រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងដែលបើកបរដោយបុរសជាមន្ត្រីនគរបាលម្នាក់បានបើកបំពានទៅនឹងស្លាកសញ្ញាចរាចរណ៍ហាមបត់ត្រឡប់ក្រោយ ដោយបានបើកទៅកៀរនឹងម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងកៀបជាប់ទៅនឹងរថយន្តដឹកឥដ្ឋធន់ធំមួយគ្រឿង និងបណ្តាលឱ្យបាក់ក្បាលនាគពុះចែកទ្រូងផ្លូវអស់ចំនួន១កង់ផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងមុខវត្តទួលទំពូង ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ពណ៌ទឹកប្រាក់ ១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ ២AD-៣៨៤២ បើកបរដោយបុរសជាមន្ត្រីនគរបាលម្នាក់ស្លៀកពាក់ស៊ីវិលតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើត ។
លុះមកដល់ចំណុចកើតហេតុ បុរសជាមន្ត្រីនគរបាលរូបនោះក៏បានបើករថយន្តបត់ឆ្វេងក្នុងគោលបំណងបត់ត្រឡប់ក្រោយវិញក៏បានទៅកៀរម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងទៅកៀបជាប់ជាមួយនឹងរថយន្តដឹកឥដ្ឋ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣C-២៣០០ មួយគ្រឿងទៀត និងរុញទៅផ្ទុបជាមួយនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់ចំនួន១កំណាត់ផងដែរ ។
តាមប្រពដដែលបានប្រាប់បន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងដោយសារតែមន្ត្រីនគរបាលម្នាក់ខាងលើបើកបររថយន្តដោយខ្វះការប្រុងប្រយ័ត្ន និងរំលោភលើស្លាកសញ្ញាចរាចរណ៍ដែលហាមបត់ត្រឡប់ក្រោយទើបបណ្តាលអោយទៅកៀរម៉ូតូរ៉ឺម៉កកង់បី រថយន្តដឹកឥដ្ឋជាបន្តាបន្ទាប់បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំដូចគ្នាទាំង៣គ្រឿង និងបាក់ក្បាលនាគពុះចែកទ្រូវផ្លូវអស់មួយកំណាត់បែបនេះផងដែរនោះ តែសំណាងល្អមិនបង្កអោយមនុស្សណាម្នាក់រងរបួសឡើយ ។
ក្រោយពេលកើតហេតុកម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងរកខុសត្រូវ និងធ្វើការដោះស្រាយសម្របសម្រួលគ្នាដោយភាគីខាងមន្ត្រីនគរបាលដែលបើករថយន្តបង្កខាងលើយល់ព្រមយកម៉ូតូរ៉ឺម៉កកង់បី រថយន្តដឹកឥដ្ឋទៅធ្វើការជួសជុលឱ្យ និងយលព្រមចេញសងថ្លៃខូចខាតក្បាលនាគពុះចែកទ្រូវផ្លូវដែលបាក់ជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ ៕
ចែករំលែកព័តមាននេះ