រាជធានីភ្នំពេញ ៖ យោងទៅលើច្បាប់ថវិកាឆ្នាំ២០១៩ ដែលបានអនុម័តរួចហើយនោះ កម្ពុជាគ្រោងនឹងចំណាយ៦,៧ពាន់លានដុល្លារអាមេរិក ដែលមានកំណើន១១,៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨ ហើយក្នុងនោះដែរ កម្ពុជាមានថវិកាប្រមាណ៨០ភាគរយនៃការចំណាយ និងបានខ្ចីពីបរទេសប្រមាណតែ២០ភាគរយទៀតប៉ុណ្ណោះ ដើម្បីបង្គ្រប់សម្រាប់ការចំណាយប្រចាំឆ្នាំ ។
យោងតាមប្រសាសន៍លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំាការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈស្ដី ពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃទី១៥ មករា ថា សម្រាប់ថវិកាដែលកម្ពុជាបានអនុម័តប្រមាណជាង៦,៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៩នេះ កម្ពុជាមានថវិកាប្រមាណ៨០ភាគរយហើយ ហើយក៏បានត្រៀមរួចហើយក្នុងការទទួលកម្ចីពីបរទេសប្រមាណ២០ភាគរយទៀត ដើម្បីបង្គ្រប់នូវការខ្វះខាតរបស់ខ្លួន ។
លោកមានប្រសាសន៍ថា ៖« យើងបានត្រៀមខ្លួនរួចហើយ សម្រាប់ច្បាប់ថវិកាឆ្នាំ ២០១៩នេះ ដោយយើងបានខ្ចីពីបរទេស និងស្ថាប័នហិរញ្ញវត្ថុធំៗមកបង្គ្រប់ ដូចជាធនាគារ ពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន( JICA) និងពីប្រទេសសម្ព័ន្ធមិត្តជាច្រើនទៀត ដូចជាបារាំង ចិន ឥណ្ឌានិងថៃជាដើម » ។ លោកបន្តថា សម្រាប់កម្ចីដែលកម្ពុជាខ្ចីពីបណ្ដាស្ថាប័ន និងប្រទេសទាំងនោះរហូតមកដល់នេះសុទ្ធតែជាកម្ចីមានការអនុគ្រោះទាំងអស់ មិនទាន់មានកម្ចីជាលក្ខណៈពាណិជ្ជកម្មនោះទេ ។
យោងតាមច្បាប់ថវិកាសម្រាប់ឆ្នាំ២០១៩នេះ ចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងប្រមាណ២១.១៨៦ពានលានរៀល ដែលប្រហាក់ប្រហែលនឹង១៩,២៨%នៃផលិតផលក្នុងស្រុកសរុប និងមានកំណើនប្រមាណ១៤% ធៀបនឹងច្បាប់ឆ្នាំ២០១៨ កន្លងទៅ ។ ចំណែកចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោង ២៧.១៦៤ពាន់លានរៀល ឬប្រមាណ៦,៧ពាន់លានដុល្លារអាមេរិក ស្មើនឹង២៤,៧២% នៃផលិតផលក្នុងស្រុកសរុប និងមានកំណើនប្រមាណ១១,៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៨ ។
តាមតួលេខដែលធ្វើបទបង្ហាញដោយមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានចំនួន៧.៨៩៧,៥១លានដុល្លារ ខណៈឆ្នាំ២០១៨ បើតាមតួលេខចុងក្រោយបង្ហាញថា កម្ពុជាជំពាក់បរទេសមានចំនួន៦.៩០០លានដុល្លារអាមេរិក ។
ទោះយ៉ាងណាក្ដី មន្ត្រីជំនាញបញ្ជាក់ថា កម្ពុជានៅមានលទ្ធភាពគ្រប់គ្រាន់ក្នុងការខ្ចីប្រាក់ពីបរទេសមកអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត ។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាEBA ដែលកំពុងមានការជជែកទាំងក្នុងនិងក្រៅប្រទេស និងជាប្រធានបទក្ដៅមួយសម្រាប់ហានិភ័យសេដ្ឋកិច្ច កម្ពុជា លោកវង្សី វិស្សុត បានលើកឡើងថា កម្ពុជាហាក់មិនមានព្រួយបារម្ភប៉ុណ្ណោះទេ ។ លោកមានប្រសាសន៍ថា ៖« ក្នុងរយៈពេលខ្លី វាអាចនឹងប៉ះពាល់ខ្លះ ក៏ប៉ុន្តែយូរៗទៅ វានឹងធ្វើឲ្យខិតខំបន្ថែម ដូច្នេះ វានឹងធ្វើសេដ្ឋកិច្ចយើងខ្លាំងទៅវិញ » ។ លោកបន្ថែមថា ទោះជាយ៉ាងណា យើងនៅតែបន្តចរចាជាមួយអឺរ៉ុបក្នុងការផ្ដល់ EBA មកកម្ពុជាបន្ថែម ទោះជោគជ័យ ឬមិនជោគជ័យក៏ដោយ ។ វាមិនមែនជារឿងស្លាប់រស់របស់កម្ពុជានោះទេ ទោះអត់វាក៏កម្ពុជាមិនស្លាប់ តែបើមានវា ធ្វើឲ្យកម្ពុជា កាន់តែចំណេញច្រើន ដូច្នេះកម្ពុជា នឹងនៅតែជំរុញការចរចាជាមួយភាគីនោះ ឲ្យអស់លទ្ធភាព ។
យោងតាមលោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បានផ្ដល់ជាទស្សនៈមួយថា កម្ពុជាគួរតែបង្កើនការសន្សំក្នុងស្រុក ដើម្បីវិនិយោគវិញ ប្រសើរជាយកការសន្សំពីការក្រៅប្រទេសមកវិនិយោគ។ ជាក់ស្ដែងបច្ចុប្បន្ននេះ បរទេសបានការសន្សំរបស់គេមកវិនិយោគនៅកម្ពុជា ដូចជាចិន និងកូរ៉េជាដើម។ ម្យ៉ាងទៀត សម្រាប់ឆ្នាំ២០១៩នេះ កម្ពុជាក៏គួរតែប្រយ័ត្នប្រយែងខ្ពស់ក្នុងហានិភ័យ សេដ្ឋកិច្ច ដូចជាប្រយ័ត្នប្រយែងក្នុងការផ្ដល់ហិរញ្ញវត្ថុ ទៅកាន់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជាដើម ។
ធនាគារនៃកម្ពុជា ក៏បានចេញជារបាយការណ៍មួយផងដែរពីការប្រយ័ត្នក្នុងការផ្ដល់ហិរញ្ញវត្ថុដែលនាំឲ្យមានវិបត្តិហិរញ្ញវត្ថុ ហើយបណ្ដាប្រតិបត្តិការធនាគារក្នុងស្រុក ក៏បានយល់ស្របទៅនឹងរបាយការណ៍របស់ធនាគារនៃកម្ពុជាផងដែរ ដោយខ្លួននឹងបង្កើនការប្រយ័ត្នឲ្យបានខ្ពស់ក្នុងការផ្ដល់ឥណទានៅកាន់
អតិថិជន ៕
ចែករំលែកព័តមាននេះ