថ្មីនេះមានអ្វីអស្ចារ្យ ហើយធ្វើឲ្យអ្នកទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាដែរទេ? ពីមួយវគ្គ ទៅមួយវគ្គ រីករាយប្លែកអារម្មណ៍ជានិច្ច នៅក្នុងកម្មវិធី «បងធំ ប្អូនប្រុស» ដែលជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មី មិនធ្លាប់មានពីមុន ជាមួយតារាភាពយន្តដ៏ល្បីលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គមលោក ហេង វិសាល។
ដំណើរផ្សងព្រេងវគ្គថ្មីនេះ រឹតតែវិសេសវិសាល អារម្មណ៍ស្រស់ស្រាយជាមួយទេសសភាពព្រៃភ្នំដ៏ស្រស់ត្រកាលក្នុងទឹកដីខេត្តរតនគិរី។ បង រិនដារ៉ូ និងវិសាល ទទួលបានបទពិសោធន៍ថ្មីក្នុងឆាកជីវិត ដោយការធ្វើដំណើរទៅលេងបឹងយក្សលោម និងភូមិភ្នំនៅក្នុងខេត្តនេះ ដើម្បីយល់ដឹងពីការរស់នៅ ទំនៀមទំលាប់ វប្បធម៌ អាហារ និងរៀនពីភាសារបស់បងប្អូនជនជាតិដើមភាគតិច (ទំពួន)។ ចំណែកបង រិនដារ៉ូ ភ័យមិនស្ទើរ នៅពេលក្រុមការងារតម្រូវឲ្យគាត់បង្ហោះកាមេរ៉ាដ្រូន ថតយកទិដ្ឋភាពនៅទីនោះ ដោយការធ្វើបែបនេះជាលើកដំបូងរបស់គាត់។
តារាទាំងពីរនេះបានស្គាល់ពីរសជាតិជីវិតងូតទឹកឲ្យសត្វដំរីនៅកន្លែងទឹកធ្លាក់ផងដែរ។ គួរឲ្យចាប់អារម្មណ៍មែននៅរតនគិរី ដែលជាខេត្តទី7 សម្រាប់ដំណើរបេសកកម្មរបស់បងប្អូនទាំងពីរ ដើម្បីស្គាល់ពីជីវិតពិត ធ្វើអ្វីថ្មីៗមិនធ្លាប់ធ្វើពីមុន ហើយគ្រប់វគ្គនីមួយៗបង្ហាញឲ្យឃើញតាមរយៈសកម្មភាពដ៏រស់រវើក របស់តារាទាំងពីរដួងនេះ ដោយជួបនឹងស្ថានភាពតក់ស្លុត និងរំភើប។
ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។ ជួបជាមួយ ទេព រិនដារ៉ូ និងហេង វិសាល និងក្នុងកម្មវិធី «បងធំ ប្អូនប្រុស» ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ 5 នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00 យប់ ដល់ 8:30 នាទី យប់។ ចុចទីនេះ ដើម្បីទស្សនាវីដេអូសាច់រឿងទាំងមូល៕ ដោយសហការ (កែ សម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ