ប្រទេសថៃ ះ នាថ្ងៃទី២៤មីនាពលរដ្ឋថៃមានអាយុគ្រប់បោះឆ្នោត ប្រមាណជា៥១លាននាក់ បាននាំគ្នាទៅបោះឆ្នោតសភា ជាលើកដំបូងចាប់តាំងពី៨ឆ្នាំមកហើយ ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤។បណ្ដាគណបក្សប្រឆាំងនិងគណបក្សស្និទ្ធរបបយោធា ត្រូវប្រកួតប្រជែងគ្នាដណ្ដើមយកកៅអីសភាឲ្យបានច្រើន។
ពួកយោធាបានពន្យារពេលការបោះឆ្នោតយូរ ដើម្បីមានពេលគ្រប់គ្រាន់រៀបចំ ខុសគ្នាកាលពីក្រោយរដ្ឋប្រហារឆ្នាំ២០០៦ ដែលពួកយោធាអនុញ្ញាតឲ្យមានការបោះឆ្នោតសភាឆាប់ភ្លាមៗ ដោយជ័យជម្នះបានទៅលើគណបក្សស្និទ្ធត្រកូលសីុណាវ៉ាត្រា។ ពួកយោធាលើកនេះបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ ធ្វើយ៉ាងណាដើម្បីធានាថា ទោះបីក្នុងករណីដែលគណបក្ស ស្និទ្ធអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីណាវ៉ាត្រាឈ្នះ ក្នុងការបោះឆ្នោតសភានាថ្ងៃទី២៤មីនា ក៏សភានៅតែស្ថិតក្រោមការត្រួតត្រារបស់ព្រឹទ្ធសភាមួយ ដែលជ្រើសតាំងដោយពួកយោធាដែរ។
អគ្គលេខាធិការគណៈកម្មាធិការបោះឆ្នោតថៃ លោកJERUNGVICH PHUMMAថ្លែងថា ការិយាល័យបោះឆ្នោតចំនួន៩២.៣២០កន្លែង ត្រូវបានបើកចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១៧ម៉ោងក្នុងស្រុក ហើយលទ្ធផលដំបូងអាចដឹងនាវេលាល្ងាច។
យោងតាមពួកអ្នកសង្កេតការណ៍ថា ច្បាប់បោះឆ្នោតថ្មីបានកម្រិតមិនឲ្យគណបក្សតែមួយ អាចដណ្ដើមបានសំឡេងគ្រប់គ្រាន់ក្នុងសភា។ ពួកឧត្ដមសេនីយសង្ឍឹមរក្សាអំណាច តែគណបក្សប្រឆាំងស្និទ្ធលទ្ធិប្រជាធិបតេយ្យ មួយចំនួនក៏អាចដណ្ដើមបានសំឡេងច្រើន។
កាលពីថ្ងៃទី២៣មីនា ព្រះមហាក្សត្រថៃមហាវ៉ាជីរ៉ាឡុងកន ដែលកម្រចេញធ្វើអន្តរាគមន៍ជាសាធារណៈ ទ្រង់បានអំពាវនាវឲ្យគាំទ្របណ្ដាមនុស្សល្អៗ ដែលអាចរារាំងដល់ការសាបព្រោះភាពចលាចលជ្រួលច្របល់ក្នុងប្រទេស។
តាមពួកអ្នកសង្កេតការណ៍ថា គណបក្សរបស់ឧត្ដមសេនីយប្រាយុទ្ធចាន់អូចា ប្រមុខរបបយោធា ហាក់មានប្រៀប ជាមួយរដ្ឋធម្មនុញ្ញថ្មី អនុម័តកាលពីឆ្នាំ២០១៦ ដែលផ្ដល់អំណាចឲ្យកងទ័ពជ្រើសតាំងសមាជិកព្រឹទ្ធសភាទាំង២៥០រូប។ ចំពោះគណបក្សភឿថៃស្និទ្ធអតីតពួកអាវក្រហម និងគណបក្សឯទៀតៗជាសម្ព័ន្ធមិត្តនៃគ្រួសារត្រកូលស៊ីណាវ៉ាត្រា អាចទទួលបានសំឡេងច្រើន ក្នុងបណ្ដាតំបន់ជនបទក្រីក្រ នៅភាគខាងជើងនិងភាគឦសានប្រទេស៕
ចែករំលែកព័តមាននេះ