ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានការ៉ុត គឺល្អណាស់សម្រាប់ភ្នែក!ប៉ុន្តែតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាក្រៅពីការ៉ុតហើយនោះក៏នៅមានអាហារជាច្រើនផ្សេងទៀតដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់រក្សាសុខភាពភ្នែកដែរ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាពង្រឹងសុខភាពភ្នែក ក៏ដូចជាទប់ស្កាត់បញ្ហាភ្នែកនានា ៖
១. ផ្លែក្រូច ៖ ជាប្រភពដ៏ប្រសើរនៃវីតាមីន C កាត់បន្ថយហានិភ័យនៃជំងឺខ្សោយភ្នែក និងជំងឺភ្នែកឡើងបាយ។
២. ត្រីសម្បូរខ្លាញ់ ៖ ដើម្បីការពារប្រឆាំងនឹងជំងឺភ្នែកឡើងបាយ ជំងឺខ្សោយភ្នែក ក៏ដូចជាជំងឺភ្នែកស្ងួត ចូរទទួលទានត្រីសម្បូរខ្លាញ់ដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ រួមមានត្រីសាឌីន ត្រីធូណាត្រីសាលម៉ុននិងត្រី mackerel ឱ្យបានច្រើន។ ប្រសិនបើអ្នកមិនចូលចិត្តទទួលទានត្រីសមុទ្រទាំងនេះ ចូរទទួលទានគ្រាប់ធញ្ញជាតិ និងបន្លែផ្សេងៗដែលជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ឬថ្នាំគ្រាប់ខ្លាញ់ត្រីជំនួសវិញក៏បាន។
៣. សណ្ដែកបារាំង ៖ ជាជម្រើសនៃអាហារដ៏ប្រសើរបំផុតសម្រាប់ភ្នែក នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយសារធាតុ Zeaxanthin និង lutein ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់បញ្ហាភ្នែកនានា។
៤. ផ្នែកពណ៌លឿងនៃស៊ុត ៖ ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុ zeaxanthin និង lutein ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់ ដោយការពារការចុះខ្សោយនៃសសៃបាតភ្នែក។ ប៉ុន្តែត្រូវប្រាកដថា អ្នកជ្រើសរើសទទួលទានស៊ុតធម្មជាតិដែលមានគុណភាពខ្ពស់ទើបទទួលបានអត្ថប្រយោជន៍ពេញលេញមិនប៉ះពាល់សុខភាព។
៥. គ្រាប់ផ្កាឈូករ័ត្ន ៖ មានផ្ទុកសម្បូរទៅដោយជាតិសង្កសីនិងវីតាមីន E ជួយពង្រឹងសុខភាពភ្នែកបង្កើនការមើលឃើញនិងទប់ស្កាត់ជំងឺភ្នែកជាច្រើន។
៦. បន្លែស្លឹកបៃតង ៖ ជាប្រភពដ៏ប្រសើរនៃសារធាតុ zeaxanthin និង lutein ដែលមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឹភ្នែកឡើងបាយ និងជំងឺខ្សោយភ្នែកគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពភ្នែកល្អប្រសើរ ចូរព្យាយាមទទួលទានបន្លែបៃតងឱ្យបានច្រើន។
៧. ដំឡូងផ្អែម ៖ មានផ្ទុកសម្បូរទៅដោយសារធាតុ beta carotene និងវីតាមីន E ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ។
៨. សណ្ដែកកួរ ៖ ក៏ជាប្រភពនៃវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ