ខេត្តកណ្តាល ៖ ក្នុងរយៈពេល០១ខែប៉ុណ្ណោះនគរបាលក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ បានវែកមុខជនដៃដល់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់បានសម្រេច កាលពីខែមិថុនា បានសម្រេច ហើយជនដៃដល់បានទាញកាំភ្លើងបាញ់ទៅលើនគរបាលចរាចរណ៍ដែលដាក់គោលដៅនៅក្បែរកន្លែងកើតហេតុ ។ តែសំណាងល្អកាំភ្លើងមិនផ្ទុះ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេម៉ោង១៩និង១០នាទីល្ងាច នៅចំណុចភ្លើងស្តុបតាលន់ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពភ្នំពេញ , មុខរបរលក់ខោអាវ ។ ជនល្មើស០៤នាក់ឃាត់ខ្លួនជាក់ស្ដែងបាន២នាក់ គឺឈ្មោះ ណុប ភារ៉ា និងឈ្មោះ ហួច លាងហួរ ចំណែកឯឈ្មោះ មឿង សុផៃ និងឈ្មោះ ចាន់ វណ្ណី (នី) បានគេចខ្លួនបាត់តែម្តង ។ លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចយើងបានស្រាវជ្រាវឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត ឈ្មោះ មឿង សុផៃ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មុខរបរនៅផ្ទះ ក្រោយក៏បានយកមកសាកសួរនៅអធិការដ្ឋាននគបាលក្រុងតាខ្មៅ ។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ មឿង សុផៃ យើងបានឈានទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះ អំ វណ្ណឌី ហៅម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មុខរបរមិនពិតប្រាកដដែលបានលក់អាវុធឲ្យជនល្មើសឈ្មោះ មឿង សុផៃ យកទៅធ្វើសកម្មភាព និងទទួលទិញម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ដែលក្រុមជនល្មើសឈ្មោះ មឿង សុផៃ ប្លន់បាននៅឃុំស្វាយរលំ ស្រុកស្អាង ។
ក្នុងនោះយើងបានចាប់យកវត្ថុតាងដូចខាងក្រោមមានអាវុធខ្លី១ ដើមម៉ាកប៉េអាម៉ាប់ ពណ៌ខ្មៅ លេខAZ២៣៩០ ផលិតនៅប្រទេសសូវៀត បង់ចំនួន១គ្រាប់ចំនួន៥គ្រាប់ សំបកផ្ទុះចំនួន២គ្រាប់ ម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស សេរីឆ្នាំ២០១៨ ផ្លាកលេខភ្នំពេញ១HA- ៥១៦៤ ផ្លាកលេខចំនួន១ លេខភ្នំពេញ១GQ-៣៤៩៥ ប័ណ្ណសំគាល់យានយន្តចំនួន១សន្លឹក កាបូបដៃពណ៌ខ្មៅ ចំនួន១ ប្រាក់ដុល្លារចំនួន៧ដុល្លារ ប្រាក់រៀលចំនួន១៥០០០រៀល កំប៉ុងជ័រចំនួន១ ថង់ក្រណាត់ពណ៌ក្រហមចំនួន១ ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ