រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈផឹកស៊ីស្រវឹងបានឡើងលើផ្ទះគេកំពុងសាងសង់ ដែលម្ចាស់ផ្ទះមិននៅ ក៏រអិលជើងធ្លាក់បាក់.កស្លាប់ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែ ឧសភា នៅខាងក្រោយវត្តតាំងកសាងខាងជើង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលធ្លាក់ពីលើផ្ទះស្លាប់នេះឈ្មោះ អ៊ុំ វុទ្ធី អាយុ២៨ឆ្នាំ ជាអ្នកបើកបររថយន្តដឹកគ្រឿងសំណង់តាមដេប៉ូ ស្នាក់នៅភូមិកាកាប សង្កាត់កាកាបទី២ និងមានស្រុកកំណើតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
បុរសជាមិត្តភក្ដិផឹកស៊ីជាមួយគ្នាឈ្មោះ យ៉ាន់ ផល្លា អាយុ៣៨ឆ្នាំ ជាជាងសំណង់ការដ្ឋានទល់មុខផ្ទះកើតហេតុខាងលើ និយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានផឹកស៊ីនៅការដ្ឋានសាងសង់ទល់មុខផ្ទះកើតហេតុខាងលើដោយផឹកស្រាអស់មួយយួរគ្នា២នាក់ លុះផឹកស៊ីរួចនៅវេលាម៉ោងប្រហែល១០យប់ គាត់ឃើញជនរងគ្រោះចេញទៅបត់ជើងតូច ។ បន្ទាប់មក ឃើញជនរងគ្រោះឡើងលើផ្ទះកំពុងសាងសង់មួយល្វែង មានកម្ពស់ពីរជាន់ ស្ថិតនៅទល់មុខគ្នាដែលពុំមានមនុស្សនៅចាក់សោចោល ។
ប្រភពព័ត៌មានបន្តទៀតថា ខណៈនោះគាត់បានចូលទៅដេកក្នុងការដ្ឋានរបស់គាត់បាត់ទៅ លុះងើបដឹងខ្លួនជាច្រើនដងឃើញម៉ូតូជនរងគ្រោះនៅក្នុងការដ្ឋានសំណង់របស់គាត់ តែមិនបានចាប់អារម្មណ៍រកមើលជនរងគ្រោះទេ ។ បន្ទាប់មក គាត់ងើបលើកក្រោយមិនបានឃើញជនរងគ្រោះក៏ចេញមកខាងក្រៅ ហើយស្រែករកតែមិនឃើញឡើយ ។ លុះដល់ម៉ោងជាង២រំលងអធ្រាត្រ នឹកឃើញជនរងគ្រោះឡើងផ្ទះកើតហេតុខាងលើ គាត់ក៏ឡើងទៅតាមមើលឃើញជនរងគ្រោះរអិលធ្លាក់នៅនឹងជណ្ដើរបាក់កស្លាប់បាត់ទៅហើយ ទើបទៅប្តឹងសមត្ថកិច្ចភ្លាមៗ ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះកើតហេតុខាងលើ និយាយថា ផ្ទះរបស់គាត់បានជួលជាងសាងសង់ជាច្រើនខែមកហើយ តែមិនទាន់រួចដោយកម្មករមិនមកធ្វើ គាត់ក៏បណ្តេញជាងចេញនៅល្ងាចថ្ងៃទី១២ ខែឧសភា និងចាក់សោផ្ទះចោល ព្រោះកន្លងមកផ្ទះរបស់គាត់តែងតែបាត់របស់របរជាច្រើនលើកមកហើយ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កាកាបទី២ បានទាក់ទងហៅខាងជំនាញចក្ខុក្រុង ដើម្បីធ្វើកោសល្យវិច័យសព រួចហើយប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ