រាជធានីភ្នំពេញ៖ កញ្ញាឈីន រតនៈ ជាតារាដែលសាងស្នាដៃឲ្យមហាជនស្គាល់តាមរយៈការប្រឡងចម្រៀងលំដាប់ពិភពលោកឌឹវ៉យខេមបូឌា ដោយឆ្លងកាត់រហូតវគ្គផ្តាច់ព្រត្រ័។ បើទោះជាពានរង្វាន់បានទៅលើថែល ថៃតែឈីន រតនៈ ជាបេក្ខនារីមានទេពកោសល្យល្អធ្វើឲ្យបេក្ខជនប្រកួតជាមួយគ្នាភ័យមិនស្ទើរទេ ។
ឈីន រតនៈ ត្រូវអ្នកដឹកនាំផលិតកម្មចាត់ចែងរកទីផ្សារការងាររហូតក្លាយជាតារារះចិញ្ចាចគួរឲចាប់អារម្មណ៍ ។ មហាជនចាប់ផ្តើមស្គាល់តារាចម្រៀងឈីន រតនៈ ខ្លាំងអំឡុងពេលនាងប្រឡង ដោយកាលនោះវគ្គដំបូងគេនាងយកបទ«សាក់សូហ្វូនកម្សត់»ជាបទស្រែកចុះឡើងពិបាកខ្លាំង ទាល់តែមានសំឡេងខ្ពស់ និងដាក់អារម្មណ៍ឲ្យល្អទើបបាន ។ ប៉ុន្តែរតនៈបំបែកការចាប់អារម្មណ៍រហូតគ្រូបង្វឹកគោះយកដល់ទៅ៤កៅអី ហើយបទនាងច្រៀងក៏ផ្ទុះនៅតាមបណ្តាញសង្គម ។ តាំងពីពេលនោះមកនាងក្លាយជាបេក្ខនារីមានការចាប់អារម្មណ៍ខ្លាំងពីអ្នកតាមដានទស្សនាកម្មវិធីប្រកួត ។
នៅពេលនេះឈីន រតនៈបានក្លាយជាតារាចម្រៀងលេចធ្លោ ហើយក៏ជាប់កិច្ចសន្យាជាមួយផលិតកម្មធំដែលទស្សនិកជនបានស្គាល់យ៉ាងច្បាស់ ។ នាងបានវិវឌ្ឍខ្លួនទៅមុខជាលំដាប់តាំងពីការស្លៀកពាក់តុបតែងខ្លួន និងការប្រើប្រាស់បច្ចេកទេសសំឡេង ខណៈការច្រៀងលើវេទិកាកាន់តែសម្បូរមានទាំងនៅភ្នំពេញ និងតាមខេត្ត ។
ក្នុងជំនួបពេលថតកម្មវិធីអបអរ«ទិវាជ័យជម្នះថ្ងៃ៧មករា »នៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោ នាពេល ថ្មីៗកន្លងមកកញ្ញាឈីន រតនៈ បានឲ្យដឹងថាចូលដល់ឆ្នាំ២០១៩នេះនាងហាក់មានការផ្លាស់ប្តូរច្រើនលើរបៀបសម្តែងដោយសារយោងលើទីផ្សារ និងរបៀបវិវឌ្ឍរបស់សិល្បៈ ។ នាងនិយាយថា«ភាគច្រើនការសម្តែងរបស់នាងខ្ញុំមានភាពស្រគតស្រគំ គឺច្រៀងផ្តោតលើលក្ខណៈមនោសញ្ចេតនា ។ ពេលអ្នកដឹកនាំផលិតកម្មផ្តូរឲ្យច្រៀងរបៀបរ៉ុកដែលត្រូវប្រើស្ទីលច្រៀងស្រែកខ្លាំងបូកទាំងរាំសម្បូរចាក់ក្បាច់ ធ្វើឲ្យនាងខ្ញុំហាក់លំបាកបន្តិច ។ ម្យ៉ាងទៀតនាងខ្ញុំត្រូវរាំឲ្យត្រូវគ្នាជាមួយក្រុមរាំផងនោះ ក៏កាន់តែលំបាក ។
យ៉ាងណានាងខ្ញុំនឹងប្រឹងដើរផងរត់ផងឲ្យសមតាមតម្រូវការ ព្រោះយើងមិនអាចរត់គេចពីការវិវឌ្ឍខ្លួនបែបសិល្បៈបានឡើយ ហើយយល់ថាវាជាបទពិសោធន៍ថ្មីបន្តទៀតសម្រាប់នាងខ្ញុំដើរលើវិថីនេះ»៕
ចែករំលែកព័តមាននេះ