ប្រទេសកូរ៉េខាងជើង-ចិន ៖ ក្នុងថ្ងៃទី២នៃទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង របស់ប្រធានាធិបតីចិនលោកស៊ីជីនពីង ទីភ្នាក់ងារព័ត៌មានផ្លូវការណ៍កូរ៉េខាងជើងKCNA កាលពីថ្ងៃទី២១មិថុនា បានដកស្រង់សម្ដីមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនដែលអះអាងថា ទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើងមិនអាចបំបែកបានឡើយ។
លោកគីមជុងអ៊ុនបន្តថា ទស្សនកិច្ចរបស់សម្ព័ន្ធមិត្តចិនជាឱកាសសំខាន់មួយ សម្រាប់ប្រទេសទាំង២បង្ហាញពិភពលោកទាំងមូលថា ទំនាក់ទំនងរបស់យើងមិនអាចបំបែកបាននិងមិនប្រែប្រួល។
លោកស៊ីជីនពីងកាលពីថ្ងៃទី២០មិថុនា ទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយពលរដ្ឋកូរ៉េខាងជើងច្រើនរយពាន់នាក់។ ទស្សនកិច្ចនោះរបស់លោកជាទស្សនកិច្ចដំបូងរបស់ប្រធានាធិបតីចិនមួយរូបក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០០៥មក។
ទស្សនកិច្ចរបស់ប្រធានាធិបតីចិននេះកើតមានខណៈប្រទេសទាំង២ ប្រឈមមុខនឹងការគាបសង្កត់របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំដែលស្វែងរកឲ្យទទួលបានការរំសាយនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនិងសម្បទានពាណិជ្ជកម្មនានាពីសំំណាក់ក្រុងប៉េកាំង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ