ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរបុគ្គលដែលមានស្មារតីមិនប្រមាទ ព្រោះការត្រៀមកាយ ត្រៀមចិត្ត ត្រៀមទាំងគំនិតទុកឱ្យបានមុននឹង នាំឱ្យចិត្តយើងមិនរន្ធត់ញាប់ញ័រនៅពេលមានបញ្ហាណាមួយចូលមកដល់ ។
ជនណាមិនធ្វេសប្រហែសរមែងត្រៀមនូវអ្វីៗក្នុងដំណើរជីវិតទុកមុនជាស្រេច សូម្បីរឿងចាស់ ឈឺ ស្លាប់ រឿងនិរាសព្រាត់ប្រាស និងរឿងផលកម្ម ដែលតែងតែមានជាប្រចាំគ្រប់ៗគ្នានោះ ក៏អ្នកមិនប្រមាទនោះបានគិតទុកជាស្រេចហើយដែរ លុះដល់ពេលរឿងនោះមកដល់ ចិត្តរមែងស្ងប់រម្ងាប់មិនញាប់ញ័រទៅតាមបញ្ហា គឺចិត្តនៅនឹងថ្កល់ដូចភ្នំព្រះសុមេរុ មិនកម្រើកញាប់ញ័រទៅតាមព្យុះខ្យល់បក់បោកឡើយ ។
ព្រោះហេតុនោះចូរអ្នកកុំប្រមាទក្នុងជីវិត កុំធ្វើឲ្យប្រយោជន៍បាត់បង់ទៅដោយទទេ គឺការប្រយ័ត្ននៅតែជាប់តាមខ្លួនជានិច្ច នោះអ្នកនឹងជាមនុស្សល្អជារៀងរហូត ។
ចូរចាំចុះថា មិនមានអ្នករួមដំណើរណាក្នុងជីវិត ដែលនាំមកនូវការរីករាយឲ្យដូចជាខ្លួនអ្នកជាមនុស្សល្អនោះឡើយ។ ដូច្នេះអ្នកត្រូវតែរួមដំណើរជាមួយនឹងខ្លួនឯងជាមនុស្សល្អជានិច្ច ប្រាកដជាបានសុក្នុងលោកនេះផងនិងបរលោកផង ។
ចែករំលែកព័តមាននេះ