ប្រទេសម៉ាឡេស៊ី ៖ នារីវៀតណាមជាអ្នកជាប់សង្ស័យចុងក្រោយគេលើការធ្វើឃាត លោកគីម ជុងណាម បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន កាលពីថ្ងៃទី១ មេសា ត្រូវបានតុលាការម៉ាឡេស៊ីកាត់ទោសដាក់គុក តែជាទោសលើសការជាប់ឃុំឃាំងបណ្ដោះអាសន្នរូចហើយបន្តិចប៉ុណ្ណោះ។
ដោយកែប្រែបទចោទប្រកាន់លើរូបនាង តុលាការម៉ាឡេស៊ី ធ្វើបែបណាដើម្បីឲ្យនាង DOAN THI HUONG ជាអ្នកជាប់ចោទពីរឿងសម្លាប់លោកគីម ជុងណាម រួមជាមួយនារីឥណ្ឌូណេស៊ីម្នាក់ ទទួលបានការដោះលែងដោយឆាប់រហ័ស។ នាង DOAN THI HUONG ជានារីវៀតណាមទទួលការកាត់ទោស ពីបទធ្វើឃាតលោកគីម ជុងណាម ត្រូវដោះលែងនាខែឧសភាខាងមុខនេះ ក្រោយនាងព្រមទទួលយកការចោទប្រកាន់ថ្មី ជំនួសការចោទប្រកាន់ចាស់ពីបទសម្លាប់មនុស្ស។
លោក TEH POH TEIK មេធាវីម្នាក់ ក្នុងចំណោមមេធាវីរបស់នាង ថ្លែងនៅមុខតុលាការជាន់ខ្ពស់ម៉ាឡេស៊ី ក្រុង SHAH ALAM ក្បែរក្រុងគូឡាឡាំពួរថា កូនក្ដីរបស់គេនឹងបានវិលត្រឡប់ទៅស្រុកវិញ នាសប្ដាហ៍ទីមួយនៃខែឧសភា។ នាង DOAN THI HUONG ជាប់គុកជាង២ឆ្នាំំមកហើយ ចាប់តាំងពីនាងត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៧មក។
នាង THI HUONG អាយុ៣០ឆ្នាំ និងនារីឥណ្ឌូណេស៊ី នាង SITI AISYAH ជាប់ការចោទប្រកាន់ពីបទធ្វើឃាតលោកគីម ជុងណាម ដោយជះសារធាតុពុលខ្លាំងបំផុតមួយលើមុខរបស់លោក នៅព្រលានយន្តហោះក្រុងគូឡាឡាំពួរ កាលពីខែកុម្ភៈ ឆ្នាំ២០១៧។
កាលពី៣សប្ដាហ៍មុន ពេលបើកធ្វើជាថ្មីទៀតសវនាកាត់ទោសនារីជាប់ចោទទាំង២នាក់ តុលាការជាន់ខ្ពស់ក្រុង SHAH ALAM បានសម្រេចដោះលែងនាង SITI AISYAH ប្រាកដណាស់ក្រោយការចរចាខាងការទូតរវាងឥណ្ឌូណេសីុនិងម៉ាឡេស៊ី។ តែពេលនោះតុលាការម៉ាឡេស៊ីបានបដិសេធ មិនលុបចោលការចោទប្រកាន់លើនារីវៀតណាមដែលជាប់ការចោទប្រកាន់ជាមួយគ្នា។
ផ្ទុយពីនាងSITI AISYAH នាងDOAN THI HUONGត្រូវបានតុលាការកាត់ទោស។ បណ្ដារដ្ឋអាជ្ញាស្នើចោទប្រកាន់លើរូបនាងពីបទផ្សេង ពុំមែនបទសម្លាប់មនុស្ស តែពីបទបង្ករបួសស្នាមដោយអាវុធ ឬដោយមធ្យោបាយគ្រោះថ្នាក់។ នារីវៀតណាមរូបនេះនឹងមិនរងការកាត់ទោសប្រហារជីវិត តែអាចជាប់គុករហូតដល់១០ឆ្នាំឬទទួលការបង់ប្រាក់ពិន័យខ្ពស់មួយ។
ពេលនោះនាងព្រមទទួលស្គាល់ទោសកំហុស ហើយត្រូវតុលាការកាត់ទោសដាក់គុក៣ឆ្នាំនិង៤ខែ។ ពេលចៅក្រមប្រកាសទោសនេះ បណ្ដាតំណាងរបស់វៀតណាម ដែលចូលរួមស្ដាប់សវនាការ បានទះដៃអបអរសាទរ៕
ចែករំលែកព័តមាននេះ