រាជធានីភ្នំពេញ ៖ ក្រុមហ៊ុននាំចូលទូរស័ព្ទម៉ាក Meizu បានបើកដំណើរការនូវមជ្ឈមណ្ឌលសេវាកម្ម និងតាំងបង្ហាញផលិតផលជាផ្លូវការមួយទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីងាយស្រួលដល់អតិថិជនរបស់ខ្លួនចូលមករកសេវាកម្ម និងទស្សនានូវការតាំងបង្ហាញផលិតផល ទូរសព្ទ័ម៉ាក Meizu គ្រប់ម៉ូដែលថ្មីៗ ។ ពិធីសម្ពោធនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត រាជធានីភ្នំពេញ ។
លោកឃុន ហេង ប្រធានផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Meizu បានអោយដឹងថា ការបើកសម្ពោធនូវមជ្ឈមណ្ឌលសេវាកម្ម អតិថិជន និងតាំងបង្ហាញទូរស័ព្ទដៃ Meizu នៅថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយទៀត របស់ខ្លួន ក្នុងការផ្ដល់ទំនុកចិត្តបន្ថែម ដល់ដៃគូអាជីវកម្ម ពាណិជ្ជកម្ម អតិថិជន ដែលគាំទ្រទូរស័ព្ទដៃ Meizu ។ មជ្ឈមណ្ឌលសេវាកម្មនេះនឹងបើកទ្វារបម្រើអតិថិជន យ៉ាងកក់ក្ដៅ ក្នុងមួយសប្ដាហ៍៧ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ។
លោកបន្តថា នេះគឺជាយុទ្ធសាស្ត្រថ្មីមួយទៀតសម្រាប់ Meizu នៅក្នុងប្រទេសកម្ពុជា ក្នុងការពង្រីកទីផ្សារអោយកាន់តែទូលាយ និងអោយអតិថិជនកាន់តែមានភាពងាយស្រួល ព្រោះថា កន្លងមក អតិថិជនរបស់ Meizu នៅមានភាពមិនទាន់ច្បាស់លាស់ ក្នុងការស្វែងរកផលិតផល និងសេវាកម្ម តែពេលនេះ អតិថិជននឹងកាន់តែមានទំនុកចិត្តខ្ពស់ និងអាចស្វែងរកនូវផលិតផលថ្មី និងសេវាកម្មផ្សេងៗ របស់Meizu បានគ្រប់ពេលដែលមានបញ្ហា ។
លោកបន្ថែមថា បច្ចុប្បន្ននេះ ទីផ្សារទូរស័ព្ទរបស់ Meizu នៅក្នុងប្រទេសកម្ពុជា មានចំណែកប្រមាណ១០ភាគរយ ហើយជាចំណែកមួយដែលអាចទទួលយកបានសម្រាប់ទីផ្សារទូរស័ព្ទ ខណៈផលិតផលនេះ ក៏មានផលិតផលជាច្រើនម៉ាក ម៉ូដែលផ្សេងគ្នាផងដែរ ។
គួរបញ្ជាក់ថា នៅក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលសេវាកម្មនេះដែរ ក្រុមហ៊ុន ក៏បានបង្ហាញនូវទូរស័ព្ទដៃ Meizu ស៊េរីថ្មីមួយប្រភេទទៀតជូនដល់អតិថិជនរបស់ខ្លួន គឺទូរស័ព្ទ Meizu M15 Plus ដែលជាទូរស័ព្ទដៃ មានសមត្ថភាពខ្ពស់ជាមួយ អេក្រង់ Super Amoled ទំហំ 5.95អ៊ីញ លាតពេញគែម ត្រជាក់ភ្នែក ដោយមានកាមេរ៉ាភ្លោះ 12+20 មេហ្កាភិចសែល និងកាមេរ៉ាខាងមុខ ២០ មេហ្កាភិចសែល ។ ទូរស័ព្ទថ្មីម៉ូដែលនេះ មាន Ram 6GB និងអង្គផ្ទុកទិន្នន័យ 64GB ថាមពលថ្ម 3500 mAh ៕ ដោយសហការ
ចែករំលែកព័តមាននេះ