រាជធានីភ្នំពេញ៖ តារាកំប្លែងវ័យក្មេងទើបតែពេញក្រមុំកញ្ញានីឡា ក្រៅពីសម្រស់កាន់តែផូរផង់ ជីវិតសិល្បៈកាន់តែល្បី ជីវិតស្នេហារបស់នាងក៏កក្រើកជាទីចាប់អារម្មណ៍របស់មហាជនដែរ ។
បច្ចុប្បន្ននីឡា សាងស្នេហ៍ជាមួយកំលោះវ័យក្មេងប្រហាក់ប្រហែលនាងក្នុងលក្ខណៈប្រាកដប្រជា ដឹងឮដល់ចាស់ទុំទាំងសងខាង ។ ស្នេហានេះអាចនឹងឈានដល់ចូលរោងការក្រាបសំពះផ្ទឹម ។ គូស្នេហ៍ថ្មីនេះ ក្រោយពីនីឡា និងអតីតគូដណ្តឹងជាកូនប្រុសថៅកែល្ខោនបាសាក់ភី សុគន្ឋី គឺលោកផន រង្សី បានចែកផ្លូវគ្នា ។ ចប់ស្នេហ៍ជាមួយនីឡា មក លោករង្សី បានទៅភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តតាកែវ ដូចគ្នា ។ ចំណែកនីឡា រកបានគូស្នេហ៍ថ្មីជាកូនអតីតមន្ដ្រីធំម្នាក់ ។
នីឡា កន្លងមកធ្លាប់បានប្រកាសថា នាង និងគូស្នេហ៍ នឹងរៀបការនៅឆ្នាំ២០២១ ប៉ុន្ដែពេលនេះបានប្ដូរចិត្តថាចង់រៀបការនៅឆ្នាំ២០២០វិញ ។
អ្នកលេងបណ្តាញសង្គមមួយចំនួនវិភាគថាគូស្នេហ៍ថ្មីរបស់នីឡា មើលទៅស្រឡាញ់នាងណាស់ ហើយទំនងមិនងាយទាស់ទែងខ្វែងចិត្តគ្នាឡើយ ស្របពេលដែលកូនស្រីលោកតាវិុចទ័ររូបនេះក៏មើលទៅផ្អែមល្ហែមនឹងគូស្នេហ៍ណាស់ដែរ ។ ដូច្នេះហើយទើបនីឡា មិនចង់ពន្យារពេលរៀបការ ។ បើតាមគម្រោងនីឡា ត្រូវរៀបចំពិធីមង្គលការនៅឆ្នាំ២០២១ តែនាងប្ដូរមកឆ្នាំ២០២០ វិញក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ។
អ្នកគាំទ្រនិយាយទៀតថា នីឡា ចង់ចូលរោងការឆ្នាំក្រោយនេះ ទំនងរំភើបចិត្តឃើញតារាច្រើនគូចូលរោងការយ៉ាងអធិកអធម ហើយនាងចង់សាងសុភមង្គលគ្រួសារមួយ ។ម្យ៉ាងអាចជាពេលវេលាមានរាសីល្អរបស់នាងនាឆ្នាំក្រោយនេះ ។
នីឡា ឃើញតែចូលរួមកំប្លែង ដោយផ្នែកភាពយន្តនាងផ្អាកមួយអន្លើសិនមិនស្រវាដូចពេលពីមុនឡើយ បន្ទាប់ពីរបរផ្នែកលក់ផលិតផលសម្រស់របស់នាងទទួលបានជោគជ័យ មានការគាំទ្រច្រើន ។ ម្យ៉ាងទៀតនាងមានម្ចាស់ចិត្តទើបមិនចង់ឲ្យបុរសណាប៉ះដៃជើងនាំតែរំខានចិត្ត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ