បាងកក ៖ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំបានងាកទៅទទួលសេវាពិនិត្យ និងព្យាបាល សុខភាព នៅក្រៅប្រទេស ជាពិសេសគឺសេវាសុខាភិបាលនៅប្រទេសថៃតែម្តង ។ ជាក់ស្តែងអ្នកនាង ដានី វ័យ ៣៥ ឆ្នាំដែលតែងតែចេញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយ នាទីក្រុងបាងកក បានអះអាងថា ប្រជាពលរដ្ឋខ្មែរភាគច្រើន គឺទៅសម្រាកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងខុនដូ នៅតំបន់ ២ ធំៗ នោះគឺ តំបន់ប្រាទូណាម (Pratunam) ទីក្រុងបាកក និងនៅម្តុំអនុស្សាវរីយ៍ ជ័យសមរភូមិ (Victory Monument)។
បើតាមអ្នកនាងដានី វ័យប្រមាណជិត ៤០ ឆ្នាំ និងឧស្សាហ៍ចេញចូលទីក្រុងបាងកក តាមរថយន្តក្រុង ដើម្បីពិនិត្យ និងព្យាបាលជំងឺ បានឲ្យដឹងថា ជាបទពិសោធន៍ផ្ទាល់ខ្លួន គឺតំបន់សំខាន់បំផុតដែលសឹងតែ ៩០ ភាគរយនៃខ្មែរដែលទៅព្យាបាលជំងឺ ក៏ដូចជាអាជីវករ ខ្មែរគឺ និយមស្នាក់នៅតំបន់ប្រាទូណាម ជាពិសេសផ្ទះសំណាក់មួយឈ្មោះ ឌីឌីហោស៍ ខណៈសណ្ឋាគារ និងខុនដូនៅតំបន់ ប្រាទូណាម គឺមានច្រើនណាស់ដែលបង ប្អូនខ្មែរស្នាក់នៅ។
អ្នកនាងដានី បន្តថា៖ «តំបន់ប្រាទូណាមនេះ គឺមានខ្មែរច្រើនណាស់ទៅស្នាក់នៅ មិនថា ទៅពិនិត្យព្យាបាលជំងឺ ឬក៏អ្នកជំនួញលក់ខោអាវនោះទេ គឺនិយមស្នាក់នៅតំបន់នេះណាស់ ព្រោះជាតំបន់សំបូរដោយផ្សារបោះដុំជិតមន្ទីរពេទ្យ ជាពិសេសផ្ទះសំណាក់ និងសណ្ឋាគារ ឬក៏ខុនដូ មានតម្លៃធូរថ្លៃធៀបតំបន់ផ្សេងៗទៀតនៅក្រុងបាងកក» ។ អ្នកនាងបន្តថា សម្រាប់តម្លៃផ្ទះសំណាក់គឺ ៩០០ បាត (ប្រមាណជា 27 ដុល្លារអាមេរិក) ដែលអាចស្នាក់នៅបាន ២ នាក់ជាមួយគ្រែ ២ ។ សម្រាប់តម្លៃខុនដូ និងសណ្ឋាគារដែលអ្នកនាងធ្លាប់ស្នាក់នៅគឺតម្លៃ ១០០០ បាត (30 ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ការស្នាក់នៅ ១ យប់ ។
តំបន់ប្រាទូណាម (Pratunam) គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានភាពចម្រុះពណ៌ និងភាពមមាញឹកបំផុតនៅក្នុងទីក្រុងបាងកក ហើយជាតំបន់ល្បីល្បាញដែលសំបូរទៅដោយហាងលក់ដូរតាមដងផ្លូវ ផ្សារបោះដុំនូវទំនិញគ្រប់ប្រភេទ ដូចជាសម្លៀកបំពាក់ ស្បែកជើង នាឡិកា គ្រឿងអលង្ការ ខ្សែក្រវ៉ាត់ និងឥវ៉ាន់មួយចំនួនទៀត ។
អ្នកនាងបន្តថា៖ «ពេលទៅដល់តំបន់នេះ គឺឃើញសុទ្ធតែជនជាតិខ្មែរដែលជួលផ្ទះសំណាក់ ខុនដូ និងសណ្ឋាគារស្នាក់នៅ សម្រាប់ការស្នាក់នៅរយៈពេលខ្លី ដូចជាខ្ញុំ គឺស្នាក់នៅ ២ យប់ ៣ ថ្ងៃសម្រាប់ការពិនិត្យសុខភាពម្តងៗ ហើយអាចទិញឥវ៉ាន់មានតម្លៃធូរថ្លៃផ្ញើបងប្អូននៅស្រុកផងដែរ» ។
សម្រាប់អ្នកនាង វង្ស ចិន្តា វ័យជាង ៤០ ឆ្នាំ ក៏បានអះអាងថា សម្រាប់រូបអ្នកនាង គឺភាគច្រើនស្នាក់នៅម្តុំអនុស្សាវរីយ៍ជ័យសមរភូមិ (Victory Monument) ព្រោះជាតំបន់សំបូរអាហារតាមដងផ្លូវ ងាយស្រួលរកតាក់ស៊ី ជាពិសេសគឺការធ្វើដំណើរតាមផ្លូវរថភ្លើងលើអាកាស (BTS Train) ។
អ្នកនាង វង្ស ចិន្តា បន្តថា៖ «តំបន់នេះគឺសំបូរបែបនៃអាហារតាមដងផ្លូវ ជាពិសេសបើសិនជាចង់ទៅផ្សារទំនើបៗ និងមន្ទីរពេទ្យគឺងាយស្រួលណាស់ ។ សម្រាប់តម្លៃខុនដូវិញ គឺមិនថ្លៃ តែក៏មិនថោកប៉ុន្មានដែរ គឺមួយយប់តម្លៃ ១៥០០ ទៅ ១៨០០ បាតតាមទំហំបន្ទប់ខុនដូដែលយើងជួល» ។
អ្នកនាងបន្តថា ដោយសារអ្នកនាងនិងក្រុមគ្រួសារនិយមស្នាក់នៅតំបន់នេះ ព្រោះធ្លាប់ជួបខ្មែរៗជាច្រើនស្នាក់នៅម្តុំអនុស្សាវរីយ៍ជ័យសមរភូមិ (Victory Monument) ហើយជាស្ថិតនៅជិតតំបន់ផ្សារទំនើបៗផងដែរ ជាពិសេសបើសិនជាធ្វើដំណើរពីភ្នំពេញទៅទីក្រុងបាងកកប្រទេសថៃ គឺឡានតែងតែឈប់នៅតំបន់ អនុស្សាវរីយ៍ជ័យសមរភូមិ (Victory Monument) និងភាគច្រើនឡានក្រុងពីភ្នំពេញទៅបាងកក គឺទម្លាក់ភ្ញៀវនៅតំបន់ ប្រាទូណាម (Pratunam) ។
យ៉ាងណាមិញ ប្រជាពលរដ្ឋមួយចំនួនដែលមានជីវភាពធូរធា គឺស្នាក់នៅសណ្ឋាគារនៅជិតនឹងមន្ទីរពេទ្យធំៗមួយចំនួនដែលខ្មែរយើងនិយមទៅពិនិត្យ និងព្យាបាលជំងឺ ព្រោះមន្ទីរពេទ្យឯកជនមួយចំនួនធំដែលប្រជាពលរដ្ឋខ្មែរទៅព្យាបាលជំងឺ គឺមានសេវាពន្យាពេលទិដ្ឋាការឲ្យអ្នកជំងឺដល់ទៅ ៩០ ថ្ងៃនៅមន្ទីរពេទ្យ ហើយមន្ទីរពេទ្យទាំងនោះក៏មានសេវាកន្លែងស្នាក់នៅ អាហារដ្ឋាន និងផ្សារក្នុងបរិវេណមន្ទីរពេទ្យតែម្តង៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ