រាជធានីភ្នំពេញ ៖ ម៉ូតូឃ្លីកបើកបរដោយបុរស២នាក់បោះពួយឆ្លងភ្លើងស្ដុបក្រហម ហើយបានមកបុកម៉ូតូវីវ៉ាក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឱ្យម៉ូតូឃ្លីកដួលច្រងាងនៅលើទ្រូងផ្លូវ រួចអ្នកបើកបរម៉ូតូឃ្លីកបានរកវាយតប់ទៅលើអ្នកបើកបរម៉ូតូវីវ៉ាទៅវិញ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១ មីនា ២០១២ នៅចំណុចផ្លូវ៥៩៨កែងផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូវីវ៉ាបានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូតាមបណ្ដោយផ្លូវ៥៩៨ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវម៉ូតូឃ្លីកបើកឆ្លងភ្លើងក្រហម ក្នុងល្បឿនលឿនផងនោះ មកបុកចំពីមុខម៉ូតូខ្លួន បណ្ដាលឱ្យខ្ទាតម៉ូតូទាំង២ចេញពីគ្នាប្រមាណ៣ម៉ែត្រ។ ប៉ុន្ដែពុំបណ្ដាលឱ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែរលាត់ដៃជើងតិចតួចប៉ុណ្ណោះ។
ក្រោយពីកើតហេតុភាគីអ្នកបើកបរម៉ូតូឃ្លីកម្នាក់បានរកវាយតប់ទៅលើអ្នកបើកបរម៉ូតូវីវ៉ា។ ទោះបែបណាទំនាស់ខាងលើត្រូវបានចែកផ្លូវគ្នាដោយសារតែប៉ូលិសចរាចរខណ្ឌសែនសុខបានចុះទៅវាស់វែង ហើយលើកយកម៉ូតូទាំង២គ្រឿងដាក់លើរថយន្ដយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំការដោះស្រាយ៕
ចែករំលែកព័តមាននេះ