ខេត្តស្វាយរៀង ៖ អគារថ្មីសន្លាងមួយដែលផុសត្រដែតចំកណ្ដាលក្រុងស្វាយរៀង គឺជាអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្ដមជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាកាដូសម្រាប់ឆ្នាំថ្មីសម្រាប់ទឹកដីខេត្តស្វាយរៀង ។ នៅក្នុងឱកាសនោះយើងសង្កេតឃើញមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលខេត្តស្វាយរៀងម៉ែន វិបុល ផងដែរ ។
លោកនាយកសាខាធនាគារជាតិនៃកម្ពុជាសាខាខេត្តស្វាយរៀងបានឲ្យដឹងថា អគារសាខាធនាគារជាតិនៃកម្ពុជាសាខាខេត្តស្វាយរៀងដែលដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាអគារទំនើបសម័យថ្មីមួយដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និងមានប្រព័ន្ធការពារសន្តិសុខកម្រិតខ្ពស់ផង ។
អគារថ្មីនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ មានបណ្ដោយ២៨ម៉ែត្រ និងទទឹង២៦ម៉ែត្រ តាមរចនាបថជំនាន់ខ្មែរ-បារាំង ហើយអគារនេះគឺជាទី៤ដែលមានរចនាបថបែបនេះបន្ទាប់ពីអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង,ខេត្តកំពត និងខេត្តព្រៃវែង ។
នៅក្នុងពិធីសម្ពោធអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀងនេះដែរ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការរីករាយ អបអរសាទរ និងបានចាត់ទុកសមិទ្ធផលថ្មីនេះវាមិនគ្រាន់តែបញ្ជាក់ពីការរីកចម្រើន និងការធំធាត់របស់វិស័យធនាគារជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀងនេះក៏បានរួមចំណែកដល់ការលើកស្ទួយមុខមាត់ទឹកដីខេត្តស្វាយឲ្យកាន់តែស្រស់ត្រកាលថ្មីមួយកម្រិតថែមទៀត ព្រមទាំងបានចូលរួមចំណែកដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតទទួលបានជ័យលាភីល្អផងដែរ ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដមជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថាអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀងថ្មីនេះនឹងផ្តល់នូវសារសំខាន់ថ្មីមួយទៀតសម្រាប់បម្រើលើវិស័យធនាគារជាតិនៅកម្ពុជាពិសេសសម្រាប់ទឹកដីខេត្តស្វាយរៀងទាំងមូលឲ្យទទួលបានការរីកចម្រើន និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត ។
ឯកឧត្ដមជា ចាន់តូ បានបញ្ជាក់ឲ្យដឹងទៀតថា÷ ការសាងសង់អគារថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ខេត្តស្វាយរៀង និងតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុក៏ដូចជាការជំរុញការលើកកម្ពស់ប្រាក់រៀលឱ្យកាន់ទូលំទូលាយថែមទៀត ។ សមិទ្ធផលថ្មីនេះមិនត្រឹមតែបង្ហាញពីការអភិវឌ្ឍរីកចម្រើនក្នុងប្រពន្ធ័ធនាគាររបស់ខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងបានលើកតម្កើងសោភ័ណភាពក្រុងស្វាយរៀងឲ្យកាន់តែស្រស់ស្អាតថែមទៀងផង ៕ ដោយសហការ
ចែករំលែកព័តមាននេះ