រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោក នូ ស៊ិប បាននិងកំពុងតែស្នាក់នៅផ្ទះជួលជាមួយនឹងភាពញាំញីដោយជំងឺ និងជរា បន្ទាប់ពីលោកស្ទើរតែបាត់បង់សមត្ថភាពនៃការច្រៀងអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ដ្បិតប្រឡូកជីវិតជាតារាចម្រៀងជាង៣០ឆ្នាំលោក នូ ស៊ិប ហាក់មិនមានភាពហ៊ឺហានៅក្នុងស្ថានភាពចុងក្រោយនេះឡើយ ដោយស្នាក់នៅផ្ទះជួលជាមួយនឹងជីវភាពខ្វះមុខខ្វះក្រោយ។ ក្នុងវ័យប្រមាណជា៧០ឆ្នាំលោកនូ ស៊ិប បានអះអាងកាលពីពេលថ្មីៗកន្លងមកថា បច្ចុប្បន្នលោកស្ទើរតែបាត់បង់ឱកាសនៅក្នុងការចេញច្រៀងតាមទីកន្លែងផ្សេងៗទៅហើយ ដោយសារតែមិនមានអ្នកហៅជាមួយនឹងភាពចាស់ជរា និងជំងឺប្រចាំកាយផងដែរ ។
ហើយឱកាសនៃការច្រៀងតាមស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានានោះគឺលោកមិនអាចធ្វើបានទៀតឡើយ ហើយការរស់នៅប្រចាំថ្ងៃ គឺពឹងផ្អែកលើប្រាក់ចូលនិវត្តន៍ជាទាហាន និងការជួយជ្រោមជ្រែងពីសប្បុរសជននានាប៉ុណ្ណោះ ។
លោកនូ ស៊ិប ឲ្យដឹងថា លោកមានជំងឺប្រចាំកាយបន្ទាប់ពីរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក ហើយប្រឈមនឹងកង្វះខាតប្រាក់សម្រាប់ព្យាបាល ។
យ៉ាងណាក្តីលោកមិនបានទៅព្យាបាល នៅមន្ទីរពេទ្យណាមួយឡើយ ដោយគ្រាន់តែឲ្យក្មួយរស់នៅជាមួយទិញថ្នាំយកមកព្យាបាលខ្លួនឯង ព្រោះតែលោកធ្លាប់ចេះវិជ្ជាពេទ្យ ខ្លះៗដែរ និងពិសេសជាងនេះក៏ព្រោះតែលោកមិនមានប្រាក់គ្រប់គ្រាន់ក្នុងការព្យាបាល។ ដោយសារស្ថានភាពជីវិតកាន់តែយ៉ាប់នេះ លោកតែងខកខានមិនបានទៅច្រៀងពេលមានគេហៅ ហើយបើផ្អែកលើប្រាក់ចូលនិវត្តន៍នោះមិនអាចគ្រប់គ្រាន់ទេសម្រាប់ការចំណាយរាល់ប្រចាំថ្ងៃ ។
ដោយមានទេពកោសល្យសិល្បៈពីកំណើតលោកនូ ស៊ិប ដែលមានដើមកំណើតនៅខេត្តកំពង់ធំរូបនេះអាចច្រៀងបានទាំងបទសម័យ និងបុរាណ រួមមាន បទយីកេ, បទបាសាក់ និងមហោរីជាដើម ។
មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍លោកនូ ស៊ិប ច្រៀងនៅតាមភោជនីយដ្ឋានពេលរាត្រី ដើម្បីចិញ្ចឹមជីវិត ។ តែដោយសារវ័យរបស់លោកកាន់តែចាស់ និងស្របពេលដែលអ្នកចម្រៀងវ័យក្មេងកាន់តែច្រើន បានធ្វើឲ្យផលិតកម្មមួយចំនួនផ្អាក ឬលែងត្រូវការរូបលោក និងតារាចម្រៀងជើងចាស់មួយចំនួនផងដែរ ។
លោកនូ ស៊ិប បានចាប់ផ្តើមអាជីពជាអ្នកចម្រៀងចាប់តាំងពីឆ្នាំ១៩៨៧មកម៉្លេះ ។ លោកបានថតបទចម្រៀងជាច្រើនបទនៅតាមបណ្តាផលិតជាច្រើន ខណៈពេលដែលលោកគឺជាអតីតទាហាននៅខេត្តកំពង់ធំ ។
លោកនូ ស៊ិប ធ្លាប់បានជួយបណ្ដុះបណ្ដាលតារាចម្រៀងជាច្រើននាក់ ក្នុងនោះក៏មានតារា ថ្មីៗមួយចំនួន ដូចជាតារាចម្រៀងលោកខេម និងគូម៉ា, ម្ចាស់ពានរង្វាន់Cambodian idol រដូវកាលទី១ លោកនី រតនា, ម្ចាស់ពានរង្វាន់The Voice Cambodia រដូវកាលទី២ លោកថែល ថៃ ជាដើម ។ ពួកគេសុទ្ធតែបានចំណេះដឹង និងបទពិសោធន៍ ល្អៗពីលោកនូ ស៊ិប មុនពេលល្បីឈ្មោះនាពេលនេះ ៕
ចែករំលែកព័តមាននេះ