សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨កុម្ភៈ ប្រកាសផ្ដល់រង្វាន់ចំនួន១លានដុល្លារ សម្រាប់ព័ត៌មានដែលអាចនាំទៅរកឃើញបុរស ឈ្មោះហាមហ្សាប៊ីនឡាដេន ចាត់ទុកជាមេដឹកនាំគន្លឹះម្នាក់របស់អាល់កៃដា។
ចាត់ទុកជាកូនប្រុសសំណប់ចិត្តរហូតដល់ជាអ្នកបន្តវេន របស់អូសាម៉ាប៊ីនឡាដេនស្ថាបនិកអង្គការភេរវកម្មជាប្រភពនៃការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ហាមហ្សាមានឈ្មោះរួចហើយ ក្នុងបញ្ចីខ្មៅអាមេរិក បណ្ដាមនុស្សដែលជាប់ការចោទប្រកាន់ភេរវកម្ម។
យោងតាមក្រសួងការបរទេសអាមេរិកដែលសន្យាពីការផ្ដល់ប្រាក់នោះ ជាថ្នូរនឹងការផ្ដល់ព័ត៌មានដែលអាចកំណត់មុខសញ្ញាឬរកឃើញជននោះនៅប្រទេសណាក៏ដោយថា ហាមហ្សាជាមេដឹកនាំលេចធ្លោម្នាក់របស់អាល់កៃដា។
ក្រសួងការបរទេសអាមេរិក ក្នុងសេចក្ដីប្រកាសមួយនិយាយថា ចាប់តាំងយ៉ាងតិចពីខែសីហាឆ្នាំ២០១៥មក ជននេះបានចេញផ្សាយសារឬវេដេអូតាមអីុនធើរណេត ដោយអំពាវនាវឲ្យធ្វើការវាយប្រហារនានា ប្រឆាំងសហរដ្ខអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច ហើយបានគំរាមវាយប្រហារប្រឆាំងសហរដ្ឋអាមេរិក ដើម្បីជាការសងសឹក ចំពោះការសម្លាប់ឪពុករបស់គេ កាលពីខែឧសភាឆ្នាំ២០១១ ដោយពួកទាហានអាមេរិកនៅប៉ាគីស្ថាន៕
ចែករំលែកព័តមាននេះ