ប្រទេសអង់គ្លេស ះ បណ្ដាសមាជិកសភាអង់គ្លេស កាលពីថ្ងៃទី១២មីនាបានបដិសេធជាលើកទី២ កិច្ចព្រមព្រៀងពីការចាកចញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ហៅBREXIT ដែលចរចាគ្នារវាងក្រុងឡុងដ៏និងក្រុងព្រុចសែល ដោយ៣៩១សំឡេង ទល់នឹង២៤២សំឡេងគាំទ្រ។ កិច្ចព្រមព្រៀងនោះត្រូវបានបដិសេធដោយសំឡេងភាគច្រើនម្ដងរួចមកហើយ ដោយសភាអង់គ្លេសកាលពីខែមករា ដោយកាលណោះសំឡេងបដិសេធមានដល់៤៣២ទល់នឹង២០២គាំទ្រ។
ការបដិសេធជាលើកទី២នេះរបស់សភា ធ្វើឲ្យចក្រភពអង់គ្លេសធ្លាក់កាន់តែជ្រៅក្នុងភាពមិនច្បាស់លាស់ ខណៈសល់ពេលតែ១៧ថ្ងៃទៀតដល់កាលបរិច្ឆេទគ្រោងទុក សម្រាប់ការចាកចេញគឺថ្ងៃទី២៩មីនា។ ក្រោយការបោះឆ្នោតរបស់សភានាថ្ងៃទី១២មីនានោះ នាយករដ្ឋមន្ត្រីលោកស្រីTHERASA MAY បានរំឭកថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងដែលលោកស្រីគិតថាល្អប្រសើរពេកហើយ។ លោកJEREMY CORBYNប្រមុខគណបក្សប្រឆាំងគឹគណបក្សការងារ និយាយថាកិច្ចព្រមព្រៀងនេះវាស្លាប់ទៅហើយ។
ទោះបីមានការកែប្រែចុងក្រោយនានា សម្រេចបាន នាពេលមុននេះដោយលោកស្រីTHERASA MAYក្ដី ក៏បណ្ដាសមាជិកសភាគាំទ្រBREXITនៃគណបក្សអភិរក្សនិយមរបស់លោកស្រី បែរជាប្រកាសថាពួកគេនឹងបោះឆ្នោតប្រឆាំងផែនការធ្វើវិសោធនកម្ម ដែលសម្រេចបានបន្ទាប់ពីលោកស្រីទៅជួបនៅក្រុងស្ត្រាស្បួរ កាលពីយប់ថ្ងៃទី១១មីនា ជាមួយលោកJEAN CLAUDE JUNCKER ប្រធានគណៈកម្មាធិការអឺរ៉ុប។
បណ្ដាសមាជិកសភាអង់គ្លេសត្រូវបោះឆ្នោតទៀតនាថ្ងៃទី១៣មីនា លើលទ្ធភាពនៃការចាកចេញពីសហភាពអឺរ៉ុបដោយពុំចាំបាច់មានកិច្ចព្រមព្រៀង ដែលនោះជាសេណារីយ៉ូគេពុំចង់បានឡើយ៕
ចែករំលែកព័តមាននេះ