រាជធានីភ្នំពេញ ៖ រថយន្តប្រភេទយីឌុបដឹកទំនិញមួយគ្រឿងបើកបរក្នុងល្បឿនលឿន ស្រាប់តែដាច់ហ្វ្រាំង ជ្រុលចង្កូតបុកចូលផ្ទះកាត់សក់ និងផ្ទះលក់ទូរសព្ទ័ដៃ បណ្តាលអោ រងការខូចខាតសំភារៈមួយចំនួនធំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនុចស្តុបផ្សារថ្នល់បត់ ផ្លូវបេតុងព្រៃស កែងនិងផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទយីឌុបដឹកទំនិញមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ តាកែវ ៣A-១៩៥៩ ធ្វើដំណើរតាមផ្លូវបេតុងព្រៃស ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។
ប្រភពដដែលបានបន្តថា លុះរថយន្តយីឌុបមកដល់ចំណុចកើតហេតុបានបួងចង្កូតឡើងទៅផ្លូវ២១៧ តែដោយសាររថយន្តលឿនពេក ហើយណាមួយហ្វ្រាំងមិនស៊ីផងនោះ ធ្វើអោយរថយន្តជ្រុលបុកចូលផ្ទះកាត់សក់ ធ្លាយទៅចូលផ្ទះលក់ទូរសព្ទ័មួយកន្លែងទៀត បណ្តាលអោយរងការខូចខាតសំភារៈនិងរបស់របរអស់ខ្ទង់ម៉ឺនដុល្លារ តែសំណាងល្អក្នុងហេតុការណ៍នេះ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សដែលដេកនៅខាងក្នុងផ្ទះនោះទេ ។ ភ្លាមៗនោះដែរ គេបានឃើញអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ចេញពីក្នុងរថយន្តនាំរត់គេចខ្លួនបាត់អស់ ។
បន្តិចក្រោយមក គេឃើញកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យមើលការខូចខាត ព្រមទាំងទំនាក់ទំនងហៅខាងជំនាញ់ចរាចរណ៍ក្រុង អោយមកធ្វើវាស់វែងយកទៅរថយន្តបង្កទៅរក្សារទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយម្ចាស់ផ្ទះរងគ្រោះនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ