រាជធានីភ្នំពេញ៖ តារាចម្រៀងមនោ សញ្ចេតនាស៊ូ ដាណេ បានភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែររស់នៅអាមេរិក ។ ដាណេរង់ចាំយូរមកហើយថាថ្ងៃណាមួយនឹងមានបុរសល្អចូលមកជីវិតនាង ។
ស៊ូ ដាណេ គ្រោងចូលរោងការនៅអំឡុងខែកក្កដាឆ្នាំ២០១៩ដែលជាពេលវេលាយូរគួរសម ។ តារាចម្រៀងខ្មៅស្រអែមរូបនេះនិយាយថា «ខ្ញុំមិនរំពឹងថាយើងទាំងពីរមានបញ្ហាអ្វីឡើយក្នុងពេលអារម្មណ៍យល់ចិត្តគ្នាកាន់តែមានការយល់ជ្រៅធ្វើ អ្វីៗសុទ្ឋតែកើតចេញពីការសម្រេចចិត្តដូចគ្នា ។ ខ្ញុំចាត់ទុកថាសំណាងណាស់ទោះជាគាត់វ័យជ្រេបន្តិចតែមើលទៅចរិតគាត់គឺចេះជួយនាងខ្ញុំណាស់មិនមើលនឹងភ្នែក ឃើញអ្វីទើសគាត់ជួយដូចជានៅហាងនាងខ្ញុំគាត់មកមើលជួយធ្វើកិច្ចការគ្រប់យ៉ាងមិនទំនេរដៃ កាន់តែធ្វើឲ្យនាងខ្ញុំស្រឡាញ់គាត់ណាស់»។
ស៊ូ ដាណេ ឲ្យដឹងថាបន្ទាប់ពីភ្ជាប់ពាក្យរួចកាលពីពេល ថ្មីៗកន្លងមកនេះ នាងក៏បានបើកហាងថ្មីមួយមានភាគហ៊ុនជាមួយមិត្តភក្តិ។ ហាងនេះបើកក្នុងលក្ខណៈមិនធំដុំប៉ុន្មានព្រោះធ្វើទៅតាមលទ្ឋភាព ។ នាងស្រឡាញ់អាជីពថ្មីនេះយូរមកហើយដោយគិតថាថ្ងៃណាមានឱកាសនឹងបង្កើតមុខរបរបើកហាងហូបចុក មានស្រាខ្លះៗ និងតន្ត្រីកម្សាន្ត ។
ស៊ូដាណេ និយាយថា«ដោយសារតែនាងខ្ញុំមានរូបភាព ថ្មីៗចូលព្រមគ្នាទើបភ្ជាប់ពាក្យ និងបើកហាងរកស៊ីបែបនេះ ទើបគិតក្នុងចិត្តរួចជាស្រេចដោយពិភាក្សាជាមួយអនាគតស្វាមីពន្យារពេលរៀបការ មិនឆាប់ឡើយគឺពង្រឹងកន្លែងរកស៊ីសិន »។
កញ្ញាស៊ូ ដាណេ ឈ្មោះពិតឆោម ច័ន្ទណេតបើទោះជារៀបការហើយចេញទៅសាងជីវិតថ្មីជាមួយស្វាមីនៅអាមេរិក ក៏នាងគ្រោងមករស់នៅក្នុងស្រុកវិញជាមួយការបង្កើតមុខជំនួញដែលចូលចិត្ត ។
ស៊ូ ដាណេ ត្រូវបានមហាជន និងអ្នកសិល្បៈសរសើរថាជាតារាមានជំនាញសិល្បៈច្រើនក្រៅពីមានសំឡេងច្រៀងស្រដៀងអ្នកស្រីប៉ែន រ៉ន ក៏ចេះរាំរបាំបុរាណ ប្រពៃណី ចម្រៀងយីកេ មហោរី និងស្មូត្រ ធ្វើឲ្យនាងឧស្សាហ៍ឆក់បានឱកាសទៅសម្តែងនៅក្រៅប្រទេសជាបន្តបន្ទាប់។
ស៊ូ ដាណេ និយាយថា ការតស៊ូលើវិថីសិល្បៈរបស់នាងមិនខុសពីខ្សែជីវិតតស៊ូរបស់រៀមច្បងសិល្បៈផ្សេងទៀតទេ ។ ព្រោះតែស្រឡាញ់សិល្បៈកាលនៅវ័យក្មេងនាងតស៊ូទៅហាត់រៀនលំបាកណាស់ ដូចជាជិះកង់ផ្លូវឆ្ងាយជាដើម ។ រស់ក្នុងជីវភាពខ្វះខាត ដូច្នេះហើយម៉ាក់នាងខិតខំរកស៊ីចិញ្ចឹមកូនគ្រប់គ្នា ។ អ្វីដែលនាងចងចាំ កាលនៅហាត់សិល្បៈ គឺរាល់ព្រឹកជិះកង់ពីអគារប៊ូលឌិញទៅរៀនសិល្បៈនៅម្តុំក្តាន់ពីរជាប់ទីស្តីការគណៈរដ្ឋមន្ត្រី ។ ពេលខ្លះទាន់ម៉ោងពេលខ្លះយឺត ៕
ចែករំលែកព័តមាននេះ