រាជធានីភ្នំពេញ ៖ ការប្រកួតសម្រស់លំដាប់អន្តរជាតិបវរកញ្ញាពិភពលោកឆ្នាំ២០១៨ (Miss Global International 2018) បានបិទបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ខណៈពេលដែលបវកញ្ញាតំណាងឲ្យកម្ពុជាបានជាប់ត្រឹម TOP 10 ។
តំណាងឲ្យបវកញ្ញាកម្ពុជា កញ្ញា ហង្ស សូរិយ៉ាន់ បានបង្ហាញមោទនភាពជាតិទៅកាន់ពិភពលោក បើទោះបីជាកញ្ញាមិនបានគ្រោងមកុដក៏ដោយ ប៉ុន្តែតំណែង Top 10 ក៏ជាចំណាត់ថ្នាក់មួយល្អ ខណៈពេលមានបវកញ្ញាតំណាងប្រទេសប្រមាណ៥០ទូទាំងពិភពលោក បានចូលរួមប្រកួត។
កញ្ញា ហង្ស សុរិយាន់ ពិតជាមានភាពស្រស់ស្អាត និងជឿជាក់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ដោយមិនចាញ់បវរកញ្ញាមកពីប្រទេសផ្សេងៗនោះឡើយ។ កញ្ញាពិតជាបានរៀបចំខ្លួនយ៉ាងល្អក្នុងការតំណាងឱ្យប្រទេសកម្ពុជា ហើយកញ្ញាពិតជាបានបង្ហាញឱ្យពិភពលោកឃើញថា ស្ត្រីខ្មែរមានភាពស្រស់ស្អាត ឈ្លាសវៃ និងប៉ិនប្រសប់ផងដែរ។ នេះគឺជាមោទកភាពមួយដែលកញ្ញាបាននាំមកជូនដល់ជាតិមាតុភូមិ។
បន្ទាប់ពីកម្មវិធីនេះ បញ្ចប់ជាផ្លូវការបេក្ខភាពដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង៥ គឺបានទៅលើបវរកញ្ញា ហុងកុង ជាអ្នកទទួលបានជ័យលាភី ខណៈឯ បវរកញ្ញា កាណាដា ទទួលបានលេខ២ បវរកញ្ញា Uzbekistan ទទួលបានលេខ៣ បវរកញ្ញា Haiti ទទួលបានលេខ៤ និងលេខ៥ បានទៅលើបវរកញ្ញាតំណាងសហរដ្ឋអាមេរិក។
ជាការកត់សម្គាល់ បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់នោះ កញ្ញា ហង្ស សុរិយាន់ បានសសេរសារបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា សូមអរគុណជាខ្លាំងដល់ប្រជាជនកម្ពុជា និងអ្នកគាំទ្រកម្ពុជា រាល់ការគាំទ្រដែលជាកំលាំងចិត្តមិនអាចកាត់ថ្លៃបាន និងអរគុណបន្ទាប់ក្រុមការងារដែលបានជួយជ្រោមជ្រែងជាខ្លាំង។
កញ្ញាបញ្ជាក់ថា ការប្រលងជាអន្តរជាតិ ពិតជាមានអត្ថន័យចំពោះនាងខ្ញុំ និងជនរួមជាតិ ដែលយើងបានឈរលើកជុំទី១១ នៃបេក្ខនារីដទៃទៀត នេះជាមោទនភាព និងជាលើកទី១ សម្រាប់ស្ត្រីកម្ពុជា។ ចុងក្រោយ នាងសូមអរគុណក្រុមគ្រួសារជាទីស្រឡាញ់ដែលបានផ្តល់កម្លាំងចិត្តដល់រូមនាង។
សូមបញ្ជាក់ថា កញ្ញា ហង្ស សុរិយាន់ មានអាយុ២៣ឆ្នាំ កើតនិងធំធាត់នៅរាជធានីភ្នំពេញ កញ្ញាបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកច្បាប់នៅឯសកលវិទ្យាល័យន័រតុនក្នុងឆ្នាំ២០១៥។ ក្រៅពីការសិក្សា ហង្ស សុរិយាន់ តែងតែមានការចាប់អារម្មណ៍លើការបង្ហាញម៉ូត ដោយទទួលបានការគាំទ្រពីក្រុមគ្រួសារ ហង្ស សុរិយាន់ ក៏បានដាក់ពាក្យប្រកួតបង្ហាញម៉ូដលំដាប់ថ្នាក់ពិភពលោក Cambodia Next Top Model កាលពីឆ្នាំ២០១៤។
ហើយបច្ចុប្បន្ននាងមានគម្រោងជាច្រើនដែលជាតារាបង្ហាញម៉ូតមួយរូប ហើយក៏បានចូលប្រឡូកក្នុងការថតរឿងផងដែរ។ កញ្ញា សូរីយាន់ មានកិត្តិយសក៏ដូចជាសេចក្តីត្រេកអរយ៉ាងខ្លាំងដែរត្រូវបានជ្រើសរើសតំណាងឲ្យកម្ពុជា ចូលរួមការប្រកួតប្រជែងដណ្តើមមកុដ MISS GLOBAL 2018 នៅប្រទេសហ្វីលីពីននាពេលនេះ ៕
ចែករំលែកព័តមាននេះ