រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចាប់ឃាត់ខ្លួន ក្រោយពីគេបានធ្វើសកម្មភាពលួចម៉ូតូម៉ាកនិចមួយគ្រឿង ពេលបានហើយយកទៅសង្ងំដេកលាក់ខ្លួននៅក្នុងផ្ទះសំណាក់ ហើយត្រូវម្ចាស់ឆែកមើលតាមប្រព័ន្ធ GPS អង្អុលបង្ហាញបញ្ជាក់ប្រាប់ទីតាំងយ៉ាងច្បាស់លាស់ និងប្តឹងកម្លាំងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍នោះ ។
ករណីចាប់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៣និង១៥នាទីល្ងាច ថ្ងៃទី០៣ ខែ កម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់យីហោ «ឆ្នេរលាភ» ទីតាំងលេខ២៥ ផ្លូវលេខ៤៩៣២ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលចាប់ខ្លួននោះឈ្មោះ ផុន បូរ៉ា អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រីស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះឈ្មោះ លាស់ គឹមសាង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
នគរបាលបានប្រាប់បន្តថា មុនកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១DC-៣៣៧៦ មួយគ្រឿងនៅក្រោយផ្ទះ ដោយចាក់សោ.កទុកយ៉ាងត្រឹមត្រូវ រួចក៏ចូលទៅដេកខាងក្នុងបាត់ទៅ។ លុះពេលភ្ញាក់ពីដំណេកឡើង ជនរងគ្រោះក៏ចេញ មកក្រៅរកម៉ូតូបំណងទៅផ្សាររកទិញញផ្កាមកទុកសែន តែបាត់មិនឃើញក៏ឆែកមើលតាមប្រព័ន្ធ GPS ក៏បានបង្ហាញបញ្ជាក់ប្រាប់ថា «ម៉ូតូរបស់ខ្លួនកំពុងនៅក្នុងផ្ទះសំណាក់យីហោ «ឆ្នេរលាភ»ខាងលើ។
ប្រភពដដែលបញ្ជាក់ថា ភ្លាមនោះបុរសជាម្ចាស់ក៏រត់មកប្តឹងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឱ្យជួយធ្វើអន្តរាគមន៍ចុះទៅមើល ស្រាប់តែប្រទះឃើញម៉ូតូម៉ាក nex មួយគ្រឿងនេះស្ថិតនៅក្នុងបន្ទប់លេខ៣ ដែលជនសង្ស័យបលួចយកមកលាក់ទុក និងសង្ងំដេកលាក់ខ្លួននៅក្នុងផ្ទះសំណាក់ខាងលើមែន។
ក្រោយពេលកើតហេតុ ម៉ូតូមួយគ្រឿងដែលមានភ្ជាប់ប្រព័ន្ធ GPS នេះ ត្រូវបានប្រគល់ទៅឱ្យ បុរសជាម្ចាស់វិញផងដែរ ចំណែកឯជនសង្ស័យជាចោរលួចម៉ូតូម្នាក់ខាងលើ បាននាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
ចែករំលែកព័តមាននេះ