រាជធានីភ្នំពេញ៖ លោកលី ធី ពិធីករលេចធ្លោប្រចាំកម្មវិធីមួយរបស់ទូរទស្សន៍Nice TV បានធ្វើឲ្យសាច់ញាតិ មិត្តភក្តិ និងក្រុមការងារព្រួយបារម្ភដោយសារតែកើតជំងឺខ្ទុះក្នុងច្រមុះធ្ងន់ ។ ក្រុមគ្រូពេទ្យកំពុងតែខិតខំជួយដើម្បីឲ្យបានធូរស្រាល ។ លោកលី ធី ពិធីករកម្មវិធីMoney Hunter របស់ទូរទស្សន៍ក្រសួងមហាផ្ទៃ Nice TV ពេលនេះកំពុងសម្រាកព្យាបាលជំងឺរបស់ខ្លួន ។
តារាសម្តែង និងជាពិធីករលី ធី ដោយសារការធ្វេសប្រហែស ពន្យារពេលជួបជាមួយវេជ្ជបណ្ឌិត បណ្តោលឲ្យស្ថានភាពជំងឺច្រមុះរបស់លោកកាន់តែធ្ងន់ឡើងឈានដល់ការព្រួយបារម្ភ។ លោកនិយាយថា«វាធ្វើទុក្ខខ្លាំងស្ទើរគ្រប់ផ្នែកទាំងអស់នៃរាងកាយ ទាំងផ្លូវដង្ហើម ការឈឺក្បាល និងផ្លូវចិត្តគឺធ្វើឲ្យមួម៉ៅជាដើម »។
ពេលនេះលោកលី ធី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនាខេត្តសៀមរាប ។ ការព្យាបាលនេះគឺពិតជាពិបាកក្នុងការទ្រាំព្រោះតែស្ថានភាពជំងឺស្ទើរតែហួសពេលទៅហើយ ។ លោកត្រូវបន្តចំណាយពេលជាច្រើនខែដើម្បីពិនិត្យតាមដានជំងឺមួយនេះ ។
តាមពេទ្យជំនាញថារោគសញ្ញានៃអាលែកស៊ីច្រមុះ គឺជាការតឹងច្រមុះ រមាស់ច្រមុះ ហៀរសម្បោរ រមាស់ក្រអូមមាត់ រមាស់ក ឈឺក មានស្លេស្មច្រើន ឈឺក្បាល ។ ជំងឺអាឡែកស៊ីច្រមុះនេះគេសង្កេតឃើញថា ២ភាគ៣នៃអ្នកជម្ងឺ ច្រើនតែកើតមានឡើងមុនអាយុ៣០ឆ្នាំ ហើយ ក្មេងៗឧស្សាហ៍កើតជាងមនុស្សចាស់ ។
ជម្ងឺនេះភាគច្រើនបង្កឡើងដោយសារបរិស្ថាន ឬអាចបណ្ដាលមកពីតំណពូជ ។ ការមិនព្យាបាលទាល់ពេលវេលា ជំងឺនេះនឹងផ្តល់ផល ប៉ះពាល់ធ្ងន់ដល់សុខភាពរាងកាយ ។
កាលពីពេលកន្លងទៅមានការចាប់អារម្មណ៍ពីមហាជនចំពោះតារាសម្តែងស្រីស្រស់សោភា កញ្ញាម៉ា នីកា ដោយនាងបានជួបប្រទះជំងឺអាលែកស៊ីច្រមុះធ្ងន់ដូចលោកលី ធី ដែរ ហើយវាស្ទើរតែធ្វើឲ្យនាងបាត់បង់ជីវិត ។ តារាសម្ដែងកញ្ញាម៉ានីកា លេចចេញអាការអាលែកស៊ីច្រមុះធ្ងន់រហូត មានខ្ទុះត្រូវបូមចេញបន្ទាន់ ដូច្នេះហើយនាងខកខានក្នុងការសម្តែងភាពយន្តមួយរយៈ ។
ពិធីករទូរទស្សន៍លោកលី ធី បានជួបប្រទះជំងឺគួរឲ្យបារម្ភនេះ ហើយឆ្លៀតផ្តាំឲ្យមហាជនយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះសុខភាពផ្ទាល់ខ្លួន ។ លោកផ្តាំផ្ញើឲ្យមហាជនទាំងអស់ថែទាំសុខភាពឲ្យបានដិតដល់ និងចាត់ទុកសុខភាពមានតម្លៃជាងដុំមាសដែលមិនអាចមើលរំលង និងធ្វេសប្រហែសបាន ៕
ចែករំលែកព័តមាននេះ