ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានចុះទៅចែកជូននូវសម្ភារសិក្សាដល់សិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួនពីរដូចជា សាលាបឋមសិក្សាសម្តេច ហ៊ុន សែន កូនជ្រៃ ដែលស្ថិតនៅស្រុកស្អាង និងសាលាបឋមសិក្សាសំប៉ានក្រោម ដែលស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២ ខែមិថុនានេះ ។
អ្នកស្រីហ៊ូ ហោ នាយិកា សាលាបឋមសិក្សាសំប៉ានក្រោម បានមានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តមែនទែន ។ ខ្ញុំពិតជា ចង់អោយក្រុមហ៊ុនឧបត្ថម ដើម្បីផ្គត់ផ្គង់ការខ្វះខាតដល់សិស្សានុសិស្ស ។ ហើយអ្វីដែលសាលាកំពុងតែខ្វះខាតថែមទៀតនោះ គឺសៀវភៅអំណានបន្ថែមដាក់ក្នុងបណ្ណាល័យ ដើម្បីកូនសិស្សបានអាន។»
កាលពីពេលកន្លងទៅក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication ក៏បានចូលរួមសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនផ្សេងទៀតដូចជា ផ្តល់ជូនសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃដល់បណ្តា សាលារៀនទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាជាដើម ។
លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានលើកឡើងថា សកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននេះ ជាផ្នែកមួយជួយដល់សាលារៀនដែលខ្វះខាតនៅតាមបណ្តាខេត្តនានា ហើយលើកនេះគ្រាន់តែជាការចាប់ផ្តើមរបស់យើងប៉ុណ្ណោះ ។ យើងនឹងបន្តធ្វើសកម្មភាពសប្បុរសធម៌បែបនេះនៅតាមបណ្តាលខេត្តផ្សេងៗទៀត ដើម្បីជួយដល់សាលារៀនដែលខ្វះខាត ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួន តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។ ហើយក្រៅពីការទទួលបានទំនុកចិត្ត និងភាពពេញចិត្តពីសំណាក់អតិថិជនរបស់ខ្លួនដែលធ្វើអោយក្រុមហ៊ុនមួយនេះ រីកចម្រើនឥតឈប់ឈរមក TODAY ក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន ដើម្បីជួយដល់សង្គមជាតិ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ