រាជធានីភ្នំពេញ៖ ក្រុមហ៊ុន វីតាល់ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ខ្លួនដោយបុគ្គលិកទាំងអស់មានចំនួនជាង ៨០០ នាក់បានចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រមូលបានថវិកាសរុប ៨៦,១៨០,០០០ រៀល ជូនដល់មូលនិធិ ។ កម្មវិធីចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផានេះបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៩ នៅបរិវេណរោងចក្រផលិតទឹកពិសា វីតាល់ ដោយមានការចូលរួមជាកិត្តយសដោយលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជាពនិងលោកជំទាវអគ្គនាយិការក្រុមហ៊ុន វីតាល់ ព្រមទាំងបុគ្គលិកវីតាល់ ជាច្រើននាក់ផងដែរ ។
លោកជំទាវ ងួន សុខា នាយិការប្រត្តិបត្តមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន វីតាល់ ជាពិសេសថ្នាក់ដឹកនាំដែលមានលោកជំទាវ ជឹង សុគន្ធាវីជាប្រមុខ ដែលតែងតែគាំទ្រយ៉ាងសកម្មនូវសកម្មភាពមនុស្សធម៌ ជាក់ស្តែងដូចកម្មវិធីលើកនេះ វីតាល់ បានក្លាយជាក្រុមហ៊ុនគំរូក្នុងការដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់សរុបជាង ៨០០ នាក់ ចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបម្រូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
លោកជំទាវ ជឹង សុគន្ធាវី បានថ្លែងអំណរគុណដល់បុគ្គលិក វីតាល់ ជាពិសេសថា្នក់ដឹកនាំក្រុមហ៊ុន ដែលបានចូលរួមវិភាគទានជាសមាជិកគាំទ្រច្រើនជាងមួយឆ្នាំ ដែលខ្លះមានចំនួន ៥ ឆ្នាំ ឬ ១១ ឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន ។ សកម្មភាពនេះបានធ្វើឲ្យថវិកានៃការប្រមូលបានមានចំនួនច្រើនជាងការរំពឹងទុក ។
លោកជំទាវ បានបន្ថែមថា កម្មវិធីចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផា នៃបុគ្គលិក វីតាល់ ជាង ៨០០ នាក់នេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើមនៃការសហការរវាង វីតាល់ និងមូលនិធិគន្ធបុប្ផាប៉ុណ្ណោះ ។ វីតាល់ មានការតាំងចិត្តក្នុងការចូលរួមបង្កើតជាគម្រោងសហការណ៍ជាច្រើនបន្ថែមទៀតដើម្បីបរិច្ចាគ និងផ្សព្វផ្សាយ ពីគោលការណ៍នៃមូលនិធិឲ្យកាន់តែទូលំទូលាយក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុន វីតាល់ សង្ឃឹមថានឹងមានក្រុមហ៊ុនឯកជនដទៃទៀតអនុវត្តតាម វីតាល់ ដោយណែនាំបុគ្គលិកឲ្យចូលជាសមាជិកគាំទ្រទៅមូលនិធិ គន្ធបុប្ផាកម្ពុជា ។ ស្របពេលជាមួយគ្នានេះប្រជាពលដ្ឋកម្ពុជាទូទៅក៏អាចចូលរួមចុះឈ្មោះជាសមាជិកគាំទ្រច្រើនជាង ១ ឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន អាច ១៥ ឆ្នាំ ឬ ១០០ ឆ្នាំ ។
លោកអ្នកអាចចុះឈ្មោះចូលជាសមាជិកគាំទ្រ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយទាក់ទងផ្ទាល់ទៅមូលនិធិគន្ធបុប្ឆាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច ឬទាក់ទងតាមលេខទូរស័ព្ទ 061701111 ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ