ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA រាយការណ៍នាថ្ងៃទី២៣តុលាថា មេដឹកនាំប្រទេសលោកគីមជុងអ៊ុនបានទៅបំពេញទស្សនកិច្ចមួយនៅភ្នំKUMGANGស្ថិតនៅឆ្នេរសមុទ្រខាងកើតរបស់ប្រទេស ហើយលោកបានរិះគន់យ៉ាងខ្លាំងដល់ការចំណុះតែលើកូរ៉េខាងត្បូង ក្នុងការគ្រប់គ្រងតំបន់ទេសចរណ៍នោះ ដែលធ្វើអាជីវកម្មរួមគ្នាដោយកូរ៉េទាំង២កាលពីគ្រាកន្លងទៅ។
នៅលើភ្នំKUMGANGលោកគីមជុងអ៊ុនក៏ចេញបញ្ជាផងដែរ ឲ្យដកចេញរាល់ទីតាំងដែលមិនគាប់ភ្នែកកសាងដោយកូរ៉េខាងត្បូង ហើយកសាងថ្មីដោយបណ្ដាឧបករណ៍របស់កូរ៉េខាងជើង។ KCNAក្នុងអត្ថបទមួយជាភាសាអង់គ្លេសសរសេរថា ភ្នំទេសចរណ៍KUMGANGត្រូវបានបោះបង់ចោលអស់ពេលជាង១ទសវត្សមកហើយ ខណៈទីតាំងនោះជាកន្លែងទេសចរណ៍ដ៏ល្អប្រសើរ។
អត្ថបទនោះរិះគន់ខ្លាំងចំពោះនយោបាយអាក្រក់ដែលចាំតែពឹងផ្អែកលើកូរ៉េខាងត្បូង ហើយមិនគិតដល់ប្រទេសឯទៀតៗ ពេលប្រទេសពុំទាន់ជាប្រទេសខ្លាំង។ មេដឹកនាំយើងបានណែនាំឲ្យលុបបំបាត់ចោល រាល់ទីតាំងដែលមិនគាប់ភ្នែកកសាងដោយកូរ៉េខាងត្បូង ជាមួយការព្រមព្រៀងរបស់អង្គភាពកូរ៉េខាងត្បូងដែលទាក់ទិន ហើយកសាងទីតាំងទំនើបថ្មីៗទៅតាមបែបផែនរបស់យើង ឲ្យសីុគ្នាជាមួយទេសភាពធម្មជាតិនៃភ្នំKUMGANG។
ទេសចរណ៍នៅភ្ន្នំំKUMGANGចាប់ដំណើរការពីឆ្នាំ១៩៩៨មក ពេលមានភាពធូរស្រាលនៃទំនាក់ទំនងអន្តរកូរ៉េ តែត្រូវបញ្ឈប់វិញនាឆ្នាំ២០០៨ ក្រោយការស្លាប់នារីទេសចរកូរ៉េខាងត្បូងម្នាក់ដោយគ្រាប់កាំភ្លើងរបស់ទាហានកូរ៉េខាងជើងម្នាក់។ កម្មវិធីទេសចរណ៍ត្រូវបានគេមើលឃើញថា ជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ជាមួយប្លុកឧស្សាហកម្មកាអឺសុង ដែលបច្ចុប្បន្នក៏ត្រូវបញ្ឈប់ដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ